ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​បាណ​ន់​រំពឹង​អ្វី​ទៅ? ​បើ​ចោរប្លន់​អត់​​មាន​អ្នក​​ខ្វល់​..!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អំពើ​ប្លន់​មួយ​ដែល​បង្ក​ឡើង ​ដោយ​ជន​មិន​ស្គាល់​មុខ​ចំនួន​២​នាក់ ដែល​ត្រូវ​គេ​បិទ​យ៉ាង​ស្ងាត់ឈឹង​ អស់​រយៈពេល​ជិត​១​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ក្នុងស្រុក​បាណ​ន់ តែ​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា ដោយសារ​តែ​គេ​មិនឃើញ​មាន​ចំណាត់ការ​ពី​សមត្ថកិច្ច​នៅ​ក្នុង​សំណុំរឿង​នេះ ហើយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​…

ខេត្តបាត់ដំបង​ ៖ អំពើ​ប្លន់​មួយ​ដែល​បង្ក​ឡើង ​ដោយ​ជន​មិន​ស្គាល់​មុខ​ចំនួន​២​នាក់ ដែល​ត្រូវ​គេ​បិទ​យ៉ាង​ស្ងាត់ឈឹង​ អស់​រយៈពេល​ជិត​១​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ក្នុងស្រុក​បាណ​ន់ តែ​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា ដោយសារ​តែ​គេ​មិនឃើញ​មាន​ចំណាត់ការ​ពី​សមត្ថកិច្ច​នៅ​ក្នុង​សំណុំរឿង​នេះ ហើយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ និង​អ្នក​ភូមិ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​អំពី​សុ​វត្ថិភាព​ ។

យោង​តាម​ប្រភព​ព័ត៌មាន​​ថា អំពើ​«​ប្លន់​»​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​៣០​ឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ខាង​មុខ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ថ្កូវ ឃុំ​ឈើទាល ស្រុក​បាណ​ន់​ ។ ជន​រង​គ្រោះ​ក្នុង​អំពើ​«​ប្លន់​»​នេះ​ ឈ្មោះ​នឿ​ន សុខា ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ រស់នៅ​ចំណុច​កើត​ហេតុ​ខាងលើ​ ។ ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​២​នាក់ ពាក់មួក​សុវត្ថិភាព ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៦ តែ​មិន​ចាំ​ស្លាក​លេខ​ទេ បាន​ជិះ​តាម​ប្លន់​នារី​រង​គ្រោះ​ដល់​ខាង​មុខ​ផ្ទះ ពេល​នាង​នឹង​ម្ដាយ​កំពុង​ចាក់សោ​បើក​ទ្វារផ្ទះ ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​នឿ​ន សុខា បាន​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា នេះ​ថា នាង​ពិតជា​ត្រូវ​ច
ោរ ប្លន់​មែនគឺ​ «​ប្លន់​យក​ខ្សែ​.ក​ប្លា​ទី​ន​១​ខ្សែរ​ទម្ងន់​៥​ជី​»​។ នាង​បាន​រៀបរាប់​ថា ជនសង្ស័យ​មាន​គ្នា​២​នាក់ ពាក់មួក​សុវត្ថិភាព​ដូច​គ្នា និង​ជិះ​ម៉ូតូ​ដូច​ភិនភាគ​ខាងលើ ​។ ជន​នោះ បាន​ជិះ​ម៉ូតូ​តាម​នាង​ដែល​ឌុ​ប​ម្ដាយ​ចេញពី​រោងការ​ត្រឡប់​ទៅ​ផ្ទះ តែ​នាង​មិន​បាន​ចាប់​អារ​ម្ម​ណ៍ថា ជន​នោះ​ជា​ចោរ​ទេ​ ។

ប៉ុន្តែ​ពេល​នាង​ជិះ​ចូល​ដល់​មុខ​ផ្ទះ ហើយ​ម្ដាយ​នាង​ចុះ​ទៅ​ចាក់សោ​​បើកទ្វារ​ ក៏​ត្រូវ​ជន​នោះ​ឈប់​ម៉ូតូលើ​ចិញ្ចើមថ្នល់ រួច​មាន​ម្នាក់​ស្ទុះ​មក​ដក​កាំបិត​ភ្ជង់​និង​ក្របួច​ក​នាង អូស​ទៅ​ថ្នល់​រួច​ប្លន់​យក​ខ្សែ​.កតែ​ម្ដង​។ នាង​បាន​បញ្ជាក់​ថា ជន​ម្នាក់​នោះ​ពាក់​មួយ​សុវត្ថិភាព ហើយ​ពេល​ភ្ជង់​នាង​ជន​នោះ​បាន​គំរាម​តិច​ៗ​ថា «​នៅ​ឱ្យស្ងៀម​» ដែល​ទំនង​អាច​ជា​មនុស្ស​ស្គាល់គ្នា ឬ​អាច​អ្នក​នៅ​ក្នុង​មូលដ្ឋាន​ជាមួយ​គ្នា​ផង​ក៏​មិនដឹង បានជា​ជន​នោះ​ពាក់​មួយ​ឃ្លុប ហើយ​និយាយ​ស្ទើរតែ​មិន​ឮ​សំឡេង ​។

ម្ដាយ​នារី​រង​គ្រោះ​ដែល​ស្ថិត​ក្នុង​ហេតុ​ការ​ណ៍​នេះ​ដែរ បាន​និយាយ​ដែរ​ថា ពេល​ដែល​គាត់​និង​កូនស្រី​ជិះ​ម៉ូតូ​ចេញពី​រោងការ​ត្រឡប់​មក​ផ្ទះ គាត់​បានឃើញ​ជនសង្ស័យ​នោះ​ជិះ​ផ្ទុយ​គ្នា​ជួប​គាត់​តាម​ផ្លូវ តែ​ភ្លាម​នោះ​ក៏​ឃើញ​ជិះ​ត្រឡប់​ក្រោយ​វិញ​ដែរ ហើយ​ពេល​គាត់​ជិះ​ចូល​ដល់​មុខ​ផ្ទះ ឃើញ​ជន​នោះ​ជិះ​ហូ​ស​ទៅ​ទិស​ខាង​ត្បូង​។ ប៉ុន្តែ​ពេល​គាត់​ចុះ​ពី​ម៉ូតូ​ទៅ​ចាក់សោ​របើក​ទ្វារផ្ទះ ស្រាប់តែ​ជន​នោះ​ជិះ​ត្រឡប់​មក​ឈប់​ខាង​មុខ​ផ្ទះ​គាត់ រួច​មាន​ម្នាក់​ស្ទុះ​មក​ក្របួច​ក​អូស​កូនស្រី​គាត់ និង​ប្លន់​យក​ខ្សែ​.កតែ​ម្ដង​។

គាត់​​ប្រាប់​ថា បើ​ពិនិត្យ​មើល​សកម្មភាព​ជនសង្ស័យ​ទាំង​២​នាក់ ទំនង​អាច​ជា​មនុស្ស​ស្គាល់គ្នា ហើយ​ក៏​អាច​ជា​មនុស្ស​នៅ​មិន​ឆ្ងាយ​ដែរ​។ ព្រោះ​ជន​នោះ​ហាក់​មិន​និយាយ​ស្ដី ឬគំរាមកំហែង ឬប្រតាយប្រតប់​យូរ​ទេ គឺ​ទាញ​ផ្ដាច់​ខ្សែ.ក​កូនស្រី​គាត់ ​ហើយ​រត់ឡើង​ជិះ​ម៉ូតូ​ដែល​បក្សពួក​វា​បញ្ឆេះ​ចាំ​ជា​ស្រេច​ចំងាយ​ពី​ផ្ទះ​គាត់​ប្រហែល​​១០​ម៉ែត្រ​ ។ គាត់​បាន​ស្រែក​ឲ្យ​អ្នក​ភូមិ​ជួយ ហើយ​អ្នក​ភូមិ​ក៏​បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​មន្ត្រី​នគរបាល​ស្រុក​បាណ​ន់ភ្លាម​ៗ​ដែរ តែ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​អើពើ​ឡើយ ​។

​ដោយសារ​តែ​នៅ​យប់​កើតហេតុ​មិន​មាន​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ប្ដី​​គាត់​បាន​ទៅ​ប្ដឹង​នៅ​ប៉ុ​ស្ដិ៍រដ្ឋបាល​ឈើទាល អំពី​ករណី​​ប្លន់​នេះ​។ ប៉ុន្តែ​មន្ត្រី​ប៉ុ​ស្តិ៍​មិន​ទ​ទួលបណ្ដឹង​ទេ ដោយ​រុញ​ឲ្យ​ប្ដី​អ្នកស្រី​ទៅ​ប្ដឹង​នៅ​កន្លែង​អធិការ​វិញ ហើយ​ប្ដី​អ្នកស្រី​ ក៏​ទៅ​តាម​ការ​ចង្អុលបង្ហាញ​នេះ​។ ប៉ុន្តែ​គាត់​​​បញ្ជាក់
​​ថា ចាប់តាំងពី​ប្ដី​​គាត់​ទៅ​ដាក់​ពាក្យ បណ្ដឹង​​ដោយ​ផ្ទាល់​ដល់​កន្លែង​អធិការ​ស្រុក រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា នេះ​ គឺ​ជិត​១​ស​ប្ដា​ហ៍ហើយ មិន​ទាន់​ឃើញ​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​មក​សួរនាំ​គាត់​បន្ថែម​ដល់​ផ្ទះ ឬហៅ​កូនស្រី​គាត់​ដែល​ជា​ជន​រង​គ្រោះ​ទៅ​សាកសួរ​នៅឡើយ​ទេ ​។ ពោល​គឺ​ស្ងាត់ជ្រៀប​ដូច​ចោរលួច​សេះ​តែ​ម្ដង ធ្វើ​ឲ្យ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុ​ត្ថិ​ភាព ពិសេស​នៅ​ពេល​យប់​ស្ទើរតែ​មិន​ហ៊ាន​ចំហរទ្វារ​ផ្ទះ​ឡើយ ​។

ពាក់ព័ន្ធ​អំពើ​ប្លន់​នេះ​ដែរ បើ​តាម​មន្ត្រី​ម្នាក់​និយាយ​ថា គេ​បានឃើញ​ឪពុក​នារី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​នគរបាល​ស្រុក បន្ទាប់​ពី​កើតហេតុ​បាន​មួយ​ថ្ងៃ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ នៃ​អធិការ​នេះ​មិន​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ទេ ហើយ​ក៏​មិន​បាន​ហៅ​ជន​រង​គ្រោះ​ផ្ទាល់​មក​សាកសួរ​បន្ថែម​ដែរ ចាប់តាំងពី​ថ្ងៃ​ទ​ទូល​បណ្ដឹង​រហូត​មក​ដល់​ពេល​នេះ គឺ​ជិត​១​ស​ប្ដា​ហ៍​ហើយ​។

ប្រភព​ដដែល​នេះ​ បាន​បញ្ជាក់​ថា មិន​ត្រឹម​តែ​គ្មាន​មន្ត្រី​ជំនាញ​ចុះ​ទៅ​សួរនាំ​តាម​នីតិវិធី​ទេ ទំនង​លោក​អធិ​ការ​នេះ មិន​បាន​រាយ​ការ​ណ៍​ទៅ​ឲ្យ​ថ្នាក់លើ​​បាន​ដឹង​​ពី​ករណី​ប្លន់​នេះ​​ផង ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​នោះ ​នៅ​ស្រុក​បាណ​ន់ មានរឿង​ឧក្រិដ្ឋ​កើតឡើង​ច្រើន​ពេក។

ជុំវិញ​ករណី​«​ប្លន់​»នេះ​ដែរ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​បានដឹង​ទេ​.. ខ្ញុំ​ពិតជា​មិន​បានដឹង​មែន អំពី​ករណី​ប្លន់​នេះ ព្រោះ​គ្មាន​អ្នក​រាយ​ការ​ណ៍ តែ​ចាំ​មើល​ខ្ញុំ​សួរនាំ​សិន តើ​មាន​ករណី​ប្លន់​នេះ​មែនឬ​អត់ ?​»​។

ដោយឡែក​លោក​ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់​វិញ បាន​ទូរស័ព្ទ​មក​ប្រាប់​កោះសន្តិភាព​ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ​ថា ពិត ជា​មាន​អំពើ​ប្លន់​នេះ​មែន តែ​ដោយសារ​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅ​ស្រុក​បាណ​ន់ មានរឿង​កើតឡើង​ជាប់​ៗ​គ្នា​ពេក ទើប​លោក​មិន​ទាន់​បាន​ចាត់ការ​រឿង​«​ប្លន់​»​នេះ​។

លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​របស់​លោក​បាន​ទ​ទួល​បណ្ដឹង​ជន​រង​គ្រោះ​ហើយ តែ​​នៅ​​មិន​ទាន់​បាន​សួរនាំ​ជន​រង​គ្រោះ​បន្ថែម​អំពី​ហេតុ​ការ​ណ៍​នេះ​។ ពិតមែនតែ​លោក​អធិការ​មិន​ទាន់​បាន​សួរនាំ​លំអិត​ក្នុង​អំពើ​ប្លន់​នេះ ប៉ុន្តែ​លោក​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ពី​មុខសញ្ញា​ជនសង្ស័យ​យ៉ាង​ដូច្នេះ​ថា «​បើ​តាម​ការ​បំភ្លឺ​ខ្លះ​ៗ ​នៅ​ក្នុង​បណ្ដឹង​របស់​ឪពុក​ជន​រង​គ្រោះ ខ្ញុំ​សង្ស័យ​ថា ជនល្មើស​អាច​ជា​មនុស្ស​នៅ​ក្នុង​ស្រែ​នោះ​តែ​ម្ដង (​ក្នុង​មូលដ្ឋាន​)​។ ប៉ុន្តែ​ខ្ញុំ​នឹង​ហៅ​ជន​រង​គ្រោះ​ផ្ទាល់​មក​បំភ្លឺ​បន្ថែម​នៅ​ថ្ងៃនេះ​ឬ​ថ្ងៃស្អែក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​»​។

សូម​បញ្ជាក់​ដែរ​ថា ពាក់ព័ន្ធ​នឹង​សកម្មភាព​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​តាម​«​ប្លន់​»​នារី​រង​គ្រោះ​ខាងលើ ដែល​មិន​ទាន់​មាន​ចំណាត់ការ​ជា​ដុំ​កំ​ភូ​ន​ពី​សមត្ថកិច្ច​នេះ បាន​និង​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ​។ ​

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ស្ទើរ​រាល់​យប់​គេ​ឃើញ​ មាន​តែ​ក្រុម​ក្មេង​ទំនើង​ប្រមូលផ្ដុំ​គ្នា​ នៅ​ក្នុង​រោង​ខាង​មុខ​សាលារៀន និង​ចេញចូល​ក្នុង​សាលារៀន ដែល​គេ​សង្ស័យ​ថា សុទ្ធតែ​ជា​ក្រុម​ជូ​ញ​ដូរ ​និង​ប្រើប្រាស​ថ្នាំ​ញៀន រីឯ​សមត្ថកិច្ច​មិន​ដែល​អើពើ​នឹង​ក្រុម​នេះ​ឡើយ រហូត​បង្ក​ឲ្យ​មាន​អំពើ​ប្លន់​នេះ​ក៏​គ្មាន​សមត្ថកិច្ច​មិន​ចុះ​សួរនាំ​ដែរ​។

អ្នក​ភូមិ​បាន​ស្នើរ​ឲ្យ​ថ្នាក់ដឹកនាំ​ស្នងការ​ខេត្ត មេត្តា​យកចិត្តទុកដាក់​អំពី​គោលនយោបាយ​«​ភូមិ-ឃុំ​មាន​សុវត្ថិ ភាព​» ខ្លះ​ផង កុំ​គ្រាន់​ត្រឹមតែ​ទន្ទិញ​នៅ​លើ​បបូរមាត់ ហើយ​ធ្វើ​របាយ​ការ​ណ៍​ភូត​កុហក​ថ្នាក់លើ តែ​នៅ​ពី​ក្រោយ​ខ្នង​ពោរពេញ​ទៅ​បទល្មើស​ពេញ​ទឹក​ពេញ​ដី​នោះ​៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ