ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគ្មានប្រភពច្បាស់លាស់ បានឆេះរាលដាលព្រៃសហគមន៍រួចឆ្លងចូលដល់ក្បែរសសរអគាររីស៊ត «ឡងព្រិដ» ធ្វើឲ្យម្ចាស់រីស៊តដ៏ប្រណីតនោះភ័យស្ទើរលស់ព្រលឹង តែត្រូវបានកម្លាំងអន្លត់អគ្គិភ័យរបស់សមត្ថកិច្ចចេញអន្តរាគមន៍ជួយទប់ស្កាត់បានទាន់ពេលវេលា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ មករា ស្ថិតនៅចំណុចភូមិក្ចាំង ឃុំស៊ុង ស្រុកសំឡូត ។

អធិការស្រុកសំឡូត លោក ម៉ែន រីម បាននិយាយពីស្ថានភាពភ្លើងព្រៃនោះប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៩ មករា នេះថា មន្ត្រីក្នុងមូលដ្ឋានតាមធ្វើការស្រាវជ្រាវរកប្រភពដែលនាំឲ្យមានអគ្គិភ័យនោះកើតឡើង តែហាក់គ្មានតម្រុយទេ ។ បើតាមលទ្ធផលបឋមតាមរយៈការស្រាវជ្រាវ អគ្គិភ័យនោះអាចរាលដាលពីទីតាំងផ្សេង នៅតំបន់ភ្នំមួយនៅក្បែរនោះ ដែលជាតំបន់ព្រៃសហគមន៍ ។

លោកអធិការបានបញ្ជាក់ថា យើងរកមុខអ្នកបង្កមិនឃើញ ហើយក៏មិនទាន់ដឹងពីប្រភពនៃការចាប់ផ្ដើមឆេះ ស្រាប់តែឆេះរាលដាលពាសវាលពាសកាល រហូតឆេះចូលដល់ក្បែរសសរអគាររីស៊ត«ឡងព្រិដ» ដែលស្ថិតនៅជាប់តំបន់ក្បែរជើងភ្នំនោះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងទាំងសមត្ថកិច្ច ទាំងអ្នកភូមិ រួមទាំងម្ចាស់រីស៊តនោះផង ។ ដូច្នេះ ដោយយោងលើការស្រាវជ្រាវ យើងអាចសន្និដ្ឋានជំហាបដំបូងថា «អគ្គិភ័យនេះ អាចជាភ្លើងព្រៃ គ្មានអ្នកទទូលខុសងត្រូវ ដែលតែងកើតឡើងបែបនេះស្ទើររាល់ឆ្នាំ ក្នុងរដូវប្រាំង» ។

បើតាមប្រភពប្រជាពលរដ្ឋនៅស្រុកសំឡូតបាននិយាយថា ប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្នុងភូមិសាស្ត្រស្រុកសំឡូត អគ្គិភ័យដែលមានលក្ខណៈជា «ភ្លើងព្រៃ» នេះ បានកើតឡើងជាបន្តបន្តាប់ ដោយកន្លែងខ្លះឆេះរាលដល់ចម្ការ ឬដល់ក្បែរៗផ្ទះអ្នកភូមិ ប៉ុន្តែត្រូវបានអុ្នកភូមិ ឬអ្នកចម្ការដែលរស់នៅក្បែរៗកន្លែងកើតហេតុ ជួយគ្នាពន្លត់បានទាន់ពេលវេលា ។

ទោះយ៉ាងណា ករណីភ្លើងព្រៃឆេះរាលដាលជិតដល់ជើងសសរអគាររីស៊ត «ឡងព្រិដ» ដ៏ប្រណីតខាងលើនេះ លោកថៅកែរីស៊តហាក់បានធូរទ្រូងខ្លាំងណាស់ ក្រោយសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទប់ស្កាត់បានទាន់ពេលវេលា មិនឲ្យឆេះចូលដល់បរិវេណ ឬបន្ទប់ស្នាក់នៅក្នុងរីស៊ត បើមិនដូច្នេះទេ ទីតាំងរីស៊តនេះ ប្រាកដជាក្លាយជាផេះមិនខាន ។

បើតាមលោក ម៉ែន រីម បានបញ្ជាក់ថា ស្ថានភាពនៅជុំវិញរបងរីស៊តនោះ មិនសូវមានដើមឈើធំៗទេ ភាគច្រើនជា «ស្មៅ» ដែលងាយនឹងឆាបឆេះបំផុត តែសំណាងល្អ ដែលរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកទប់ស្កាត់មិនឲ្យឆ្លងរាលដាលទាន់ពេលវេលា បើមិនដូច្នេះទេ រីស៊តនោះច្បាស់ជាជួបគ្រោះមហន្តរាយធ្ងន់ធ្ងរជាមិនខាន ។

ជាមួយគ្នានេះដែរ តាមរយៈកោះសន្តិភាព លោកអធិការក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឬអ្នកចម្ការ ឬអ្នកដើរព្រៃរុករកសត្វ រកឃ្មុំ សូមមេត្តាកុំដុតព្រៃ ដុតស្មៅ ឬចោលកន្ទុយបារីចូលព្រៃ ឬចោលលើស្មៅ ដែលនាំបង្កឲ្យក្លាយជាអគ្គិភ័យឆេះរាលដាលធ្ងន់ធ្ងររហូតឆ្លងដល់ចម្ការដំណាំ ឬផ្ទះសម្បែងដែលនាំឲ្យមានមហន្តរាយធ្ងន់ធ្ងរ ដែលយើងមិនអាចជួយសង្គ្រោះបាន ៕
ចែករំលែកព័តមាននេះ