(កែសម្រួលដោយ៖ សុឃាក់)
ខេត្តប៉ៃលិន ៖ បេតិកភណ្ឌធម្មជាតិ និងវប្បម៌ គឺជាកេរតំណែលរបស់ដូនតាសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ ។ ដូច្នេះយើងជាមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមថែរក្សា និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ឱ្យបានគង់វង្ស ។ ដើម្បីថែរក្សាសម្បត្តិទាំងនោះឱ្យបានគង់វង្ស លុះត្រាតែមានការចូលរួមពីយើងទាំងអស់គ្នា នៅគ្រប់មជ្ឈដ្ឋាន ហើយត្រូវតែចាត់ទុកសម្បត្តិទាំងនោះជារបស់យើងទាំងអស់គ្នា ពិសេសប្រជាសហគមន៍ ដែលរស់នៅជុំវិញតំបន់នោះតែម្តង ។
លោកធូ ភា អភិបាលរងខេត្តប៉ៃលិនបានថ្លែងដូចនេះ នៅក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិស្តីពី«ការគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ-វប្បធម៌» ដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត និងប្រជាសហគមន៍នៅក្បែរតំបន់បេតិកភណ្ឌទាំងនោះ ។ ឯកឧត្តមក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ គ្រប់ស្ថាប័នមន្ទីរចំណុះ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ត្រូវតែចេះស្រឡាញ់បេតិកភណ្ឌ -វប្បធម៌ជាតិ ហើយរួមគ្នាថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។
ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យដឹងដែរថា នៅក្នុងខេត្តប៉ៃលិនមានតំបន់ការពារធម្មជាតិមួយកន្លែង គឺតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត មានផ្ទៃដីចំនួន៦០.០០០ ហិកតា ក្នុងនោះខេត្តប៉ៃលិន មានផ្ទៃដី៣៨.២០៩ហិកតា ឆ្នាំ២០០៣ តំបន់នោះបានសម្របសម្រួលជូនប្រជាពលរដ្ឋអាស្រ័យផលទំហំ៦៨០៣ហិកតា ។ មួយកន្លែងទៀត គឺជាតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិភ្នំយ៉ាត ជាតំបន់មានវត្តអារាមរុក្ខជាតិជាច្រើនដូចជា គគីរ បេង ធ្នង់ ឈើក្រំ ខាងក្រោមដីមានរ៉ែត្បូ ងដែលមានតម្លៃដូចជា ទទឹម កណ្តៀង និល តង ប៊ុត ជាប្រភេទភ្នំ ។
លោកបន្តទៀតថា ចំណែកទីតាំងភ្នំ នេះ គឺនៅជាប់ផ្លូវជាតិលេខ៥៧ ទល់មុខផ្ទះប្រជាពលរដ្ឋ ខាងត្បូងជាប់នឹងផ្លូវលំធ្វើពីបេតុងព័ទ្ធជុំវិញភ្នំទាំងមូល ។ តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិភ្នំយ៉ាត មានទំហំផ្ទៃដីសរុបចំនួន២៣ហិកតា នៅចំណុចភ្នំយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង និងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ជាមួយគ្នានោះដែរលោកបណ្ឌិតលឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គ នាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីច្បាប់គតិយុត្តិ និងរបៀបការការពារថែរក្សា តំបន់បេតិកភណ្ឌធម្មជាតិ – វប្បធម៌ ដល់សិក្ខាកាមយល់ដឹងកាន់តែច្បាស់ អំពីបទល្មើសដែលប៉ះពាល់ទៅដល់សម្បត្តិទាំងនោះអាចមានទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់កំណត់ ៕
ចែករំលែកព័តមាននេះ