ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលដើរទៅដាក់អង្គុបកណ្តុរនៅមាត់ព្រែក ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី៦ មិថុនា ឆ្នាំ២០១៩ នៅចំណុចចុងព្រែករំលេច ស្ថិតក្នុងភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ យាន យាត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសាររបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅដាក់អង្គុបកណ្តុរនៅមាត់ព្រែករំលេច ពេលដាក់អង្គុបកណ្តុរមិនទាន់រួចផង ស្រាប់តែមេឃក៏ធ្លាក់ភ្លៀងយ៉ាងខ្លាំង លាយឡំនឹងផ្លេកបន្ទោរផងដែរ ហើយទំនងជាជនរងគ្រោះខ្លាច មានគ្រោះថ្នាក់ ទើបត្រឡប់មកផ្ទះវិញ ប៉ុន្តែមកមិនទាន់ដល់ផ្ទះផង ក៏ត្រូវរន្ទះបាញ់ចំ បណ្តាលអោយស្លាប់តែម្តង។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិដឹកយកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ