ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ទេស​ប្លោក​មាន​ប្រយោជន៍​អ្វីខ្លះ ?

4 ឆ្នាំ មុន

ម្ទេស​ប្លោក​គឺជា​បន្លែ​ដ៏​ពេញ​និយម​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​យើង​ចូល​ចិត្ត​ធ្វើ​ជា​ម្ហូប​ទទួលទាន ។ ម្ទេស​ប្លោក​អាច​ញ៉ាំ​បាន​ទាំង​ឆ្អិន និង​ឆៅ​ដែរ ។ យ៉ាងណាមិញ វា​មាន​កាឡូរី​ទាប​មែន តែ​សម្បូរ​វីតាមីន C និង​អង់​ទី​អុក​ស៊ី​ដង់…

ម្ទេស​ប្លោក​គឺជា​បន្លែ​ដ៏​ពេញ​និយម​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​យើង​ចូល​ចិត្ត​ធ្វើ​ជា​ម្ហូប​ទទួលទាន ។ ម្ទេស​ប្លោក​អាច​ញ៉ាំ​បាន​ទាំង​ឆ្អិន និង​ឆៅ​ដែរ ។ យ៉ាងណាមិញ វា​មាន​កាឡូរី​ទាប​មែន តែ​សម្បូរ​វីតាមីន C និង​អង់​ទី​អុក​ស៊ី​ដង់ ផ្សេង​ៗ​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បន្លែ​មួយ​នេះ​ក្លាយជា​បន្លែ​ដែល​ផ្តល់​សុខភាព​ដល់​អ្នក​ទទួលទាន​គ្រប់​គ្នា​។

ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ដូច​ជា មហារីក និង​ជំងឺ​បេះដូង​ជាដើម​។ លើស​ពី​នេះ​ទៅ​ទៀត ម្ទេស​ប្លោក​ប្រហែលជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​យើង​ជា​ពិសេស ពីរ​យ៉ាង​៖

១-សុខភាព​ភ្នែក ៖ ការ​ខូច​ភ្នែក​ដែល​កើតឡើង​ញឹកញាប់​បំផុត​នោះ​គឺ Macular Degeneration និង​ភ្នែក​ឡើងបាយ ហើយ​មូលហេតុ​ចំបង​របស់​ជំងឺ​នេះ​គឺ​ការ​ចាស់​ទៅ​តាម​អាយុ និង​ការ​បង្ក​រោគ​។ ប៉ុន្តែ​ជីវជាតិ​ក៏​ប្រហែលជា​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​កើត​ជំងឺ​ទាំងនេះ​ដែរ​។ សារធាតុ Lutein និង Zeaxanthin គឺជា Carotenoids ដែល​មាន​ច្រើន​ក្នុង​ម្ទេស​ប្លោក ហើយ​វា​ក៏​ជួយ​ការពារ​សុខភាព​ភ្នែក​បាន​ដែរ​នៅ​ពេល​ញ៉ាំ​បាន​គ្រប់គ្រាន់​។ តាម​ពិត​ទៅ​វា​ជួយ​ការពារ​បាត​ភ្នែក​ពី​ការ​ខូចខាត​របស់​អុកស៊ីតកម្ម​ដែរ ។

ការ​សិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​អាហារ​សម្បូរ Carotenoids ទាំងនេះ​ជា​ទៀង​តាត់ ប្រហែលជា​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺភ្នែកឡើងបាយ និង​ជំងឺ Macular Degeneration បាន​។ ដូច្នេះ​ហើយ​ការ​បញ្ចូល​ម្ទេស​ប្លោក​ទៅ​ក្នុង​របប​អាហារ​ប្រហែលជា​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការ​ខូច​ភ្នែក​បាន ។

២-បង្ការ​ជំងឺ​ខ្វះ​គ្រាប់​ឈាម ៖ ជំងឺ​ខ្វះ​គ្រាប់​ឈាម​គឺជា​ជំងឺ​ញឹកញាប់​មួយ​ប្រភេទ​ដែល​សម្គាល់​ដឹង​តាម​រយៈ​ការ ថយ​ចុះ​សមត្ថភាព​របស់​ឈាម​ក្នុង​ការ​ដឹកនាំ​អុក​ស៊ី​សែន​ដើម្បី​ចិញ្ចឹម​រាង​កាយ ។ មូលហេតុ​ញឹកញាប់​បំផុត​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​គឺ​កង្វះ​ជាតិ​ដែក​តែ​ម្តង ហើយ​អាការ​សំខាន់​របស់​ជំងឺ​នេះ​គឺ​ខ្សោយ និង​អស់កម្លាំង ។ ម្ទេស​ប្លោក​មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក​ទេ តែ​វា​ក៏​សម្បូរ​វីតាមីន C ដែល​ជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​ការ​បឺត​ស្រូប​ជាតិ​ដែក​ពី​ក្នុង​ពោះវៀន​ផង​ដែរ ។ តាម​ពិត​ទៅ ម្ទេស​ប្លោក​ក្រហម​ទំហំ​មធ្យម​មួយ​ផ្លែ ផ្ទុក​វីតាមីន C ស្មើនឹង​តម្រូវការ​ប្រចាំ​ថ្ងៃ ១៦៩​ភាគរយ​ឯណោះ ។

ការ​បឺត​ស្រូប​ជាតិ​ដែល​ពី​របប​អាហារ​នឹង​កើនឡើង​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ពេល​អ្នក​ញ៉ាំ​បន្លែ​និង​ផ្លែ​ឈើ​ណា​ដែល​សម្បូរ​វីតាមីន C​។ ហេតុ​ដូច្នេះ​ហើយ​ការ​ញ៉ាំ​ម្ទេស​ប្លោក​ឆៅ​ជាមួយនឹង​អាហារ​សម្បូរ​ជាតិ​ដែក ផ្សេង​ៗ​ទៀត​ដូច​ជា សាច់ ឬ​ស្ពៃ​ស្ពី​ណា​ច ប្រហែលជា​ជួយ​បង្កើន​ការ​រក្សា​ទុក​ជាតិ​ដែក​ក្នុង​ខ្លួន ដើម្បី​បន្ថយ​ការ​កើត​ជំងឺ​កង្វះ​គ្រាប់​ឈាម​បាន (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ