សមុច្ច័យ​ពុម្ព​ចម្លាក់ និង​ប្រាសាទខ្មែរ​បាន​តាំងនៅ​សារមន្ទីរ​សិល្ប​អាស៊ី


ខេត្តសៀមរាប ៖ លោក​សាស្ត្រាចារ្យ Pierre BAPTISTE អ្នកជំនាញ​អភិរក្ស​វត្ថុ​សិល្ប​នៃ​សារមន្ទីរ​សិល្ប​អាស៊ី Guimet ប្រទេស​បារាំង​បាន​ធ្វើ​បាឋកថា ចែករំលែក​ចំណេះដឹង​ដល់​មន្ត្រី​-​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ស្តី​អំពី «​សមុច្ច័យ​ពុម្ព​ចម្លាក់ និង​ប្រាសាទខ្មែរ​ដែល​បាន​តាំងនៅ​សារមន្ទីរ​សិល្ប​អាស៊ី Guimet ៖ មណ្ឌល​សម្រាប់​ការងារ​អភិរក្ស​បេតិកភណ្ឌ​ទៅ​អនាគត?​» នៅ​ម​ជ្ឃ​មណ្ឌល​បណ្តុះបណ្តាល​អង្គរ​រយៈពេល​១​ថ្ងៃ​ពេញ នា​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ។

លោក​សាស្ត្រាចារ្យ Pierre BAPTISTE បានឱ្យ​បន្ត​ទៀត​ថា គោលបំណង​នៃ​ការ​បង្រៀន គឺ​ដើម្បី​បង្ហាញ​អំពី​ការ​ប្រមូល​សមុច្ច័យ​បុរាណ​ខ្មែរ​នៅ​ក្នុង​ឃ្លាំង​សារមន្ទីរ​សិល្បៈ​អាស៊ី Guimet ដែល​ជនជាតិ​បារាំង​បាន​ចម្លង​ពុម្ព​រូបចម្លាក់​រូប​ប្រាសាទអង្គរវត្ត​បា​យ័ន្ត និង​ប្រាសាទ​សំខាន់​ៗ​ដទៃ​ទៀត​ក្នុង​សតវត្សរ៍​ទី​១៩ ដើម្បី​យក​មក​តាំងពិព័រណ៍​ពិភពលោក​អំពី​មរតក​វប្បធម៌​ប្រទេស​ដែល​ស្ថិត​ក្នុង​ដែនដី​នៅ​ក្រោម​អាណាព្យាបាល​របស់​ខ្លួន នៅ​ទី​ក្រុងប៉ារីស ហើយ​ក៏​ដើម្បី​អភិរក្ស​រូបភាព​ដើម​នៃ​ប្រាសាទ​ទាំងនោះ និង​បាន​រក្សា​ទុក​រហូត​ដល់​ចុង ស​.​វ​.​ទី​២០ ។

ថ្មី​ៗ​នេះ​ក្រុម​អភិរក្ស​ក៏​បាន​រៀប​គំរូ​ពុម្ព​រូប​ឡើង​វិញ ដើម្បី​រៀបចំ​បង្ហាញ​សាធារណជន​អំពី ទិដ្ឋភាព​រូបភាព​ដែល​មាន​មករ​វាង​ស្ថានភាព​វត្ថុ​សិល្ប​នៅ​លើ​រូប​ពុម្ព​ចម្លង និង​អ្វី​ដែល​កំពុង​កើតឡើង​លើ​ប្រាសាទអង្គរវត្ត​សព្វថ្ងៃ​នេះ ។ ពិត​ណាស់​បន្ទាប់​ពី​១៤០​ឆ្នាំ​មក​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ផ្សេង​ៗ​បាន​ទទួល​រង​គ្រោះ​ច្រើន​ពី​ភ្លៀង និង​មនុស្ស​ធ្វើ​ឱ្យ​ប្រាសាទ​ទាំងនោះ​បាន​បាត់បង់​ផ្នែក​ខ្លះ​នៃ​ក្បាច់ចម្លាក់​ដើម​ដោយសារ​តែ​ដំណើរ​នៃ​ការ​សឹក​រិច​រិល ។

លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា នា​ពេល​អនាគត​យើង​នឹង​សង្ឃឹមថា ពុម្ព​ចម្លង​ទាំងអស់​នៅ​សារមន្ទីរ Guimet នេះ​អាច​ជួយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ស្ថានភាព​វិវត្តន៍​នៃ​ចម្លាក់ និង​ប្រាសាទ​ទាំងនោះ​ក្នុង​រយៈពេល​១៤០​ឆ្នាំ​កន្លង​មកនេះ ព្រោះ​រូប​ពុម្ព​ចម្លង​អាចយ​កមក​សិក្សា​បាន​នូវ​អ្វី​ដែល​យើង​មិន​អាច​យល់ ព្រោះតែ​រូបចម្លាក់​ខ្លះ​បាន​បាត់បង់​រូបរាង និង​កុំឱ្យ​មានការ​ស្មាន​ខុស​ការ​ពិត​លើ​ការ​សិក្សា​សម័យ​ក្រោយ​ៗ ។

ចំណែក​លោក អ៊ឹម សុខ​រិ​ទ្ធី ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​បានឱ្យ​ដឹង​ថា ៖ ការ​ធ្វើ​បទ​បង្ហាញ​ថ្ងៃនេះ គឺ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​អ្នក​ស្រឡាញ់ និង​មាន​អាជីព​ការងារ​លើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ ដើម្បី​ឱ្យ​យើង​យល់​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ពុម្ព​ដែល​ជា​បេតិកភណ្ឌ​ប្លែក​ពី​គេ និង​ការ​អភិរក្ស​វត្ថុ​សិល្ប​។

បើ​តាម​ទ្រឹស្តី​នៃ​សារមន្ទីរ​គេ​អភិរក្ស​វត្ថុ​សិល្បៈ​បុរាណ​មាន​អាយុកាល​រាប់រយ​ពាន់​ឆ្នាំ​តែ​ពុម្ព​ចម្លង​នេះ​មិន​មាន​អាយុកាល​ច្រើន​ទេ តែ​ជា​វត្ថុ​សិល្ប​មួយ​ដ៏​កម្រ​ធ្វើ​ដោយ​មនុស្ស​យ៉ាង​ពិចិត្រ​និង​មាន​ទេព​កោសល្យ ព្រោះ​ពុម្ព​ទាំងនេះ​រៀប​ជា​ខ្នាត​ពិត​មានគុណ​ភាពល្អ ហើយ​វិធី​ធ្វើ​នេះ សព្វថ្ងៃ​ពិភពលោក​ស្ទើរតែ​ភ្លេច​ទាំងស្រុង​ទៅ​ហើយ ។ លោក​បន្ត​ថា នេះ​ជា​វេលា​មួយ​ដែល​បង្ហាញ​ពី​ទស្សនៈ​ថ្មី​វិជ្ជា​ថ្មី​ទៅ​លើ​ការ​អភិរក្ស​វត្ថុ​បុរាណ​ផ្នែក​ពុម្ព​ចម្លង​ដែល​វា​ជា​តម្លៃ​សម្រាប់​ពិចារណា​ក្នុង​ការ​គ្រប់គ្រង និង​សិក្សា​ពី​បេតិកភណ្ឌ ។ វា​អាច​បញ្ជាក់​ពី​ការ​ពិត​នៃ​ប្រវត្តិ​វត្ថុ​សិល្ប​អាច​សិក្សា​ស្រាវជ្រាវ​អភិរក្ស ដើម្បី​ឱ្យ​យើង​ដឹង​ពី​ទេព​កោសល្យ និង​បច្ចេកទេស​ដែល​គេ​ធ្វើ ។

ដូច្នេះ​ហើយ​វា​ដល់​ពេល​មួយ​ដែល​យើង​ត្រូវ​ពិចារណា​រឿង​ធ្វើ​ពុម្ព​ចម្លង​វត្ថុ​សិល្ប​ខ្មែរ​ហើយ ព្រោះ​វត្ថុ​សិល្ប​បុរាណ​ប្រាង្គ​ប្រាសាទ​វា​គង់តែ​បាក់បែក​ក្លាយជា​គំនរ​ថ្ម​នា​ថ្ងៃ​ណាមួយ​មិន​ខាន បើ​រង់ចាំ​ច្រើន​ឆ្នាំ​បន្ត​ទៀត​រហូត​ចម្លាក់​ប្រាសាទ​ទាំងនោះ មាន​ហា​នី​ភ័យ​ខ្ពស់ យើង​នឹង​មិន​អាច​ធ្វើ​បាន​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ