ខេត្តរតនគិរី ៖ បុរសម្នាក់សម្លាប់គេរត់គេចខ្លួន២០ឆ្នាំ មករត់ម៉ូតូឌុបនៅខេត្តរតនគីរី ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម កាលពីឆ្នាំ១៩៩៩ លើយុវជនម្នាក់នៅខេត្តកពង់ចាមត្រូវបានសមត្ថកិច្ចខេត្តរតនគិរីចាប់ខ្លួនតាមដីការបស់តុលាការខេត្តកំពង់ចាម ហើយធ្វើការប្រគល់ជូនសមត្ថកិច្ចខេត្តកំពង់ចាមវិញ ហើយនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរីបានប្រគល់ខ្លួន ។
ជនសង្ស័យម្នាក់ឈ្មោះ ស៊ុយ វី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបររត់ម៉ូតូឌុប និងជាងធ្វើផ្ទះជូនកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម ។
លោកឧត្ដមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ផ្នែកអនុវត្តដីការបានចុះសហការណ៍ជាមួយកម្លាំងអធិការនគរបាលក្រុងបានលុងចាប់ខ្លួនជនសង្ស័យបាននៅចំណុចមុខទ្រីថប ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង តាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ១៩៩ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០០ ចេញដោយលោក ស៊ឹម គុជ ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកំពង់ចាម ។
បើតាមការឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ពីលោក ឈ ឡង់ឌី នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរដ្ឋាន នគរបាលខេត្តកំពង់ចាមថា ជនសង្ស័យមានឈ្មោះ ស៊ុយ វី បានសម្លាប់ជនរង្គ្រោះឈ្មោះ ស៊ី នីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៩៩ ដោយជនរងគ្រោះខឹងនឹងជនសង្ស័យបៀតបៀតកេរ្តិ៍ខ្មាស់លើប្អូនស្រីរបស់ខ្លួន ហើយមានទំនាស់ពាក្យសម្ដីជាមួយជនសង្ស័យបានរយៈពេលជាង១០ថ្ងៃជនសង្ស័យក៏បានយកឈើជ្រុងវាយសម្លាប់ជនង្គ្រោះ នៅក្នុងផ្ទះ (ជនរងគ្រោះ)ដោយរឿងគំនុំនឹងមានគម្រោងគិតទុកជាមុន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការរដ្ឋានខេត្តកំពង់ចាម នាំខ្លួនជនសង្ស័យទៅចាត់កាមវិធីច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ