ខេត្តស្វាយរៀង ៖ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងគួរឲ្យញាក់សាច់ បណ្តាលឲ្យកម្មកកម្មការិនីរងរបួលធ្ងន់ស្រាល១៧នាក់ មូលហេតុបង្កឡើងដោយរថយន្តស្ទួចបើករយ៉ែរថយក្រោយចេញពីផ្ទះកាត់ទទឹងថ្នល់ ដោយមិនបានប្រុងប្រយ័ត្ន ស្របពេលរថយន្តដឹកកម្មករកម្មការិនីមកដល់ចាប់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹងបន្តកន្ទុយគ្នាចំនួន៤គ្រឿងតែម្តង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាបឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តស្ទួចថយក្រោយទទឹងផ្លូវជាតិ ស្របពេលនោះមានរថយន្តដឹកកម្មករកម្មការិនីកំពុងធ្វើដំណើរតាមតាមដងផ្លូវពីលិចទៅកើតចំនួន៣ទៅ៤គ្រឿង ដោយមានល្បឿនលឿនគួរសមឃើញហេតុការដូច្នេះក៏ជាន់ហ្វ្រាំងបង្ខំ បណ្តាលអោយរថយន្តមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកបន្តកន្ទុយគ្នាតែម្តង ហើយបង្កឲ្យមានអ្នករងរបួសធ្ងន់៥នាក់ និងរងរបួសស្រាល១២នាក់ ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញមានរថយន្តស្ទួចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3E- 6026 ថយក្រោយចេញពីផ្ទះនៅខាងជើងផ្លូវជាតិលេខ១ ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយ យ៉ាងលឿនមកលើផ្លូវជាតិលេខ១ ស្របពេលនោះមានរថយន្តហាយឡែនឌ័រ ពណ៌ទឹកមាស១គ្រឿង ពាក់ស្លាកលេខ 2AR- 9861 ជាន់ហ្វ្រាំងជាប់ ហើយពេលនោះមានរថយន្តសាំយ៉ុង២គ្រឿងទៀតមកពីក្រោយ (បើកពីលិចទៅកើត) ជាន់ហ្វាំងមិនទាន់ក៏បុកបន្តកន្ទុយគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ដោយរថយន្តហាយឡែនឌ័រជាន់ហ្វ្រាំងខាងមុខរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខកំពង់ស្ពឺ 2A-3239 ហ្វ្រាំងមិនជាប់ទៅបុករថយន្តហាយឡែនឌ័រពីក្រោយ ហើយស្របពេលនោះមានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q4946 មួយគ្រឿងទៀតបុករុញពីក្រោយរថយន្តសាំយ៉ុង ពណ៌លឿង បណ្តាលអោយមានកម្មករកម្មការិនីរងរបួសធ្ងន់ស្រាល និងសន្លប់តែម្តង ដោយស្ត្រីម្នាក់ដាច់សរសៃកែងជើងធ្ងន់ធ្ងរ ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍គេឃើញមានកម្មករកម្មការិនីជាច្រើននាក់ក្នុង១រថយន្តសាំយ៉ុងប្រមាណជា២៥នាក់ គោលបំណងជិះទៅធ្វើការនៅក្រុងបាវិត ។ បន្ទាប់ពីគ្រោះថ្នាក់មកសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ស្ថិតក្នុងក្រុងបាវិត ។ ចំណែកម្ចាស់រថយន្តទាំង៤គ្រឿង សមត្ថកិច្ចបាននាំទៅអធិការដ្ឋាននគបាលស្រុកស្វាយទាបធ្វើការដោះស្រាយតាមច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ