ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​លើកលែង​ទិដ្ឋាការ​ជូន​ទេសចរ​អន្តរជាតិ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​គ្រោង​នឹង​លើក​សំណើរ​មួយ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើ​សុំ​ឲ្យ​មានការ​មានការ​លើកលែង​ទិដ្ឋាការ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​គម្រោង​ពង្រីក​ជើងហោះហើរ​ពី​ប្រទេស​ឥណ្ឌា ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ឥណ្ឌា និង​ទេសចរ​ទី​បី​នៅ​ប្រទេស​ឥណ្ឌា​បន្ថែម​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​គ្រោង​នឹង​លើក​សំណើរ​មួយ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើ​សុំ​ឲ្យ​មានការ​មានការ​លើកលែង​ទិដ្ឋាការ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​គម្រោង​ពង្រីក​ជើងហោះហើរ​ពី​ប្រទេស​ឥណ្ឌា ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ឥណ្ឌា និង​ទេសចរ​ទី​បី​នៅ​ប្រទេស​ឥណ្ឌា​បន្ថែម​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ឯ​កិច្ចប្រជុំ​មួយ​ជាមួយនឹង​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា នឹង​លើក​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន ដាក់​ជូន​រាជរដ្ឋាភិបាល​ដោះស្រាយ ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ ។

ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (​ក​.​ផ​.​ផ​) បាន​ឯកភាព​គ្នា​នៅ​ឯ​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ​ថា នឹង​លើកយក​ដំណោះស្រាយ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដាក់​ជូន​រាជរដ្ឋាភិបាល ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ទាក់ទាញ​កំណើន​ទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​បន្ថែម ពិសេស​គឺ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា​។ នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ អង្គប្រជុំ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ពី​របាយការណ៍​ត្រីមាស និង​សេចក្ដី​ព្រាង​បទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ រចនាសម្ព័ន្ធ​ក្រុមប្រឹក្សា និង​រចនាសម្ព័ន្ធ​លេខាធិការដ្ឋាន​របស់ ក​.​ផ​.​ផ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន ក៏​បាន​ឯកភាព ជាមួយ​ប្រធាន និង​សមាជិក ក​.​ផ​.​ផ បាន​លើក​ឡើង​នូវ​បញ្ហា​ជាក់ស្ដែង​មួយ​ចំនួន ដែល​កើត​មាន​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​បច្ចុប្បន្ន ក្នុង​នោះ​រួម​មាន​៖ ១)- កិច្ចការ​ទិដ្ឋាការ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​៖ ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ថោ​ង ខុន លើក​ឡើង​នូវ​មតិយោបល់​ចង់ឱ្យ​មានការ​លើកលែង​ទិដ្ឋាការ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ២)- កិច្ចការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​ក្រៅប្រទេស​នានា ពិសេស​ត្រូវ​ត្រៀមខ្លួន​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​ឆ្នាំ​២០២១ និង​ការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ធំ​ៗ​ដទៃ​ទៀត ដូច​ជា CTM 2019 ការ​ទទួលភ្ញៀវ​ទេសចរ​ចិន ២០០០​នាក់ នា​ពេល​ខាង​មុខ​។

សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ លោក ថោ​ង ខុន បាន​បញ្ជាក់​ថា «​កិច្ចការ​ត​ភ្ជាប់​ជើងហោះហើរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ពី​នាវា​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​ខេត្តសៀមរាប​-​អង្គរ ខណៈ​បច្ចុប្បន្ន​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នេះ​នៅឡើយ​។ ម្យ៉ាងទៀត លោក​ក៏​បាន​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​សម្រាប់​ភ្ញៀវ​ទេសចរ​ប្រភេទ​នេះ​ផង​ដែរ » ។ បន្ថែម​ពីលើ​នេះ កិច្ចប្រជុំ​ក៏​នឹង​ដាក់​ជូន​នូវ​បញ្ហា​មួយ​ចំនួន​ទៀត​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដូច​ជា ៖ កិច្ចការ​ពង្រីក​ជើងហោះហើរ​ពី​ប្រទេស​ឥណ្ឌា ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ឥណ្ឌា និង​ទេសចរ​ទី​បី​នៅ​ប្រទេស​ឥណ្ឌា​បន្ថែម​។ និង កិច្ចការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ឱ្យ​បាន​ច្រើន​នៅ​ខេត្តសៀមរាប ដើម្បី​បំពេញតម្រូវការ​កម្សាន្ត​ជូន​ភ្ញៀវ​ទេសចរ​ក្រៅពី​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​សំខាន់​ដទៃ​ទៀត ពិសេស​លោក​ក៏​បាន​លើក​ពី​បំណង​ចង់​រៀបចំ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ជួរ​ភ្នំ​គូ​លែង​ឱ្យទៅ​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​កម្ពុជា​ផង​ដែរ​។

ក្នុង​នោះ «​បញ្ហា​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ទំនិញ​នានា​ជូន​ភ្ញៀវ​ទេសចរ ខណៈ​ការ​ក្លែងបន្លំ​លក់ទំនិញ​ក្លែងក្លាយ និង​ទំនិញ​គ្មាន​គុណភាព​ឱ្យ​ភ្ញៀវ​នៅ​តែ​មាន​។ ខណៈ បញ្ហា​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នៅ​ក្នុង​ក្រុង​សៀមរាប និង​នៅ​តាម​តំបន់​ទេសចរណ៍​មួយ​ចំនួន​មិន​ទាន់​ត្រូវ​បាន​រៀបចំ​ឱ្យ​សមសួន និង​បង្ក​ការ​រុញ​រា​អំពី​ភ្ញៀវ​ទេសចរ​ដែល​ចង់​ទស្សនា​នៅ​កម្ពុជា​។ ក្រៅពី​នេះ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត ដែល​ប៉ះពាល់​ដល់​ការ​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ ហើយ​អង្គប្រជុំ​បាន​ឯកភាព​គ្នា​នឹង​លើក​បញ្ហា​ទាំងនេះ​ទៅ​ពិភាក្សា​គ្នា​បន្តបន្ទាប់​ទៀត ហើយនឹង​ដាក់​ជូន​រាជរដ្ឋាភិបាល ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ដោះស្រាយ​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ​។

សូម​ជម្រាប​ថា ប្រធាន​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា មាន​សមាភាព​ចូលរួម​ពី​ក្រសួងទេសចរណ៍ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រ​ដ្ឋា​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែ​រ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ដទៃ​ទៀត​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ