រាជធានីភ្នំពេញ ៖ នារីរូបស្រស់សោភាម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងស្រាជោកជាំទៅបុកគូទម៉ូតូកង់បីមួយគ្រឿងកំពុងឈប់ស្តុបពីក្រោយបណ្តាលអោយម៉ូតូកង់បីជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងដែលធ្វើដំណើរកាត់ទទឹងផ្លូវគ្នាបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង9នឹង25នាទីយប់ ថ្ងៃទី21 ឧសភា នៅស្តុបវត្តលង្កា ផ្លូវព្រះសីហនុ កែងនឹងផ្លូវ51 សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

រថយន្តបង្កម៉ាក Lexus GS-430 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AA-0977 បើកបរដោយនារីរូបស្រស់ម្នាក់ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ។


តាមប្រភពព័ត៌មានពីលោកពូជាម្ចាស់ម៉ូតូកង់បីរងគ្រោះបាននិយាយប្រាប់អោយដឹងថា មុនកើតហេតុគឺរូបគាត់កំពុងធ្វើដំណើរស្របទិសគ្នាជាមួយនឹងរថយន្តបង្ក តាមមបណ្តោយផ្លូវព្រះសីហនុ ខណៈពេលមកដល់កន្លែងកើតហេតុក៏ឈប់ស្តុបក្រហម ហើយក៏មានរថយន្តរងគ្រោះមួយគ្រឿងទៀត ម៉ាកអូឌី ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-7080 បើកបរដោយបុរសមួយក្រុមធ្វើដំណើរបញ្ច្រាសទិសគ្នា មកដល់ស្តុបវត្តលង្កាក៏បត់ឆ្វេងឆ្លងចូលផ្លូវ51 ។

ខណៈនោះស្រាប់តែរថយន្តបង្កបើកបរដោយនារីម្នាក់ក្នុងស្ថានភាពស្រវឹងស្រាជោកជាំនោះទៅបុកគូទម៉ូតូកង់បីពីក្រោយបណ្តាលអោយម៉ូតូកង់បីបន្តជ្រុលទៅបុកចំទ្វារក្រោយរថយន្តម៉ាកអូឌី ចំហៀងខាងស្ដាំពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ចំណែកម៉ូតូកង់បីខូចខាតកាងមុខ និងក្រពឹតកាក្រោយបន្តិច ។


ភ្លាមៗបន្ទាប់ពីកើតហេតុភាគីរងគ្រោះទាំង២ ក៏បាននាំគ្នាចចារជាមួយនារីរូបស្រស់នោះដែរ តែនិយាយមិនត្រូវគ្នា ព្រោះនាងស្រវឹងនិយាយលែងដឹងអី ថែមទាំងនិយាយស្ដីមើលងាយគេឯងពេញផ្លូវ ធ្វើអោយមហាជនដែលចោមរោមមើលហេតុការណ៏ហួសចិត្តគ្រប់គ្នា ព្រោះរូបរាងមើលទៅស្អាតបាត តែបែរជាអត្តចរិកឆ្មើងឆ្មៃទៅវិញ ។

ការចចារមិនត្រូវគ្នាគេក៏អោយនាងហៅគ្រួសារមកដោះស្រាយជំនួសមួយសន្ទុះក្រោយមាននារីរូបស្រស់ម្នាក់ទៀតត្រូវជាមិត្តភក្ដិមកចចារសងជំនួសដោយនាងសងទៅម៉ូតូកង់បីចំនួន180ដុល្លារខាងរងគ្រោះក៏ព្រមទទួលយកសំណង ។

ចំណែករថយន្តអូឌីស៊េរីទំនើបនោះខាងរថយន្តបង្កបានអោយម្ចាស់យកទៅជួសជុលដោយខ្លួនឯង ដោយនាងតម្កល់ទុកអត្តសញ្ញាណ និងប័ណ្ណបើកបរទៅអោយជនរងគ្រោះពេលជួសជុលរថយន្តអស់តម្លៃប៉ុន្មានគឺនាងជាអ្នកចេញសងជំនួសហើយយកឯកសារត្រលប់មកវិញដើម្បីបញ្ចប់រឿង ៕
កែសម្រួលដោយ ៖ សំណាង
https://www.facebook.com/KohSantepheapFireBuzz/videos/2613132392040027/
ចែករំលែកព័តមាននេះ