ខេត្តរតនគិរី ៖ រឿងបែកធ្លាយមួយត្រូវគេដឹងថា ស្រី្តម្នាក់ដែលទើបមានកូនខ្ចីបាន២ខែ ត្រូវបុរសក្នុងភូមិម្នាក់ចាប់រំលោភម្តង ខណៈប្ដីជាប់រវល់ទៅធ្វើការឆ្ងាយ១០ទៅ២០ថ្ងៃទើបមកផ្ទះម្ដង ។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ត្រូវបានប្ដីប្រពន្ធនេះ រៀបរាប់ប្រាប់អ្នកយកព័ត៌មានថា ប្រពន្ធអាយុ៣០ឆ្នាំ ជាជនជាតិដើមភាគតិចារ៉ាយ ឯប្ដីអាយុ៥៩ឆ្នាំ ជាជនជាតិចារ៉ាយកាត់វៀតណាម ។ គ្រួសារនេះ មានកូន៤នាក់ក្នុងបន្ទុក ប្ដីធ្វើការនៅអង្គការអភិរក្សជលផល បរិស្ថានសត្វព្រៃ និងព្រៃឈើ មានតួនាទីជាប្រធានការិយាល័យអធិ ការកិច្ច និងសវនកម្មសាខាខេត្តរតនគិរី មានទីតាំងអង្គការនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ។
បុរសជាប្ដីរៀបរាប់ប្រាប់អ្នកយកព័ត័មានថា កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ រូបគាត់បានចេញពីផ្ទះទៅស្នាក់នៅទីស្នាក់ការអង្គការរហូតដល់ថ្ងៃទី៨ ខែឧសភា ទើបត្រឡប់មកផ្ទះវិញ ។ គ្រាន់តែមកដល់ផ្ទះភ្លាម មិនទាន់ទាំងបានអង្គុយស្រួលបួលផង ប្រពន្ធគាត់បានប្រាប់ថា នៅថ្ងៃទី១ ខែឧសភា វេលាម៉ោង១១ម៉ោងព្រឹក ពេលកំពុងដេកនៅក្នុងបន្ទប់ម្នាក់ឯងឲ្យកូនតូចអាយុ២ខែបៅ ខណៈកូន៣នាក់ទៀតទៅរៀនអស់ ស្រាប់តែបុរសម្នាក់ឈ្មោះ រចំ យ៉ អាយុ៣០ឆ្នាំ ជាជនជាតិដើមភាគតិចចារ៉ាយដូចគ្នា បានចូលមកចាប់រំលោភរហូតបានសម្រេច ។
ក្រោយពីឮប្រពន្ធប្រាប់បែបនេះ ធ្វើឲ្យរូបគាត់ខឹងយ៉ាងខ្លាំងក៏ទៅដើរស្វែងរកបុរសឈ្មោះ រច៉ យ៉ នោះនិងបានប្រទះឃើញកំពុងនៅក្នុងចម្ការ ក៏យកម៉ូតូជននេះជិះសំដៅមកអធិការដ្ឋាននគបាលស្រុកអណ្ដូងមាសជាមួយប្រពន្ធដាក់ពាក្យបណ្ដឹងពីរឿងរ៉ាវដែលកើតមាន ។ ប្រភពព័ត៌មានឲ្យដឹងថា លុះប្រមាណ១០ថ្ងៃក្រោយមក បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនគរបាលស្រុក ក៏បានកោះហៅជនជាប់ចោទមកអធិការដ្ឋានដើម្បីសាកសួរ ។
ជនជាប់ចោទបានឆ្លើយថា នៅថ្ងៃទី១ ខែឧសភា វេលាម៉ោងប្រហែល១១ព្រឹក ខ្លួនពិតជាបានចូលទៅក្នុងបន្ទប់ស្ត្រីរងគ្រោះដេក និងបានរួមរ័កមែន ហើយក៏មិនមែនជាលើកទី១ទេ គឺជាលើកទី៣ហើយ ដោយគ្មានអ្នកណាបង្ខិតបង្ខំអ្នកណាទេ ។ រវាងរូបគេនិងស្ត្រីរងគ្រោះ បានលួចស្រឡាញ់គ្នារយៈពេលជាច្រើនខែមកហើយ ។
លោក បុិច សុឃឿន អនុប្រធានផ្នែកព្រហ្មទណ្ឌនគរបាលស្រុកអណ្តូងមាស បានឲ្យដឹងថា បើនិយាយ
ឲ្យខ្លីទៅ ស្ត្រីជាប្រពន្ធបានរៀបរឿងនេះឲ្យប្តីដឹង ក្នុងគោលបំណងចង់លែងលះប្ដី មូលហេតុលោកប្ដីមានប្រពន្ធរហូតដល់៩នាក់ ។ ចំណែកបុរសជាប្ដី ប្រាប់អ្នកយកព័ត៌មានថា គាត់មានប្រពន្ធរហូតដល់៩នាក់
មែន ហើយប្រពន្ធដែលក្បត់គាត់នេះ ជាប្រពន្ធទី៨ ។
គាត់បន្តថា រឿងជនជាប់ចោទរំលោភប្រពន្ធគាត់នោះ បានផ្សះផ្សាគ្នាអស់ហើយ ដោយប្រពន្ធគាត់សុខចិត្តដកពាក្យបណ្តឹងបានសេចក្តីថា មិនបានប្ដឹងជន ជាប់ចោទទៀតទេ ។ ចំណែករូបគាត់និងប្រពន្ធបានសុំធ្វើការលែងលះគ្នាត្រឹមមេភូមិ ឯជនជាប់ចោទស្ម័គ្រចិត្តប្រគល់ម៉ូតូម៉ាកវេវពណ៌ខៀវអត់ផ្លាកលេខមួយគ្រឿង ឲ្យរូបគាត់ជាប្ដីដើម្បីបញ្ចប់រឿង ។
ដោយសារមានការព្រមព្រៀងបែបនេះ ស្ត្រីជាប្រពន្ធបានសម្រេចចិត្តទៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីសុំសមត្ថកិច្ចយកម៉ូតូមកវិញប្រគល់ឲ្យប្ដី ដែលប្រុសស្នេហ៍សម្រេចបញ្ចប់រឿងដោយប្រគល់ម៉ូតូមួយគ្រឿងខាងលើឲ្យទៅអតីតប្តី ។ ប៉ុន្តែពេលទៅដល់អធិការដ្ឋានស្រុក នគរបាលបានប្រាប់ថា បើចង់បានម៉ូតូវិញ ត្រូវមានលុយបង់២លានរៀលទើបឲ្យ បើអត់មានលុយទេ មិនអាចយកម៉ូតូបាន
ទេ ។
ចម្លើយរបស់សមត្ថកិច្ចមួយមា៉ត់នេះ ធ្វើឲ្យស្ត្រីរងគ្រោះមានរឿងកាន់តែធ្ងន់ ជាមួយអតីតបុរសជាប្ដី ដោយឈ្លោះគ្នាបែកជាអូរហូរជាស្ទឹង ។ ដោយឡែក លោកបុិច សុឃឿន បានឲ្យអ្នកយកព័ត៌មានដឹងថា រឿងចោទប្រកាន់នគរបាលថា ទារលុយ២លានរៀលជាថ្នូរលោះម៉ូតូនោះ ជារឿងមិនពិតទេ ម៉ូតូត្រូវឈ្មោះ រចំ យ៉ យកទៅលក់បាត់ហើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ