ខេត្តបាត់ដំបង ៖ កិច្ចពង្រឹងសម្ព័ន្ធមេត្រីភាពរវាងកងទ័ពការពារព្រំដែនច័ន្ទបូរី-ត្រាតប្រទេសថៃ ជាមួយយោធភូមិភាគទី៥ជួបគ្នា កាលពីរសៀលថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៩ នៅទីបញ្ជាការយោធភូមិភាគទី៥ ក្រុងបាត់ដំបង ដោយមានកិច្ចស្វាគមន៍ពីលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើង គោក មេបញ្ជាការយោធភូមិភាគទី៥ បានទទួលសំណេះសំណាលជាមួយលោកឧត្តមនាវីទោ រ៉ុនណាក់រ៉ុង សិទ្ធិណាន់ មេបញ្ជាការកងកម្លាំងការពារព្រំដែន ច័ន្ទបុរី-ត្រាត ។ 

លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងថា យើងតែងតែជួបគ្នាជារៀងរាល់ឆ្នាំ សំខាន់ជួបគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ តាមខ្សែបន្ទាត់ព្រំដែន សំខាន់ជំរុញវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត ។ 
 
លោកឧត្តមសេនីយ៍ឯកបានបន្ត និងថ្លែងអំណរគុណដល់ភាគីថៃ ដែលបានសម្រួលនិងប្រគល់សាកសព និងកម្លាំងដែលត្រូវចាប់ក្នុងបទល្មើសលើទឹកដីថៃមកឲ្យកម្ពុជាវិញ តាមរយៈលោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន បានចូលទៅសម្របសម្រួលកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩កន្លងមកនេះ ហើយក៏សុំឲ្យមានការយោគយល់បន្ថែមទៀត ចៀសវាងការប្រើប្រាស់អំពើហឹង្សា និងត្រូវមានបែបមនុស្សធម៌ជាមួយគ្នាទៅវិញទៅមក តាមកិច្ចប្រជុំគណកម្មការព្រំដែន (RBC) កន្លងមកដែលបានចុះហត្ថលេខាជាមួយគ្នា ទប់ស្កាត់រាល់បទល្មើសរួមគ្នា និងជួយជំរុញការកសាងអភិវឌ្ឍន៍ រកភាពរីចំរើនកើតមានរវាប្រទេសយើងទាំងពីរឲ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ។ 

បន្ទាប់មក ខាងភាគីថៃលោកឧត្តមនាវីទោ រ៉ុនណាក់រ៉ុង សិទ្ធិណាន់ មេបញជាការកងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងនូវចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីរក្សាបានប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៃប្រទេសទាំងពីរដែលមានភូមិផងរបងជាមួយគ្នាបន្ថែមទៀត ។ ក្នុងនោះភាគីថៃបានប្រគល់កំព្យូទ័រចំនួន៤គ្រឿង ដល់យោធភូមិភាគទី៥ ដើម្បីជួយសម្រួលការងារទំនាក់ទំនងផ្លាស់ប្តូរព័ត៌មានគ្នាបន្ថែមទៀតឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត ។ (សម្រួលដោយ៖ ស្រីណា)




                        
			         
				
ចែករំលែកព័តមាននេះ