រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៣០ ខែឧសភានេះបានលើកយកសំណុំ រឿងម្តាយខ្ញុំលក់ខ្ញុំ មកបើកសវនាការជំនុំជម្រះក្តីដែលអង្គសវនាការនោះមានលោក កូយ សៅ ចៅក្រមជំនុំជម្រះ និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងជាតំណាងអយ្យការ ។

ជនត្រូវចោទនៅក្នុងសំណុំរឿងនេះមានឈ្មោះ រ៉ាត់ រ័ត្នមុនី ជាអ្នកផលិតវីដេអូរឿង ម្តាយខ្ញុំលក់ខ្ញុំ ដែលបានមកឈរមុខរង្វង់ក្រចកសេះ ដើម្បីឲ្យអង្គសវនាការបានសាកសួរដេញដោល ។ ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដែលដើមបណ្ដឹងក្នុងសំណុំរឿងក្ដីនេះមាន៤នាក់ ។

ជនជាប់ចោទឈ្មោះ រ៉ាត់ រ័ត្នមុនី ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨ ។ ក្នុងសវនាការជនជាប់ចោទបានបដិសេធមិនទទួលយកការចោទប្រកាន់នោះទេ ដោយអះអាងថា អាខោនហ្វេសបុកដែលគេបង្ហោះនោះមិនមែនជារបស់ខ្លួន ហើយខ្លួនមានតួនាទីគ្រាន់តែជាអ្នកបកប្រែភាសាប៉ុណ្ណោះ ។ សវនាការបានសាកសួរដេញដោលរហូតដល់ល្ងាចទើបចៅក្រមជំនុំជម្រះប្រកាសលើកពេលបន្តសវនាការ ទៅថ្ងៃទី១៣ ខែមិថុនា ខាងមុខ ដោយតម្រូវឲ្យដើមបណ្តឹងចូលមកតតាំងគ្នានៅពេលកាត់ក្តី ។

គួរម្លឹក ជនសង្ស័យមានឈ្មោះ រ៉ាត់ រ័ត្នមុនី មុខរបរជាប្រធានសហជីពកម្មករសំណង់ ដែលមានមូលដ្ឋាននៅប្រទេសថៃ មានទីលំផ្ទះជួលម្តុំវត្តអង្គតាមិញ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិឆាយរំពាត់ ឃុំកន្ទី ស្រុកបាណន់ ខេត្តបាត់ដំបង ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃសហការជាមួយអាជ្ញាធរថៃចាប់ខ្លួននៅប្រទេសថៃ ដែលជនសង្ស័យបាន និងកំពុងរៀបចំធ្វើវីសារចេញដំណើរទៅកាន់ប្រទេសទី៣(ហូឡង់) ។

បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចសហការនាំខ្លួនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាយប់ថ្ងៃទី១២ ធ្នូ និងបានបន្តនាំមកកាន់ក្រសួងមហាផ្ទៃនៅម៉ោង១២ យប់ជ្រៅ ។ លុះព្រឹកថ្ងៃទី១៣ ធ្នូ កម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានប្រគល់ជនសង្ស័យឲ្យទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនដែលជាម្ចាស់ករណី ដើម្បីបន្តនីតិវិធី ។ នៅពេលចូលដល់សាលាដំបូង ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំឡើងយ៉ាងលឿនទៅកាន់បន្ទប់លោក ខៀវ ផល្លា ព្រះរាជអាជ្ញារដែលកាន់សំណុំរឿងនេះ ដើម្បីធ្វើការសាកសួរ ។ ការសាកសួរជនសង្ស័យនៅដំណាក់កាលស្ថាប័ន បានប្រើពេលវេលាច្រើនម៉ោង ទើបមានការចោទប្រកាន់ជាផ្លូវការណ៍ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួររហូតដល់ម៉ោងប្រមាណជិត៧យប់ ថ្ងៃដដែលចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ នៅពេលនាំជនសង្ស័យ រ៉ាត់ រ័ត្នមុនី មកសវនាការមានក្រុមសហគមន៍បឹងកក់ប្រមាណបួនដប់នាក់ និងក្រុមគ្រួសារ ដោយខ្លះកាន់បដាសុំឲ្យដោះឈ្មោះ រ៉ាត់ រ័ត្នមុនី ៕ កែសម្រួលដោយ ៖ សុឃាក់


ចែករំលែកព័តមាននេះ