ខេត្តព្រះវិហារ ៖ មុំបីជាតំបន់ច្រមុះព្រំប្រទល់នៃប្រទេសកម្ពុជា ថៃ និងឡាវ មានទីតាំងស្ថិតនៅលើដងភ្នំរែក មានខេត្តព្រះវិហារ(កម្ពុជា) ខេត្តអ៊ូប៊ុន(ថៃ) និងខេត្តចំប៉ាសាក់ (ឡាវ) ហើយក៏ជាខេត្តដែលមានទឹកទន្លេមេគង្គឆ្លងកាត់ខេត្តទាំងនេះផងដែរបន្តធ្លាក់ទៅខេត្តស្ទឹងត្រែងបន្តទៀត ។

នៅលើខ្នងភ្នំនៃចំណុចនោះតំណាងប្រទេសទាំងបីបានរួមចិត្ត រួមគំនិតគ្នាកសាងសាលាមួយដោយដាក់ឈ្មោះថា «សាលារួមចិត្ត» ដែលមានជណ្តើរឡើងសាលា និងដំបូលមានហោរជាង៣ទិស និងរូបបដិមាករតំណាងនៃប្រទេសនីមួយៗ តែដោយគ្មានការថែទាំទាំងអស់គ្នា ទើបមានការបែកបាក់ពិតាន និងស្មៅដុះតាមកាំជណ្តើរដូចៗគ្នា រីឯស្លាកសញ្ញាសំគាល់តំណាងប្រទេសនីមួយៗត្រូវរលុបអស់ ព្រោះតែស្ថានភាពភូមិសាស្ត្រនៃតំបន់នៅលំបាកក្នុងការធ្វើដំណើរទៅដល់ដូចៗគ្នា ។

ចំពោះលក្ខណៈភូមិសាស្ត្រខាងទឹកដីកម្ពុជា យើងអាចធ្វើដំណើចេញពីខេត្តព្រះវិហារ ឬពីអន្លង់វែង ខេត្តឧត្តរមានជ័យ ឬពីខេត្តសៀមរាប ទៅស្រុកជាំក្សាន្ត ហើយអាចមើលឃើញតួភ្នំដងរែកកំពុងលាតសន្ធឹងនៅចំពីមុខ ហើយធ្វើដំណើរចេញពីស្រុកជាំក្សាន្តទៅមានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រតែប៉ុណ្ណោះត្រូវទៅដល់ទីនោះដោយមានផ្លូវកៅស៊ូរហូតដល់ជើងភ្នំ និងផ្លូវបេតុងឡើងបន្តទៅលើភ្នំបន្ថែមទៀតទើបទៅដល់ទីបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនលេខ១០៥ របស់ខេត្តព្រះវិហារដែលកំពុងឈរជើងនៅទីនោះ ។

យើងអាចធ្វើដំណើរតាមផ្លូវមួយទៀតតាមបណ្តោយទន្លេមេគង្គដោយចេញពីស្រុកឆែបខេត្តព្រះវិហារព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង បានមកដល់ទីនេះបានដូចគ្នាដែលមានចម្ងាយផ្លូវជិតជាងស្រុកជាំក្សាន្ត តែជាផ្លូវក្រាលគ្រួសក្រហម មកជួបគ្នានៅក្បែរជើងភ្នំហើយរួមផ្លូវគ្នាឡើងទៅចំណុចសាលារួមមិត្តបានដូចគ្នា ។

កងកម្លាំងនគរបាលដែលឈរជើងនៅទីនោះសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃកម្រឃើញមានមនុស្សបានមកដល់ទីនេះណាស់ ពីព្រោះតែលក្ខណៈភូមិសាស្ត្រជាតំបន់ព្រៃភ្នំ ហើយមិនសូវមានគេស្គាល់ឬដឹងតាមប្រព័ន្ធផ្សព្វផ្សាយនោះទេ ហើយពីអតីតកាលមកមិនមានផ្លូវល្អបានមកដល់តំបន់នេះឡើយ ទើបតែពេលនេះមានផ្លូវក្រាលកៅស៊ូរហូតផ្តល់ភាពងាយស្រួលហើយអាចសង្ឃឹមថា ឲ្យបងប្អូនខ្មែរយើងបានមកស្គាល់ទីនេះកាន់តែច្រើនឡើងៗនាពេលខាងមុខ ។

ចំពោះសាលារួមចិត្ត គឺជាឈ្មោះសាលាដែលតំណាងបីប្រទេសដាក់រួមគ្នា ក្នុងកិច្ចការសហការរួមគ្នាថែរក្សាសុខសន្តិភាពព្រំប្រទល់បន្សល់ទុកពីសំណៅដើម ដោយមិនរំលោភបំពានគ្នាទៅវិញទៅមកឡើយ ហើយក៏ជាកន្លែងប្រមូលជួបជុំរបស់ប្រជាជនទាំងបីនៅជិតខាងគ្នាមកសប្បាយរួមគ្នានៅពេលមានបុណ្យទានម្តងៗ តែក្រៅពីថ្ងៃមានបុណ្យទាននិងណាត់គ្នាជាមុន មិនសូវមានមនុស្សចេញចូលឡើយ ពីព្រោះតែលំបាកក្នុងការធ្វើដំណើរផ្លូវឆ្ងាយដូចគ្នា និងត្រូវឡើងភ្នំដោយខាងកម្ពុជាត្រូវដើរឡើងប្រមាណ៣០០ម៉ែត្រពីទីកន្លែងការពារព្រំដែននៅទីនោះ ។

ចំពោះនៅក្នុងសាលារួមចិត្ត មានដាក់តាំងរូបព្រះតំណាងប្រទសនីមួយៗ ខុសតែខាងប្រទេសឡាវដាក់រូបផ្កាឈូកទៅវិញ តែគ្រប់អ្វីៗសុទ្ធតែពាក់ព័ន្ធនឹងវិស័យការគោរពព្រះពុទ្ធសាសនាដូចៗគ្នា ហើយខាងកម្ពុជាបានដាក់បន្ថែមរូបអប្សារានៅពីមុខមួយទៀត តំណាងដោយមាននៅសល់ប្រាសាទជាច្រើនទៀតកំពុងមានស្ថិតកប់នៅក្នុងព្រៃនៅឡើយដែលអាជ្ញាធរកំពុងរុករកបន្ត ជំរុញលើវិស័យថែរក្សាវប្បធម៌ និងអូសទាញវិស័យទេសចរណ៍បែបធម្មជាតិចូលមកបន្ថែមទៀត ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ