ទូរស័ព្ទស្មាតហ្វូន Galaxy Fold មិនទាន់ត្រូវបានបញ្ចេញលក់ដោយក្រុមហ៊ុន Samsung នៅឡើយទេ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនផលិតស្រោមទូរស័ព្ទប្រណីតរបស់រុស្ស៊ីដ៏ល្បីល្បាញឈ្មោះ Caviar បានបង្ហាញពីការរចនាសម្រាប់ Galaxy Fold ដែលសង្ឃឹមថាស្រោមទូរស័ព្ទនេះនឹងទាក់ទាញអ្នកគាំទ្រខ្សែភាពយន្តភាគទូរទស្សន៍រឿង «Game of Thrones» ។ នៅពេលបំពាក់ស្រោមនេះវាក្លាយទៅជាទូរស័ព្ទ Samsung Galaxy Fold Game of Thrones Edition ។
ប្រភពព័ត៌មាន gizmochina បានចេញផ្សាយថា ទូរស័ព្ទ Samsung Galaxy Fold Game of Thrones Edition នេះគឺស្រោមរបស់វាធ្វើពីមាសនៅលើបន្ទះទាំងពីរ ។ ធាតុមាសនេះគឺឆ្លុះបញ្ចាំងពីតួអង្គដ៏ល្បីល្បាញមួយចំនួននៅលើរឿងភាគរបស់ HBO ។
ក្រុមហ៊ុន Caviar បាននិយាយថាស្រោមទូរស័ព្ទនេះនឹងមានត្រឹមតែ ៧គ្រឿងប៉ុណ្ណោះដែលជានិមិត្តសញ្ញានៃផ្ទះចំនួន ៧ និងមានការរចនាប្លែកៗ ។ ស្រោមទូរស័ព្ទ Samsung Galaxy Fold Game of Thrones Edition ទាំង ៧ គ្រឿងនេះមានរួចហើយសម្រាប់ការបញ្ជាទិញជាមុន ។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុនផលិតស្រោមទូរស័ព្ទប្រណីតរបស់ប្រទេសរុស្ស៊ីនេះបានបង្ហាញថាវានឹងចាប់ផ្តើមនៅពេលទូរស័ព្ទ Galaxy Fold បើកលក់ជាផ្លូវការ ។ ចំពោះតម្លៃវិញអ្នកនឹងត្រូវចំណាយរហូតដល់ទៅ ៨២០០ ដុល្លារឯណោះសម្រាប់ទូរស័ព្ទមួយគ្រឿង ដែលនេះគឺវាខ្ពស់ជាងតម្លៃដើមទូរស័ព្ទ Galaxy Fold ដែលមានតម្លៃតែ ១៩៨០ដុល្លារ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ