ទីក្រុងតូក្យូ៖ អាហារបំប៉នរបស់ជប៉ុនមួយប្រភេទកំពុងមានបញ្ហា។ កាលពីម្សិលមិញ និងថ្ងៃនេះ ជប៉ុនរកឃើញអ្នកស្លាប់៤នាក់ក្រោយប្រើប្រាស់អាហារបំប៉នមួយប្រភេទដែលគេផ្សព្វផ្សាយពាណិជ្ជកម្មថាប្រើទៅធ្វើឱ្យស្រួលខ្លួន និងមានសុខភាពល្អ។ ប៉ុន្តែជាក់ស្ដែងប្រើយូរៗទៅធ្វើឱ្យខូចតម្រងនោមខ្ទេច។ អាហារបំប៉នរបស់ជប៉ុនម៉ាកបេនិ កូជិ (Beni Koji) ដែលផ្សំពីបាយផ្សិតក្រហម ឬបាយបន្ទំមេដំបែសម្រាប់ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូល ឬខ្លាញ់អាក្រក់ (LDL) នៅក្នុងសរសៃឈាម។

ក្រោយដំណឹងមរណភាពនេះ ជនជាតិជប៉ុនកំពុងបារម្ភកាន់តែខ្លាំង។ មុនដំបូងឮថាស្លាប់តែ២នាក់ទេ។ ឥឡូវនេះ ថែម២នាក់ទៀត។ នេះគ្រាន់តែជារបាយការណ៍បឋមប៉ុណ្ណោះ។ មិនដឹងថានៅពេលស្រាវជ្រាវកាន់តែស៊ីជម្រៅទៅ តើអាហារបំប៉នមួយប្រភេទនេះបានសម្លាប់មនុស្សអស់ប៉ុន្មាននាក់?

ក្រុមហ៊ុនជប៉ុនឈ្មោះកូបាយ៉ាស៊ី ហ្វាមម៉ាសឺតធីខល (Kobayashi Pharmaceutical) បានប្រកាសប្រមូលផលិតផលអាហាបំប៉នរបស់ខ្លួនបីប្រភេទបញ្ចូលឃ្លាំងវិញទាំងអស់គឺម៉ាកបេនិ កូជិ កូឡេស្ទេហឹល (Beni Koji Choleste Help) និងអាហារបំប៉នពីរមុខទៀត។ ផលិតផលទាំងបីមុខនេះផ្សំពីបេនិ កូជិ ដែលក្រុមហ៊ុនផ្សព្វផ្សាយថាអាចបញ្ចុះកូឡេស្តេរ៉ូល។ អាជ្ញាធរជប៉ុនកំពុងស៊ើបអង្កេតអាហារបំប៉នរាប់ពាន់ប្រភេទទៀតដើម្បីចង់ដឹងអំពីផលវិបាកនៃការប្រើប្រាស់។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនអាហាបំប៉នជប៉ុនកូបាយ៉ាស៊ិ ហ្វាមម៉ាសឺតធីខលនៅថ្ងៃព្រហស្បតិ៍នេះ គេដឹងថាចំនួនអ្នកស្លាប់កើនឡើងដល់៤នាក់ ខណៈដែលជាង១រយនាក់ទៀតបានធ្លាក់ខ្លួនឈឺជាទម្ងន់ កំពុងដេកពេទ្យ។ ក្រុមហ៊ុនបានចេញសេចក្ដីប្រកាសមួយមានសេចក្ដីថា៖ យើងទទួលដំណឹងកាលពីម្សិលមិញពីក្រុមគ្រួសារជនរងគ្រោះថាសាច់ញាតិរបស់ខ្លួនម្នាក់ដែលធ្លាប់ញ៉ាំអាហាបំប៉នឈ្មោះកូឡេស្ទេហឹល (Choleste Help) បានស្លាប់ហើយដោយជំងឺខូចតម្រងនោម។

ជនរងគ្រោះម្នាក់ទៀតដែលបានញ៉ាំអាហារបំប៉នជាច្រើនឆ្នាំក៏បានស្លាប់ផងដែរ។ នៅពេលកំពុងស្វែងរកការពិត ក្រុមហ៊ុនសម្រេចចិត្តថាមិនលាក់លៀមរឿងនេះទេ, ត្រូវតែប្រកាសជាសាធារណៈ។ ក្រុមហ៊ុនក៏ផ្គត់ផ្គង់គ្រឿងផ្សំប្រភេទបាយផ្សិតក្រហម (red yeast rice) ទៅឱ្យក្រុមហ៊ុន៥០នៅប្រទេសជប៉ុន និងក្រុមហ៊ុនចំនួនពីរនៅកោះតៃវ៉ាន់។ ក្រុមអ្នកស្រាវជ្រាវចាត់ទុកថាបាយផ្សិតក្រហមជាផលិតផលប្រើដូចសារធាតុស្តាទីន (statin) សម្រាប់បញ្ចុះកូឡេស្តេរ៉ូល។ ប៉ុន្តែពួកគេព្រមានថាផលិតផលនេះអាចនឹងប៉ះពាល់គ្រឿងក្នុងតិចឬច្រើនអាស្រ័យទៅលើសារធាតុផ្សំនៅក្នុងផលិតផល និងរយៈពេលនៃការប្រើប្រាស់។

អ្នកនាំពាក្យជប៉ុនថ្លែងថាអាជ្ញាធរកំពុងខិតខំធ្វើយ៉ាងណាធានាសុវត្ថិភាពចំណីអាហារ ហើយនឹងធ្វើវិភាគទៅល់សារធាតុដែលអាចបង្កបញ្ហាចំពោះសុខភាពរបស់អ្នកប្រើប្រាស់។ រដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុនអាហារបំប៉នដទៃទៀតពិនិត្យមើលផលិតផលរបស់ខ្លួនឡើងវិញ។ ក្រុមហ៊ុនដែលទិញគ្រឿងផ្សំបេនិ កូជិ (beni koji) ពីក្រុមហ៊ុនអាហាបំប៉នកូបាយ៉ាស៊ិ ហ្វាមម៉ាសឺតធីខល (Kobayashi Pharmaceutical) ក៏ប្រកាសប្រមូលផលិតផលរបស់ខ្លួនទាំងអស់ចូលឃ្លាំងវិញផងដែរ។
អាហារបំប៉នដែលកំពុងដាក់លក់នៅលើទីផ្សារជាប្រភេទអាហារបង្គ្រប់វីតាមីន ឬអាហារបង្គ្រប់សារធាតុដែលខ្វះខាត។ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មថាចម្រាញ់ចេញពីធម្មជាតិ១០០%។ ប៉ុន្តែធាតុពិតមិនដឹងគេផ្សំពីសារធាតុអ្វីខ្លះនៅក្នុងនោះ។សូមជម្រាបថាក្រសួងសុខាភិបាលនៅទូទាំងពិភពលោកមិនទទួលស្គាល់ថាអាហារបំប៉នជាឱសថសម្រាប់ព្យាបាលជំងឺទេ។ ជាពិសេស មិនគាំទ្រការផ្សព្វផ្សាយពាណិជ្ជកម្មអួតអាងថាអាហារបំប៉នអាចប្រើប្រាស់ជំនួសថ្នាំពេទ្យ។ ក្រុមហ៊ុនខ្លះផ្សាយថាអាហារបំប៉នរបស់ខ្លួនមានប្រសិទ្ធភាព និងសុវត្ថិភាពជាងថ្នាំពេទ្យទៅទៀត។ ការផ្សព្វផ្សាយបែបនេះអាចធ្វើឱ្យសាធារណៈជនភាន់ច្រឡំ និងចំណាយលុយខ្ជះខ្ជាយឥតប្រយោជន៍មិនចំគោលដៅ៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/japan-drugmaker-kobayashi-pharmaceutical-beni-koji-deaths-supplement-scare-4227131



ចែករំលែកព័តមាននេះ