ខេត្តប៉ៃលិន ៖ កូនគោមួយក្បាលមិនទាន់ឈប់បៅដោះមេផង និងមានទម្ងន់ប្រហែល៤០ទៅ៥០គីឡូក្រាម ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពលួចដោយចូលទៅឆក់ឱ្យដួល រួចចាប់វះពោះច្រកក្នុងការ៉ុងបម្រុងដឹកយកទៅលក់នៅក្នុងខេត្តបាត់ដំបង ខណ:ម្ចាស់ចងមេគោទុកចោលនៅក្បែរគម្ពោតព្រៃ លុះប្រជាពលរដ្ឋប្រទះឃើញដឹកការ៉ុងលើម៉ូតូគួរឱ្យសង្ស័យក៏ស្ទាក់សួរ ស្រាប់តែជនសង្ស័យទាំង២នាក់នោះទម្លាក់ការ៉ុងនោះចោល រួចបើកម៉ូតូយ៉ាងលឿនគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៩ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីលោក រី ដារា អធិការនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា ម្ចាស់គោ ឈ្មោះ សួន ធា អាយុ៤០ឆ្នាំ រស់នៅ ភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកជនសង្ស័យមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកបរម៉ូតូ១គ្រឿង គេចខ្លួនបាត់ស្រមោល ។
លោកអធិការនគរបាលស្រុកសាលាក្រៅបានបន្តថា មុនពេលកើតហេតុ គេឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងដោយមានដឹកការ៉ុងមួយធំរាងទ្រវែងនៅផ្នែកខាងមុខអ្នកបើកបរម៉ូតូ ។ ស្របពេលនោះ ធ្វើឱ្យប្រជាពលរដ្ឋមានការសង្ស័យក៏ស្ទាក់សួរនាំ ស្រាប់តែជនសង្ស័យនោះទម្លាក់ការ៉ុងចោលនៅលើផ្លូវ រួចបន្ថែមល្បឿនម៉ូតូបើករត់គេចខ្លួនបាត់តែម្តង ។
លោកអធិការនគរបាលស្រុកសាលាក្រៅបានបន្តទៀតថា ក្រោយពេលប្រជាពលរដ្ឋហែកការ៉ុងមើល ស្រាប់តែឃើញកូនគោមួយក្បាលងាប់បាត់ទៅហើយ ដោយសារត្រូវក្រុមជនសង្ស័យវះពោះរួចញាត់កូនគោនោះចូលទៅក្នុងការ៉ុង និងដេរភ្ជិតការ៉ុងហើយដាក់លើម៉ូតូដឹកយ៉ាងរំភើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានប្រគល់កូនគោដែលងាប់នោះទៅឱ្យម្ចាស់វិញ រីឯជនសង្ស័យទាំង២នាក់ដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានបាត់កូនគោរបស់ ខ្លួន ខណ:ម្ចាស់ចងមេឱ្យស៊ីស្មៅនៅក្បែរគុម្ពោតព្រៃជាប់នឹងផ្លូវ ព្រោះម្ចាស់ជាប់រវល់ការងារផ្ទះ លុះពេលម្ចាស់ទៅដឹកគោឱ្យផឹកទឹក ស្រាប់តែបាត់កូនគោតូចៗរកមិនឃើញ ហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។ សំណាងល្អ នៅឆ្នាំ២០១៩នេះ ពេលប្រជាពលរដ្ឋប្រទះឃើញដឹកការ៉ុងគួរឱ្យសង្ស័យក៏ស្ទាក់សួរនាំ ទើបបែកធ្លាយរឿងជនសង្ស័យដើរលួចកូនគោបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ