ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​សកល​៖ សហជីព​គ្រប់​និន្នាការនៅកម្ពុជា​គាំទ្រ និង​ថ្លែង​អំណរ​គុណ ​ចំណាត់ការ​រាជរដ្ឋាភិបាល ​ដែល​បន្ថែម​ថ្លៃ​ធ្វើ​ដំណើរ​ដល់​កម្មករ ​​ចំ​ពេល​ម្ចាស់​ឡាន​ត្រៀម​ដំឡើង

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សហជីព​គ្រប់​និន្នាការ​នៅ​កម្ពុជា បាន​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល បន្ទាប់​ពី​ទទួល​បាន​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ ២,៥០​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ បន្ថែម​លើ​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ដែល​កំពុង​អនុវត្ត ខណៈ​កិច្ច​អន្តរាគមន៍​នេះ…

រាជធានី​ភ្នំពេញ​ ៖ សហជីព​គ្រប់​និន្នាការ​នៅ​កម្ពុជា បាន​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល បន្ទាប់​ពី​ទទួល​បាន​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ ២,៥០​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ បន្ថែម​លើ​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ដែល​កំពុង​អនុវត្ត ខណៈ​កិច្ច​អន្តរាគមន៍​នេះ គឺជា​វិធានការ​បណ្តោះអាសន្ន​ ក្នុងអំឡុងពេល​មាន​វិបត្តិ​ប្រេងឥន្ធនៈ​ជាស​កល​ ។

ការ​ប្រកាស​គាំទ្រ​នេះ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ នៅ​ទី​ស្តី​ក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ពិនិត្យ​លទ្ធភាព ​សម្រាល​បន្ទុក​ចំណាយ​សោហ៊ុយ​ធ្វើ​ដំណើរ ​របស់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ក្នុងអំឡុងពេល​អន្តរកាល​នៃ​វិបត្តិ​ថ្លៃ​ប្រេងឥន្ធនៈ​ជាស​កល ​។

អ្នកស្រី ទូច សើ ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(FTUWKC) បាន​ថ្លែង​ថា អ្នកស្រី​គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ជួយ​អន្តរាគមន៍​បញ្ហា​វិបត្តិ​ប្រេងឥន្ធនៈ​ជាស​កល​បាន​ទាន់​ពេល​។ តំណាង​កម្មករនិយោជិត និង​និយោជក បាន​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមរម្យ​ជួយ​សម្រាល​បន្ទុក​ការ​ចំណាយ​របស់​កម្មករនិយោជិត ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​មាន​ពាក្យ​អ្វី​និយាយ​ទេ ព្រោះ​រំភើប​ខ្លាំង​ពេក ព្រោះ​កន្លង​មក​យើង​ធ្លាប់​ជជែក​គ្នា​ច្រើន​ពី​រឿង​អត្ថប្រយោជន៍​កម្មករ ទម្រាំ​តែ​ជជែក​គ្នា​រក​ចំណុចរួម​មួយ​សមរម្យ ដែល​អាច​ទទួលយក​ទាំងអស់​គ្នា ប៉ុន្ដែ​ការ​ប្រជុំ​លើក​នេះ គឺ​យើង​អត់​បាន​ជជែក​គ្នា​ខ្លាំង​ទេ ហើយ​និយាយ​ឆាប់​ត្រូវ​គ្នា​ទៀត ដោយសារ​យើង​បានដឹង​ច្បាស់​ពី​ស្ថានភាព​ដែល​បាន​កើតឡើង​នៅ​លើ​សកលលោក​»​ ។

លើស​ពី​នេះ​អ្នកស្រី ទូច សើ បាន​បន្ថែម​ថា អ្នកស្រី ក៏​ដូច​ជា​កម្មករ​នឹង​សប្បាយ​រីករាយ​ខ្លាំង ក្រោយ​ពី​បាន​ទទួល​ដំណឹង​នេះ ដោយសា​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​នៅ​ក្នុង​បរិបទ​វិបត្តិ​ប្រេងឥន្ធនៈ​ជាស​កល​នេះ​។ អ្នកស្រី​បាន​អំពាវនាវ​ដល់​កម្មករនិយោជិត​ទាំងអស់ គាំទ្រ​ដល់​ចំណាត់ការ​នេះ និង​ចូលរួម​អនុវត្ត​ទទួលយក​ដំណោះស្រាយ​ដ៏​សមរម្យ​នេះ ​។

ជុំវិញ​ចំណាត់ការ​បែប​នេះ អ្នកស្រី កេ​ន ឆេ​ង​ឡា​ង អនុប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​និយាយ​ថា ក្នុង​នាម​តំណាង​កម្មករនិយោជិត​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង និង​ពេញចិត្ត​ចំពោះ​ចំណាត់ការ​អន្តរាគមន៍​ក្នុង​ការ​ផ្ដល់​អត្ថប្រយោជន៍​បន្ថែម​ដល់​កម្មករនិយោជិត​នៅ​ក្នុង​បរិបទ​ដ៏​លំបាក​នេះ ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​សប្បាយ​រីករាយ​ច​ចំពោះ​ចំណាត់ការ​នេះ បើ​ទោះបីជា​ចំនួន​នៃ​ការ​ផ្ដល់​ជូន​ទៅ​កម្មករ​មិន​បាន​ច្រើន​ក៏​ដោយ ប៉ុន្ដែ​វា​ជា​ចំណែក​ដ៏​សំខាន់​មួយ​ជួយ​សម្រាល​បន្ទុក​ការ​ចំណាយ​របស់​បងប្អូន​កម្មករនិយោជិត​របស់​យើង​។ ការ​ទាមទារ​ដំឡើង​ប្រាក់​ឧបត្ថម្ភ​នានា​ពី​និយោជក គឺ​មិន​ងាយ​ពិភាក្សា​បាន​ជោគជ័យ​ទេ ប៉ុន្ដែ​លើក​នេះ គឺ​មានការ​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល គឺ​យើង​មិន​បាន​ជជែក​គ្នា​អ្វី​ច្រើន​ទេ តែ​យើង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​» ៕ អត្ថបទសហការ