​ស្តូបអនុស្សាវីរីយ៍​ដែលបោះបង់​ជាង​កន្លះ​សតវត្សរ៍…


ខេត្តស្ទឹងត្រែង ៖ សម្តេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គា​រ៍ គង់ សំ​អុល ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ
មន្ត្រី​ក្រសួងព្រះបរមរាជវាំង កាលពី​សៀ​ល​ថ្ងៃ​ទី​៤ មិថុនា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងព្រះបរមរាជ
វាំង អញ្ជើញ​ចុះ​ពិនិត្យ​ស្តូប​ដែល​បាន​កសាង​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ១៩៦៨ ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​
បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ដែល​ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក
បុរី​អូរ​ស្វាយ​សែន​ជ័យ ដែល​ទើប​បង្កើត​ថ្មី​នៅ​ខេត្តស្ទឹងត្រែង ។

សម្តេចចៅហ្វា​វាំង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​បាន​មាន​ប្រសាសន៍​ថា ស្តូប​អនុ​ស​្សាវ​រ​ីយ៍​នេះ​ ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះ​អង្គ​បាន​កសាង​ឡើង​ក្នុងអំឡុងពេល​ដែល​ព្រះ​អង្គ​បាន​ឡើង​គ្រងរាជ្យ និង​បង្កើត​សហគមន៍​បូ​រី​អូរ​​ស្វាយ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ឡាវ​ដែល​បច្ចុប្បន្ន​ជា​ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ។

សម្តេចចៅហ្វា​វាំង គង់ សំ​អុល បាន​បញ្ជាក់​ថា ស្តូប​នេះ​ ត្រូវ​បាន​ក្រសួងព្រះបរមរាជវាំង​យកចិត្តទុកដាក់ និង​ស្ថាបនា​ជួសជុល​ឡើង​វិញ ដើម្បី​ថែរក្សា​និង​អភិរក្ស​ឲ្យ​កូនចៅ ចៅទួត របស់​ព្រះ​មហា​វរ​ក្សត្រ​បាន ឃើញ​ពី​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះ​អង្គ ក្នុង​បុព្វហេតុ​កសាង ការពារ​ទឹកដី​ខ្មែរ ព្រមទាំង​បាន​បង្ហាញ​ពី​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​វររាជ​បី​តា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ការ​កសាង សមិទ្ធផល​នានា ក្នុងស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ រួម​ទាំង​សមិទ្ធផល​នានា​ជា​ច្រើន​ទៀត​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ។

ឱកាស​នោះ​ដែរ​សម្តេចចៅហ្វា​វាំង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ខេត្ត រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ និង​បន្ត​ថែរក្សា​នូវ​រាល់​សមិទ្ធផល​ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ រួម​ទាំង​សមិទ្ធផល​នានា​ជា​ច្រើន​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

តាម​ការ​ដកស្រង់​ចេញ​ពី​សៀវភៅ សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌​(​សេ​ប៉ា CEPA) ៖ ភូមិ​អូរ​ស្វាយ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​១៩៦៤ ដោយសារ​មាន​ទាហាន​១៩​នាក់ ដែល​រៀបចំ​ឡើង​ដោយ​សម្តេចព្រះ​នរោត្តម សីហ​នុ ដើម្បី​ឱ្យ​ទាហាន​ចាស់​ៗ ដែល​ចូល​និវត្តន៍​មក​រស់នៅ និង​ដើម្បី​ការពារ​ព្រំដែន​ផង ។ ៦​ខែ​ក្រោយមក​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​បញ្ជូន​ប្រជារាស្ត្រ​មក​ពី​បណ្តា​ខេត្ត​នានា ដូច​ជា​ខេត្តតាកែវ ស្វាយ​រៀង កណ្តាល ព្រៃវែង និង​កំពង់ចាម និង​ទាហាន​ចូល​និវត្តន៍​ប្រហែលជា​៣០០​គ្រួសារ​រួម​ទាំង​ទាហាន​កងអនុសេនាធំ​លេខ​២ កាលពី​ជំនាន់​មុន ។

កា​បញ្ជូន​ប្រជាជន មន្ត្រីរាជការ និង​ទាហាន​ឱ្យមក​រស់នៅ​ក្នុង​តំបន់​នេះ គឺ​ក្នុង​បំណង​ថែរក្សា និង​ការពារ​ទឹកដី​កុំឱ្យ​បរទេស​ឈ្លានពាន ។ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាជន និង​មន្ត្រីរាជការ​ដែល​សម្រេច​ចិត្ត​ទៅ​រស់នៅ​ក្នុង​តំបន់​នេះ សម្តេចព្រះ​នរោត្តម សីហ​នុ បាន​បង្កើត​ឱ្យ​មាន​ទីក្រុង​រណប សម្រាប់​ខេត្តស្ទឹង​ត្រែង​មួយ ដោយ​រៀបចំ​ទីផ្សារ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ព្រ​លាន​យន្តហោះ ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ និង​ភូមិដ្ឋាន​សម្រាប់​កងទ័ព និង​ប្រជាជន​រស់នៅ​យ៉ាង​សមរម្យ ។ ទីក្រុង​រណប​នោះ​ត្រូវ​បាន​ប្រជា​ជន​និយម​ហៅ​ថា បូ​រី​អូរ​ស្វាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ដែល ស្ថិត​នៅ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្ន​យើង​អាច​ឃើញ​សំណង់​ចាស់​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​បាក់បែក​មួយ​ចំនួន​ដែល បន្សល់​ទុក​ពី​ជំនាន់​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ដូច​ជា​ផ្លា​ក​សញ្ញា​ផែនការ​៥​ឆ្នាំ របស់​សង្គមរាស្ត្រនិយមស្តូប​​រូប​សម្តេចព្រះ​នរោត្តម សីហ​នុ និង​របង​សាលារៀន​ជាដើម​ដែល​បោះបង់​ចោល​ប្រមាណ​៥០​ឆ្នាំ​មក​ហើយ ។

មន្ទីរពេទ្យ ព្រ​លាន​យន្តហោះ ផ្លា​ក​សញ្ញា​ផែនការ​៥​ឆ្នាំ ស្តូប​រូប​សម្តេចព្រះ នរោត្តម សីហ​នុ ចាស់​ៗ​ត្រូវ
​បាន​បោះបង់​ចោល​ជា​ច្រើន​ឆ្នាំ គ្មាន​អ្នក​ណាមួយ​ចាប់អារម្មណ៍​ឡើយ ។ លុះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​មាន​ផ្លូវ មាន​ស្ពាន​ធ្វើ​ដំណើរ​ស្រួល​ធ្វើ​ឱ្យ​អ្នកទេសចរ​ចូល​ទៅ​ដល់​ហើយ​ប្រទះ​ឃើញ ក៏​មានការ​ចាប់​អារម្មណ៍ និង​ផ្សព្វផ្សាយ​ត​ៗ​គ្នា​ដោយ​បាន​បង្ហោះ​រូបភាព​តាម Facebook មាន​ភាព​ល្បី​រន្ទឺ ធ្វើ​ឱ្យ​មហាជន​ចង់​​មក​ទស្សនា​គ្រប់​ៗ​គ្នា ៕ ​(សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ