គណៈប្រតិភូ​ជាន់ខ្ពស់​សភា​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ប្រទេស​វៀតណាម​-​ឡាវ


រាជធានី​ភ្នំពេញ ៖ សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិ​ត្តិ​ភាព​នៅ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ សម្តេច​ប្រធានរដ្ឋសភា​បាន​ចេញដំណើរ​នា​ព្រឹក ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ តម​តាម​ការ​អញ្ជើញ​របស់​លោក ស្រី ង្វៀ​ន ធី​គី​ម​ងិ​ន (NGUYEN THI NGAN) ប្រធានរដ្ឋសភា​នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោកស្រី ផា​នី យ៉ាង​ថូ​ទូ (PANY YATHOTOU) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

សម្រាប់​ដំណើរ​ទស្សនៈកិច្ច​របស់​គណៈប្រតិភូ​សភា​កម្ពុជា​សម្តេច​ហេង សំ​រិ​ន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា និង​បន្តដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃ​ទី​៣០ ឧសភា ដល់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩ ។ នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម គណៈប្រតិភូ​សភា​នឹង​ចូល​ពិភាក្សា​ការងារ​ទ្វេភាគី និង​សម្តែង​ការ​គួរសម​សំខាន់​ៗ​របស់​ភាគី​វៀតណាម ព្រមទាំង​ចូលរួម​កម្មវិធី​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ជួប​ពិភាក្សា​ជា​ការងារ​ទ្វេភាគី​ជាមួយ​លោកស្រី ង្វៀ​ន ធី​គី​ម​ងិ​ន ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

ជួប​ជាមួយ​លោក ង្វៀ​ន ភូ​ជុង (NGUYEN PHUR TROUNG) អគ្គលេខាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម ។ ជួប​ជាមួយ​លោក​ង្វៀ​ន ស៊ុន​ហ្វុ​ក (NGUYEN XUAN PHUC) នាយ​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ ជួប​សវនាការ និង​សម្តែង​ការ​គួរសម​ជាមួយ​លោក​ជិន ថា​ញ់​មិន (TRAN THANH MAN) ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស មាតុភូមិ​វៀតណាម ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ​សម្តេច​ហេង សំ​រិ​ន ក៏​បាន​អនុញ្ញាត​ឲ្យ​លោក វ៉ុ ម៉ៅ (VU MAO) ប្រធាន​សមាគម​មិត្តភាព​វៀតណាម កម្ពុជា ចូលរួម​សម្តែង​ការ​គួរសម ។

ទស្សនកិច្ច​នៅ​វៀតណាម​នេះ​ដែរ​ក៏​មានការ​ចុះហត្ថលេខា​លើក​ឯកសារ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នៃ​រដ្ឋសភា​ទាំង​ពីរ​ផង​ដែរ ។ បន្ទាប់​ពី​ទស្សនកិច្ច​នៅ​វៀតណាម គណៈប្រតិភូ​សភា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នឹង​បន្តដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា នឹង​ចូលរួម​ពិភាក្សា​ទ្វេភាគី និង​សម្តែង​ការ​គួ​សមជា​មួយ​ថ្នាក់ដឹកនាំ​សំខាន់​ៗ​របស់​ភាគី​ឡាវ និង​ចូលរួម​កម្មវិធី​សំខាន់​មួយ​ចំនួន​ដូច​ជា ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោកស្រី​ផា​នី យ៉ា​ថ​ទូ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

ជួប​សវនាការ និង​សម្តែង​ការ​គួរសម ជាមួយ​លោក ប៊ុ​ន​ញ៉ាំង វ៉ូ​វា់​ជិត (BOUNHANG VORACHITH)​ប្រធានាធិបតី​នៃ​សាធារណ រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា មា​និ​ត​ឡាវ ។ សម្រាប់​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​នោះ​ដែរ គណៈប្រតិភូ​សភា​កម្ពុជា​ក៏​មាន​កិច្ចប្រជុំ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​អគ្គលេខាធិកា​រដ្ឋសភា​កម្ពុជា និង​អគ្គលេខាធិការ​រដ្ឋសភា​ឡាវ​ផង​ដែរ ។ បើ​តាម​ការ​ប្រកាស​របស់​អគ្គនាយករ​ដ្ឋា​ន​រដ្ឋសភា​កម្ពុជា​បាន​ឲ្យ​ដឹង​គណៈប្រតិភូ​សភា​កម្ពុជា និង​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​មាតុប្រទេស​វិញ នៅ​រសៀល​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ