បេកាំង៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃទី ២៣ ឧសភា កន្លងមកថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិនបានរិះគន់ដល់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកទាក់ទិននឹងក្រុមហ៊ុនទូរគមនាគមន៍ Huawei ថាជាការបៀតបៀនផ្នែកសេដ្ឋកិច្ច និងបានព្រមានថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការតស៊ូរហូតដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ។
ជម្លោះពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំជាងគេលើពិភពលោកនេះបានតានតឹងឡើងកាន់តែខ្លាំងបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) ចេញបទបញ្ជាដោយយោងតាមមូលហេតុសន្តិសុខជាតិកាលពីសប្តាហ៍មុនដែលបានបង្កឲ្យក្រុមហ៊ុនបរទេសជាច្រើនកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មជាមួយនឹង Huawei ។
រដ្ឋមន្ត្រីការបរទេស Wang Yi របស់ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធក្នុងកិច្ចប្រជុំមួយថា «សហរដ្ឋអាមេរិកប្រើអំណាចរដ្ឋដើម្បីដាក់សម្ពាធលើក្រុមហ៊ុនឯកជនចិនដូចជា Huawei គឺប្រៀបបានជាការបៀតបៀនផ្នែកសេដ្ឋកិច្ច» ។
បទបញ្ជារបស់លោកប្រធានាធិបតីត្រាំហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឲ្យផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗដល់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនក្រោមការគ្រប់គ្រងដទៃទៀតដោយយោងតាមមូលហេតុសន្តិសុខជាតិ និងអត្ថប្រយោជន៍គោលនយោបាយការបរទេស ។
ក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍មកថាពួកគេនឹងកាត់បន្ថយអាជីវកម្មជាមួយនឹង Huawei ហើយមួយថ្ងៃមុន ក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទក្នុងប្រទេសជប៉ុននិងអង់គ្លេសបាននិយាយថាពួកគេនឹងពន្យាពេលការចេញលក់ស្មាតហ្វូនថ្មីៗរបស់ Huawei ផងដែរ ។
យោងទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលបានចេញកាលពីល្ងាចថ្ងៃពុធបានឲ្យដឹងថា លោក Wang បានបន្ត «មនុស្សមួយចំនួនក្នុងសហរដ្ឋអាមេរិកមិនចង់ឲ្យប្រទេសចិនមានសិទ្ធិត្រឹមត្រូវក្នុងការអភិវឌ្ឍន៍ និងចង់ផ្អាកដំណើរការលូតលាស់របស់ក្រុមហ៊ុន»។
ភាគីទាំងពីរមិនទាន់បានព្រមព្រៀងគ្នាលើការបន្តកិច្ចចរចាពាណិជ្ជកម្មឡើយបន្ទាប់ពីកិច្ចប្រជុំកាលពីដើមខែនេះ ដោយលោកប្រធានាធិបតីត្រាំបង្កើនពន្ធលើផលិតផលចិនប្រមាណ ២០០ប៊ីលានដុល្លារ និងប្រទេសចិនបង្កើនពន្ធលើផលិតផលអាមេរិកប្រមាណ៦០ប៊ីលានដុល្លារវិញ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ