ខេត្តពោធិ៍សាត់ ៖ ដោយការយកចិត្តទុកដាក់ចំពោះជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋស្រុកកណ្ដៀង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកជំទាវ បានផ្ដួចផ្ដើមសិក្សាគម្រោងស្ដារស្ទឹងតូចកណ្ដៀងឡើងវិញ ដែលមានប្រវែង៣.៥០០ម៉ែត្រ ចេញពីភូមិស្ថានីយ ឃុំកណ្ដៀង កាត់តាមឃុំស្វាយលួង ដល់ភូមិធ្លក ឃុំស្យា ។

គម្រោងនេះ ត្រូវបានលោកឧកញ៉ា អ៊ុត ធី គាំទ្រទទួលយកអនុវត្តជាអំណោយសប្បុរសធម៌ តាមរយៈលោក ស៊ុយ សែម និងលោកជំទាវ ដើម្បីលើកកម្ពស់ជីវភាព បរិស្ថាន អនាម័យ សុខមាលភាពរបស់ប្រជាពលរដ្ឋ និងដើម្បីកែលម្អសោភ័ណភាពទីប្រជុំជនផងដែរ ។ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ លោក ស៊ុយ សែម និងលោកជំទាវ រួមដំណើរដោយលោកឧកញ៉ា អ៊ុត ធី ជាម្ចាស់អំណោយ និងលោក កែវវ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកណ្ដៀង ដើម្បីសម្តែងការនឹករឭក និងជម្រាបជូនអំពីអត្ថប្រយោជន៍នៃការស្ដារស្ទឹងតូចកណ្ដៀងនេះ ។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានលើកឡើងថា ដោយពិនិត្យឃើញស្ទឹងតូចកណ្ដៀងនេះគោករាក់ពីមួយឆ្នាំទៅមួយឆ្នាំ លោកក៏បានស្នើឲ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត សិក្សាគម្រោងស្ដារឡើងវិញដើម្បីនាំទឹកជូនដល់ប្រជាពលរដ្ឋប៉ែកខាងក្រោមប្រើប្រាស់ ។ បន្ទាប់ពីសិក្សារួច លោកឧកញ៉ា អ៊ុត ធី បានស្ម័គ្រចិត្តជួយស្ដារឡើងវិញដោយទឹកចិត្តស្មោះសរ តាមរយៈរូបលោកផ្ទាល់ ហើយក្រុមការងារក៏បានជួយប្រេង សាំងជាង១.០០០លីត្រចូលរួមដែរ ។

លោក ស៊ុយ សែម បន្តទៀតថា នៅពេលស្ដាររួច ស្ទឹងតូចកណ្ដៀងនេះជាផ្លូវទឹកមួយដ៏សំខាន់ នាំទឹកពីស្ទឹងពោធិ៍សាត់ទៅចែកចាយដល់ប្រជាពលរដ្ឋឃុំកណ្ដៀង ឃុំស្រែស្ដុក និងឃុំស្យា សម្រាប់ប្រើប្រាស់តាមតម្រូវការក្នុងការធ្វើស្រែចម្ការ ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ។ លោករដ្ឋមន្ត្រីបានជម្រាបជូនថា ពីមុននៅផ្សារកណ្ដៀងនេះពុំមានកន្លែងចាក់សំរាមទេ ទើបបងប្អូននាំគ្នាចាក់ចូលទៅក្នុងស្ទឹងបណ្ដាលឲ្យ កកស្ទះ និងប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែឥឡូវនេះអភិបាលស្រុកបានរៀបចំឲ្យមានកន្លែងចាក់សំរាមហើយ ដូច្នេះត្រូវយកទៅចាក់ឲ្យបានត្រឹមត្រូវ ឬប្រមូលដុតក្នុងឡដើម្បីធ្វើជី ។

លោក ស៊ុយ សែម បានថ្លែងអំណរគុណលោកឧកញ៉ា អ៊ុត ធី ដែលមានចិត្តសប្បុរសធម៌ជួយស្ដារស្ទឹងតូចកណ្ដៀងនេះឲ្យដំណើរការឡើងវិញ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ។ ជាមួយគ្នានេះលោកក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនៅជួរមាត់ស្ទឹង ត្រូវមានការយោគយល់អធ្យាស្រ័យ និងសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីការស្ដារស្ទឹងនេះដំណើរការទៅដោយរលូន ៕






ចែករំលែកព័តមាននេះ