ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនជាមេខ្លោងទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តហើយ ។ គួរបញ្ជាក់ថា ចំណាប់ខ្មាំងជាជនជាតិចិនចំនួន៤នាក់ ត្រូវបានរំដោះ ខណៈមេខ្លោងដែលជាជនជាតិចិនដូចគ្នាចំនួន២នាក់ ត្រូវបាននគរបាលបង្ក្រាបពីបទចាប់បង្ខាំង និងជំរិតទារប្រាក់ដ៏ធំមួយ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនជាតិចិនម្នាក់ឈ្មោះ Zhang Jian Zhong ភេទប្រុស អាយុ៥៤ឆ្នាំ ជាបុគ្គលិកសិប្បកម្មផលិតស័ង្កសី កាន់លិខិតឆ្លងដែនលេខ E ០៩៦៨៧៥១៤ អំពីករណីចាប់ជំរិតទារប្រាក់។

ដោយមានបញ្ជាពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ រៀល សុភា សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងនឹងល្បែងពាណិជ្ជកម្ម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ កែវ លី ព្រមទាំងសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៥ ខែឧសភា បានបើកការស៊ើបអង្កេត និងបំបែកសំណុំរឿងចាប់ជំរិតទារប្រាក់ដ៏ធំមួយ នេះ ដែលបង្ខាំងជនរងគ្រោះនៅផ្ទះជួលមួយកន្លែងក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជាលទ្ធផល បានរំដោះចំណាប់ខ្មាំងចំនួន៤នាក់ដោយសុវត្ថិភាព និងចាប់បានមេខ្លោង២នាក់ ។ជនសង្ស័យជាមេខ្លោងទាំង២នាក់នេះ ម្នាក់ឈ្មោះ Wang Daodong ភេទប្រុស អាយុ៤៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E០៧៦៧៤១៧៥៥ និងម្នាក់ទៀតឈ្មោះ Jiang Feng អាយុ៣៨ឆ្នាំ មិនមានលិខិតឆ្លងដែនទេ ។ (សម្រួលដោយ៖ ស្រីណា)

ចែករំលែកព័តមាននេះ