ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែស្វាយ​កែវ​រមៀត ត្រូវប៉ាន់​ លក់​បាន​តម្លៃ​ខ្ពស់ ខណៈ​កសិករ​ម្នាក់​ប្រមូល​ផល​ប្រមាណ​៦០​ហិ​កតា

7 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​ម្នាក់ បាន​ជួល​កម្មករ​ជា​ច្រើន​នាក់ ឱ្យ​ចូល​ទៅ​ប្រមូល​ផលដំណាំ​ផ្លែស្វាយ​កែវ​រមៀត​ខៀវ នៅ​ក្នុង​ចំការ​របស់​ខ្លួន ខណៈ​ដែល​ផ្លែស្វាយ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​ម្នាក់ បាន​ជួល​កម្មករ​ជា​ច្រើន​នាក់ ឱ្យ​ចូល​ទៅ​ប្រមូល​ផលដំណាំ​ផ្លែស្វាយ​កែវ​រមៀត​ខៀវ នៅ​ក្នុង​ចំការ​របស់​ខ្លួន ខណៈ​ដែល​ផ្លែស្វាយ ជាប់​កុងត្រា​ជាមួយនឹង​ឈ្មួញ លក់​បាន​ក្នុង​តម្លៃ​ខ្ពស់ រីឯ​ផ្លែស្វាយ​មិន​ត្រូវប៉ាន់ ម្ចាស់​ចំការ​ក៏​លក់​ឱ្យ​ឈ្មួញ​ទៅ​តាម​តម្លៃ​ការ​បញ្ជា​ទិញ​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​លោក ហ្វី ជា​ម្ចាស់​ចំការ​ស្វាយកែវ​រមៀត មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ស្ថិត​នៅ​លើ​ផ្ទៃដី​ប្រមាណ​៦០​ហិ​កតា លោក​បាន​ដាំ ដំណាំ​ស្វាយកែវ​រមៀត អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​បាន​ប្រមូល​ផល​ផ្លែ បេះ​លក់​ឱ្យ​ឈ្មួញ​ជា​ច្រើន​លើក ច្រើន​សារ ។

លោក បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ដាក់​អ័រម៉ូន​បញ្ចេញ​ផ្កា​ផ្លែ​រួច​មក ក៏​មាន​ឈ្មួញ​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ស្ពឺ ចូល​មក​កុងត្រា ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​១៧០០​រៀល ដោយ​គេ​ខ្ចប់​ទុក​រហូត​ដល់​ផ្លែស្វាយ​ធំ ទើប​នាំ​ឈ្មួញ​មក​ប្រមូល​ផល ដឹក​យក​ទៅ​លក់​នៅ​ឯ​ខេត្តកំពង់ស្ពឺ តែ​ម្តង ។

លោក​បញ្ជាក់​ទៀត​ថា ផ្លែស្វាយ​កែវ​រមៀត ដែល​មិន​បាន​ខ្ចប់ ហើយ​មិន​ត្រូវប៉ាន់ ឈ្មួញ​ហ៊ាន​ទិញ ក្នុង​១​គីឡូក្រាម តម្លៃ​៧០០ ទៅ​១,០០០​រៀល ដោយ​គេ​ជួល​កម្មករ​ឱ្យ​បេះ​ដាក់​កញ្ឆេ​លើកដាក់​លើ​រថយន្ត គឺ​កម្មករ​ប្រុស​ៗ ទាំង​ប្រមូល​ផល និង​លើកដាក់​លើ​រថយន្ត គឺ​ឈ្មួញ​ឱ្យ​ថ្លៃ​ឈ្នួល ១​ថ្ងៃ​ចំនួន ៥០,០០០​រៀល រីឯ​ស្រី​ៗ ដែល​គ្រាន់តែ​ដើរ​បេះ និង​រៀប​រាក់​កញ្ឆេ ទទួល​បាន​ប្រាក់​កម្រៃ ៤០,០០០​រៀល ។

ម្ចាស់​ចំការ​ខាងលើ បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ទោះបីជា​មានការ​បិទ​ច្រក​ទ្វារ រវាង​ប្រទេស​ថៃ ជាមួយ​ប្រទេស​ថៃ ក៏​ដោយ ក៏​ខាង​ខ្មែរ​យើង​មិន​អត់​ទីផ្សារ​នោះ​ទេ គឺ​មាន​ខាង​រោងចក្រ​នៅ​តាម​បណ្តា​ខេត្ត​នានា ដូច​ជា​ខេត្តកំពង់ស្ពឺ ទទួល​ទិញ​យក​ទៅ​កែ​ច្នៃ ធ្វើ​ជា​ម្ហូបអាហារ​ផ្សេង​ៗ​នាំ​ទៅ​ក្រៅប្រទេស​។ ហេតុ​ដូច្នេះ​ហើយ ការ​បង្កបង្កើន​ផល​ស្វាយកែវ​រមៀត នៅ​ពេល​នេះ គឺ​មាន​ហាងឆេង​ល្អ អាច​ឱ្យ​គាត់​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ យក​ថវិកា​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​សង​ជំពាក់​បំណុល​គេ​ថែម​ទៀត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ