ខេត្តប៉ៃលិន ៖ ដំណាំពោតក្រហមរបស់ប្រជាពលរដ្ឋនៅភូមិបរតាំងស៊ូ ភូមិបរយ៉ាខា ភូមិរោងចក្រ ភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងនៅភូមិអូររអិល ភូមិបឹងព្រលិត ភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងភូមិផ្សេងៗជាច្រើនទៀត កពុងទទួលរងការស្វិតស្រពោន និងងាប់ជាបណ្តើរអស់ជាង១ពាន់ហិកតា ខណៈអាកាសធាតុក្តៅខ្លាំង និងរាំងភ្លៀងអស់រយៈពេលជាង១ខែ។

តាមប្រភពព័ត័មានពីបុរសម្នាក់ឈ្មោះ សុខ វ៉េន អាយុ៥០ឆ្នាំ រស់នៅក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់បានដាំពោតក្រហមចំនួន៦ហិកតា នៅក្នុងដីចម្ការ១កន្លែង ស្ថិតនៅចំណុចបរថ្មី ក្នុងភូមិបរតាំងស៊ូ ដោយដំណាំនេះកំពុងតែដុះលូតលាស់យ៉ាងល្អរហូតដល់ប្រវែងជាងកន្លះម៉ែត្រទៅហើយ ស្រាប់តែមេឃរាំងភ្លៀងរយៈពេលយូរ បណ្តាលឱ្យក្លាយទៅជាស្វិតស្រពោន និងងាប់ជាបណ្តើរៗពេញផ្ទៃចម្ការអស់ហើយ ។

លោកបានបន្តទៀតថា មើលទៅគ្មានសង្ឃឹមអ្វីសូម្បីតែបន្តិចនោះឡើយ បើទោះបីជានៅថ្ងៃខាងមុខមានភ្លៀងធ្លាក់ក៏ដោយ គឺហួសពេលបាត់ទៅហើយ ។ លោកបញ្ជាក់ថា ឆ្នាំនេះខាតអស់ច្រើន ព្រោះលោកបានចងការប្រាក់ពីមីក្រូហិរញ្ញវត្ថុយកទៅទិញគ្រាប់ពោត ទិញជី និងទិញថ្នាំបាញ់ស្មៅ ថ្នាំប៉ូវដើមថែមទៀត ព្រោះសង្ឃឹមថា ក្រោយប្រមូលផលលក់បាន នឹងយកប្រាក់ទៅសងបំណុលគេ តែបែរជាជួបគ្រោះរាំងស្ងួតដ៏យូរបែបនេះទៅវិញ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សាយ សុផាត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឱ្យដឹងថា រហូតមកដល់ពេលនេះប្រជាកសិករដែលដាំដំណាំពោតក្រហមកំពុងជួបគ្រោះរាំងស្ងួតអស់រយៈពេលយូរ បណ្តាលឱ្យដំណាំពោតស្វិត និងងាប់ស្ទើរទូទាំងខេត្តអស់ចំនួន៨៣០ហិកតា ដោយខាងមន្ទីរកំពុងធ្វើការស្រង់ស្ថិតិបន្ថែមទៀត ។

លោកបន្តទៀតថា តាមការប៉ាន់ស្មាន គឺអាចងាប់រហូតដល់ជាង១០០០ហិកតា បើសិនជាមេឃមិនមានធ្លាក់ភ្លៀងនោះ ។ ចំណែកដំណាំពោតដែលនៅសេសសល់ក៍មិនសូវបង្កើនផលច្រើនដែរព្រោះខ្វះទឹក ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ