ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ NBC កម្ពុជា​ចូលរួម​សន្និសីទ​ធំ​មួយ​នៅ​បារាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្ដាល​នៃ​ប្រទេស​និយាយ​ភាសា​បារាំង លើក​ទី​២៥ ចាប់ពី​ថ្ងៃ​ទី​២៣-២៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង…

ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្ដាល​នៃ​ប្រទេស​និយាយ​ភាសា​បារាំង លើក​ទី​២៥ ចាប់ពី​ថ្ងៃ​ទី​២៣-២៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង Bordeaux ប្រទេស​បារាំង​។ សន្និសីទ​នៅ​ឆ្នាំ​២០១៩ នេះ ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ធនាគារកណ្តាល​បារាំង ក្រោម​ប្រធានបទ «​ធនាគារកណ្តាល រដ្ឋាភិបាល និង​សាធា​រណៈ​មតិ​»។

ដោយ​មាន​វត្តមាន​ទេសាភិបាល​មក​ពី​ធនាគារកណ្តាល​ចំនួន ២១ មក​ពី​ទ្វីបអឺរ៉ុប អា​មេ​រិ​ក អាស៊ី​ និង​អាហ្វ្រិក​។ សន្និសីទ​នេះ មាន​គោលបំណង​បង្កើត​ជា​វេទិកា​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ដើម្បី​ផ្តល់​ឱកាស​ជូន​ថ្នាក់​ទេសាភិបាល បាន​ជួបជុំ​រឹតចំណង​មិត្តភាព ព្រមទាំង​ពិភាក្សា ផ្លាស់​ប្តូរ​យោបល់​និង​បទ​ពិសោធន៍​ទៅ​លើ​ការងារ​ចម្បង​របស់​ធនាគារកណ្តាល​។

ប្រធានបទ​នា​ឆ្នាំ​នេះ បាន​លើកយក​មក​ពិភាក្សា​ពី​៖

i/-​ការ​រួមចំណែក​របស់​ធនាគារកណ្តាល​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស ដែល​អង្គប្រជុំ​បាន​បង្ហាញ​ពី​តួនាទី​ដ៏​ចម្បង​របស់​ធនាគារកណ្តាល​ក្នុង​ការ​ដឹកនាំ​គោលនយោបាយ​រូបិយ​វត្ថុ និង​គោលនយោបាយ​ម៉ា​ក្រូ​​ប្រុង​ប្រយ័ត្ន ដែល​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

ii/-​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​ធនាគារកណ្ដាល​ និង​រដ្ឋាភិបាល ក្នុង​ការ​សម្រប​សម្រួលការ​ដឹកនាំ​​គោល​នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ការ​រក្សា​ភាព​ឯករាជ្យ​របស់​ធនាគារកណ្តាល ដែល​មាន​សារ​សំខាន់​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​មុខងារ​ភារកិច្ច​របស់​ខ្លួន

iii/-​គោលនយោបាយ​ និង​ឧបករណ៍​ផ្សព្វផ្សាយ​នៃ​ធនាគារកណ្ដាល ដែល​កាន់តែ​មាន​ភាព​ចាំបាច់​ដល់​សាធារណជន ដើម្បី​បង្កើន​ភាព​ជឿជាក់ និង​គាំទ្រ​ដល់​ការ​អនុវត្ត​គោលនយោបាយ​និង​វិធានការ​នានា

iv/-​តួនាទី​របស់​ធនាគារកណ្ដាល​នៅ​ក្នុង​ការ​បង្កើន​ចំណេះដឹង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

និង v/-​ធនាគារកណ្ដាល បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​វិសមភាព​។

នា​ឱកាស​នោះ ឯកឧត្តម ទេសាភិបាល ក៏​បាន​ចែករំលែក​ពី​ស្ថានភាព​រីក​ចម្រើន​នៃ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា នា​រយៈពេល ២ ទស្សវត្សរ៍​ចុង​ក្រោយ និង​តួនាទី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​រួម​ចំណែក​ដល់​វ​ឌ្ឍ​ភាព​នេះ​។ ការ​រួមចំណែក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ ការ​រក្សា​ស្ថិរភាព​ថ្លៃ​និង​អត្រា​ការ​ប្រាក់ ការ​បង្កើន​ទុនបម្រុង​អន្តរជាតិ ការ​អភិវឌ្ឍ​វិស័យ​ធនាគារ និង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូរ​ទាត់ ជាដើម។

លើស​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អប់រំ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដល់​សាធារណជន​។ ថ្មី​ៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​សម្ភោ​ធ​សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយ​វត្ថុ ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រវត្តិ និង​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សេដ្ឋកិច្ច​និង​រូបិយ​វត្ថុ​កម្ពុជា​ជូន​ដល់​សាធារណជន​។ ម្យ៉ាងទៀត ការ​ផ្តល់​ព័ត៌​មាន​ និង​ស្ថិតិ​នានា​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ងាយស្រួល​ទទួល​បាន និង​ទាន់​ពេលវេលា តាម​រយៈ​គេហទំព័រ និង​បណ្តាញ​សង្គម​នានា​។ ដោយ​សហ​ការ (កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ