រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យស្ត្រីម្នាក់បំភ្លឺ តើយកប្តី២នាក់ពិតប្រាកដ ឬជាការសម្ដែង ដើម្បីទាក់ទាញអ្នកមើល ?
តាមរយៈបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា ៖ «ថ្ងៃនេះ ខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គល ដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ ។ អ្វីដែលខ្ញុំចង់និយាយ គឺទាក់ទងជាមួយស្ត្រីម្នាក់យកប្ដីពីរ ក្នុងពេលតែមួយ និងរស់នៅជាមួយគ្នា ជិះរថយន្តជាមួយគ្នា ហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា តែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេ។ រូបភាពទាំងអស់នេះ ត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ» ។
សម្តេចតេជោ ហ៊ុន សែន លើកជាសំណួរថា ៖ «តើស្ត្រីម្នាក់នេះយកប្ដី២នាក់ពិតប្រាកដ ឬជាការសម្ដែងដើម្បីទាក់ទាញអ្នកមើល ? ប្រសិនបើគាត់យកប្ដី២នាក់ ពិតប្រាកដ ហើយរស់នៅជាមួយគ្នា ចែកវេនគ្នារួមភេទ គាត់ជាស្ត្រីដ៏មហិមា និងជាស្ត្រី ដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរ ដែលខ្លាំងបំផុត ក្នុងសម័យទំនើបក្រោយរបប ប៉ុល ពត» ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បុរសមានប្រពន្ធពីរ ឬលួចមានស្រី ខំលួចលាក់ ខ្លាចប្រពន្ធឈ្លោះគ្នាផង ខ្លាចច្បាប់ផងខ្លាចប្រពន្ធដឹងផង ព្រមទាំងរដ្ឋធម្មនុញ្ញ ចែងថា (ប្ដីមួយ ប្រពន្ធមួយ) ផង ។
សម្តេចតេជោ ហ៊ុន សែន ក៏សូមបងប្អូន ឬសាមីខ្លួន ជួយបំភ្លឺរឿងនេះផង ប្រសិនបើអាចធ្វើទៅបាន ៕


ចែករំលែកព័តមាននេះ