ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ស្នើ​សុំ​កម្ពុជា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេច​បាន​៥​ពាន់​លាន​ដុល្លារ​ដូច​ការ​គ្រោងទុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា លោក​ង្វៀ​ន ស៊ុន​ហ្វុ​ក (NGUYEN XUAN…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា លោក​ង្វៀ​ន ស៊ុន​ហ្វុ​ក (NGUYEN XUAN PHUC) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ស្នើ​សុំ​ភាគី​ធ្វើ​យ៉ាងណា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ឲ្យ​បាន​ដល់​៥​ពាន់​លាន​ដុល្លារ​ដូច​ជា គ្រោងទុក​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ថា នឹង​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០២០​នោះ ។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ឱកាស​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​វិមាន​រដ្ឋាភិបាល នាទី​ក្រុង​ហាណូយ កាលពី​សៀ​ល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ។ លោក ង្វៀ​ន ស៊ុន​ហ្វុ​ក ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា នៅ​ក្នុង​ប្រទេស​វៀតណាម​ជា​ឱកាសល្អ​ចំ​ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​មានការ​រីក​ចម្រើន​ដូច​គ្នា ។ ជាមួយ​គ្នា​នេះ​លោកនាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ក្តី​រីករាយ​ដែល​បានឃើញ​ទំនាក់ទំនង​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​សហ​ប្រតិបត្តិ​ល្អ រឹង​មាំ​រីក​ចម្រើន​ឥត​ឈប់​ឈរ ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច ហេង សំ​រិ​ន បាន​មានបាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​វៀតណាម​នា​ពេល​នេះ​របស់​សម្តេច និង​គណៈប្រតិភូ គឺជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើក​ដំបូង​របស់​រដ្ឋសភា​នីតិកាល​ទី​៦ ដែល​ជា​នីតិកាល​ថ្មី កើត​ចេញពី​ការ​បោះ​ឆ្នោត​សកល កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៨ ។ ដំណើរ​ទស្សនកិច្ច​តាម​ការ​អញ្ជើញ​របស់​លោក​ជំទាវ ង្វៀ​ន ធី​គី​ម​ងិ​ន ប្រធានរដ្ឋសភា​វៀតណាម​ទទួល​បាន​ផ្លែផ្កា​ជា​ច្រើន​ក្នុង​ការ​រួមចំណែក​បន្ត​រឹត​បន្តឹង​ទំនាក់ទំនង​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម ជា​ពិសេស​សំដៅ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំង​ពីរ ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ។

សម្តេច​បាន​ជម្រាប​លោកនាយក​រដ្ឋមន្ត្រី​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋសភា​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​បន្ត​ពង្រឹងពង្រីក​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការ​លើកកម្ពស់​យេ​ន​ឌ័​រ និង​សភា​វ័យក្មេង​ព្រមទាំង​កម្រិត​ប​ច្ចេ​ទេស​នៃ​អគ្គលេខាធិការដ្ឋាន​ទាំង​ពីរ ។ រដ្ឋសភា​ទាំង​ពីរ​ជា​និច្ច​ជា​កាល​តែង​បាន​សហការ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ពហុភាគី តំបន់ និង​អន្តរជាតិ ។ សម្តេច​ប្រធានរដ្ឋសភា និង​លោកនាយក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​ការងារ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​ប្រមាណ​៨៤% ដើម្បី​ប្រែ​ក្លាយជា​ព្រំដែន សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ដើម្បី​ទុកជា​មរតក ដល់​អ្នក​ជំនាន់​ក្រោយ ។

សម្តេច​ហេង សំ​រិ​ន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ប្រទេស​វៀតណាម រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ។ នៅ​រសៀល​ថ្ងៃ​ទី​២៩ ឧសភា​នេះ សម្តេច​ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​បាន​ជួប​សវនាការ​ជាមួយ លោ​ល ជិន ថា​ញ់​មិន (TRAN THANH MAN) ប្រធាន​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​រណសិរ្ស​មាតុភូមិ​វៀតណាម​ផង​ដែរ ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​រវាង​អង្គការ​មហាជន​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ឲ្យ​មានការ​រីក​ចម្រើន និង​គ្រប់​ជ្រុង​បន្ថែម​ទៀត ។ នៅ​ក្នុង​ជំនួប​សវនាការ​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​ពី​គម្រោង​រៀបចំ​សន្និបាត​រណសិរ្ស​ប្រទេស​កម្ពុជា​- វៀតណាម -​ឡាវ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ផង​ដែរ ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ