អ្នកស្រុក​ខ​ល​ប្រាប់​សមត្ថកិច្ច​តែ វា​យឺត​ពេល​អស់​ទៅ​ហើយ​នៅ​សល់​តែ​គ្រោងឆ្អឹង


ខេត្តព្រៃវែង ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​យក​ផ្ទះក្បឿង​មួយ​ខ្នង នៅ​សល់​តែ​គ្រោងឆ្អឹង ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅផ្ទះ បណ្តាល​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ត្រឹម​ទប់ស្កាត់​មិន​អោយ​រាលដាល ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៩​មិថុនា នៅ​ចំណុច​ភូមិ​ជី​ផុ​ច ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​នេះ ជា​ប្រភេទ​ផ្ទះ​ឈើ ជញ្ជាំង​ក្តារ ប្រក់​ក្បឿង មាន​ទំហំ​៨,៣​ម៉ែត្រ គុណ​៨​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ អ៊ិ​ន រឿ​ន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ រស់នៅ​ជាមួយ​កូនចៅ​ក្នុងផ្ទះ សរុប​៦​នាក់ ។

លោក​នៅ ហាច អធិការ​ស្រុក​មេ​សាង​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​ម្ចាស់ផ្ទះ​បាន​នាំ​គ្នា​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ឃុំ​ច្រេះ​ទាំងអស់​គ្នា​ដោយ​ចាក់សោ​ផ្ទះ​ចោល លុះ​មក​ដល់​ម៉ោង​៥​ល្ងាច មេឃ​ក៏​បាន​ធ្លាក់​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​យ៉ាង​ខ្លាំង ហើយ​ខ្យល់​បាន​បក់​បោក​ខ្សែភ្លើង​កកិត​ជាមួយ​ក្បឿង​ដំបូលផ្ទះ បណ្តាល​អោយ​ដាច់​ឆ្លង​ចរន្តអគ្គិសនី​កើត​ទៅ​ជា​អគ្គិភ័យ​ឆាបឆេះ​តែង​ម្តង ។

លោក​អធិការ​ស្រុក​បាន​បញ្ជាក់​ថា ពេល​ភ្លើង​ចាប់ផ្តើម​ឆេះ​ពី​ដំបូង​ក៏​មាន​អ្នកស្រុក​បានឃើញ​ដែរ ប៉ុន្តែ​ដោយសារ​ពេល​នោះ មេឃ​កំពុង​ភ្លៀង​ផ្គរ​ខ្លាំង​ទើប​គ្មាន​អ្នក​ណា​ហ៊ាន​បើក​ទូរស័ព្ទ ខ​លម​ក​ប្រាប់​សមត្ថកិច្ច​ទេ ព្រោះ​ខ្លាច​រន្ទះបាញ់ គឺ​រហូត​ទាល់តែ​មេឃ​ស្ងប់​ផ្គរ ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ​ទើប​អ្នកស្រុក​ខ​ល​ប្រាប់​សមត្ថកិច្ច​ចេញ​ទៅ​ជួយ​អន្តរា​គម ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ គឺ​បាន​ត្រឹមតែ​ទប់ស្កាត់​មិន​អោយ​ឆ្លង​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ប៉ុណ្ណោះ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ​មិន​បណ្តាល​អោយ​មាន​អ្នក​រង​របួស ប៉ុន្តែ​បាន​ធ្វើ​អោយ​ខូចខាត​អស់ទ្រព្យ​សម្បត្តិ​ជា​ច្រើន ក្នុង​នោះ​បូក​រួម​ទាំង​មាស​ចំនួន​២​តម្លឹង​កន្លះ និង​លុយ​ខ្មែរ​ចំនួន​១១​លាន​៥​សែន​រៀល​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ