សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ​អញ្ជើញពិសា​នំ​បញ្ចុក​សាមគ្គី និង​ឯកភាព​ជាតិខ្មែរ


រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ព្រមទាំង​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​បាន​អញ្ជើញ​ទទួលទាន​នំ​បញ្ចុក​សាមគ្គី សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា នៅ​វិមាន​ព្រឹទ្ធសភា ។ សម្ដេច​វិបុល​សេនា​ភ​ក្កី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​អគ្គ​លេខា​ធិ ការដ្ឋាន​ព្រឹទ្ធសភា ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ច និង​បងប្អូន​កម្មករ កម្មការិនី យ៉ាងច្រើន​កុះករ ។

ការ​អញ្ជើញពិសា​នំ​បញ្ចុក​របស់​ប្រមុខ​ដឹកនាំ​ព្រឹទ្ធសភា​ស្រប​តាម​អនុសាសន៍​សម្តេច​តេ​ជោ «៩​មិថុនា កម្ពុជា​ហូប​នំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិខ្មែរ​» ។ សូម​ម​បញ្ជាក់​ថា​៖ នៅ​ក្នុង​ឱកាស​ថ្លែង​សុន្ទរ​ក​ទៅ​កាន់​និស្សិត​ជ័យ​លា​ភី នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធ​សាស្ត្រ នៅ​កោះ​ពេជ្រ ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អំពាវ​ដល់​សមាជិក សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស សូម​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា នៅ​ថ្ងៃ​ទី​៩ មិថុនា ២០១៩ ជា​ពិសេស​នៅ​តាម​វត្ត​អារាម សូម​រៀបចំ​ចង្ហាន់​នំ​បញ្ចុក​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ផង​ដែរ ។

នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ ចំណែក​ខាង​បងប្អូន​ខ្មែរឥស្លាម និង​ខាង​វិហារ​គ្រឹ​ស្ត​សាសនា​វិញ​ក៏​សូម​អញ្ជើញ​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា ។ ការ​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​៩ មិថុនា ២០១៩​នេះ គឺ​បង្ហាញ​ពី​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ ។

ដោយ​សម្តេច​បាន​រម្លឹក​ថា ៖ សូមកុំ​លាប​ពណ៌​ដាក់​គ្នា ជា​ពិសេស​នំ​បញ្ចុក គឺជា​អាហារ​អត្តសញ្ញាណ​ជាតិ​របស់​យើង ។ ក្នុង​នោះ​សម្ដេច​តេ​ជោ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កុំ​រង់ចាំ​ដល់​ថ្ងៃ​ទី​០៩ មិថុនា បើ​ឃ្លាន​ថ្ងៃនេះ គឺ​សូម​ហូប​ថ្ងៃនេះ​តែ​ម្តង​ទៅ ហើយ​ថ្ងៃ​០៩ មិថុនា យើង​ហូប​ជុំ​គ្នា​ម្ដងទៀត ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អរគុណ​ទុកជា​មុន​ដល់​ម្ចាស់ផ្ទះ​ជួល​កម្មករ និង​រោងចក្រ​សហគ្រាស​នានា ដែល​នឹង​រៀបចំ​នំ​បញ្ចុក​សម្រាប់​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី ហូប​ជុំ​គ្នា​មួយ​ពេល​ឲ្យ​បាន​សប្បាយ​នៅ​ថ្ងៃ​ទី ៩ មិថុនា ២០១៩​នេះ ដែល​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ និង​សាមគ្គីភាព រវាង​ម្ចាស់ផ្ទះ​ជួល និង កម្មករ​កម្មការិនី និង​ជាមួយ​ម្ចាស់​រោងចក្រ​សហគ្រាស​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ញាំ​នំ​បញ្ចុក​ជុំ​គ្នា នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៩​នេះ គឺ​មិនមែន​ជា​ជំហាន​ឆ្ពោះទៅ​រក​ការ​ច​ចារ​នយោបាយ​អ្វី​ឡើយ ប៉ុន្តែ​គឺជា​រឿង​ទទួលទាន​នំ​បញ្ចុក​រួម​គ្នា ដើម្បី​ពង្រឹង​សាមគ្គីភាព មិត្តភាព និង​ឯកភាព​ខ្មែរ​តែ​ប៉ុណ្ណោះ ដោយ​មិន​រើសអើង​បក្សនយោបាយ​ណាមួយ​ឡើយ គឺ​យើង​អាច​ហូប​រួម​គ្នា ។

សូម​បញ្ជាក់​ថា​៖ «៩​មិថុនា កម្ពុជា​ហូប​នំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិខ្មែរ​» គឺ​បង្ហាញ​ពី​ក្តី​គោរព​ស្រឡាញ់ ពេញ​បេះដូង កើត​ចេញពី​ឆន្ទៈ​ប្រជាជន​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស និង​ធ្វើ​អោយ​ក្តី​សប្បាយ​រីករាយ មនោសញ្ចេតនា​រវាង​ប្រជាជន និង​ប្រជាជន , រវាង​ថ្នាក់ដឹកនាំ និង​ប្រជាជន បាន​គ្របដណ្តប​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ