តាមប្រភពពី Shanghaiist បានឱ្យដឹងថា សហគ្រិនរូបិយប័ណ្ណគ្រីបតូចិនបានធ្វើការដេញថ្លៃឈ្នះ បានឱកាសទៅហូបបាយថ្ងៃត្រង់ជាមួយមហាសេដ្ឋីពិភពលោក Warren Buffett ក្នុងតម្លៃ៤.៥៧លានដុល្លារអាមេរិក ហើយប្រាក់ទាំងនោះ នឹងត្រូវបានគេយកធ្វើអំពើសប្បុរស ។

Justin Sun អាយុ២៨ឆ្នាំ ដែលជាស្ថាបនិករូបិយប័ណ្ណគ្រីបតូ Tronix នៅចិន បានសរសេរនៅលើ Twitter កាលពីថ្ងៃចន្ទថា «ខ្ញុំសុំប្រកាសជាផ្លូវការថា ខ្ញុំបានឈ្នះឱកាសទៅទទួលទានអាហារជាមួយនឹងលោក Warren Buffett ។ ខ្ញុំនឹងអញ្ជើញប្រធានខាង blockchain ទាំងអស់ ទៅជួបនឹងគាត់ ដែលអាចចាត់ទុកជាការវិនិយោគមួយដ៏ធំ។ ខ្ញុំសង្ឃឹមថា វានឹងអាចផ្តល់ប្រយោជន៍ដល់អ្នកទាំងអស់គ្នា» ។
Sun នឹងអញ្ជើញមនុស្ស៧នាក់ ដើម្បីឱ្យទៅទទួលទានអាហារជាមួយនឹង លោក Buffett នៅហាងលក់សាច់គោស្តេក Smith & Wollensky ក្នុងទីក្រុងញ៉ូវយក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ លោក Buffett ធ្លាប់រិះគន់ទៅលើផ្នែករូបិយប័ណ្ណគ្រីបតូពីមុនមក ហើយពេលនេះ មកត្រូវទទួលទានជាមួយនឹងមនុស្សមកពីផ្នែកនេះជាច្រើននាក់ទៀត។
គួរបញ្ជាក់ផងដែរថា Tronix ដែលគេស្គាល់ថាជា Tron ឬ TRX បានចាប់ផ្តើមនៅឆ្នាំ២០១៧ ដោយ Sun។ ពេលនេះ វាមានតម្លៃ ២.៥៦ពាន់លានដុល្លារ និង ឈរលើលំដាប់ទី១០នៅលើពិភពលោក៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ