លឿន​មិន​ប្រណី​ដៃ​ចុង​ក្រោយ​មាន​តែ​ចូល​ពេទ្យ​ហើយ


(កែសម្រួលដោយ៖សុឃាក់)

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កូ​ប​ពី​មួយ​គ្រឿង​បោះពួយ​យ៉ាង​ល្បឿន​ដូច​ហោះ​មិន​បាន​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២០ ខែឧសភា​នេះ ត្រង់​ចំណុច​ខាងជើង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក តាម​បណ្ដោយ​ផ្លូវ​១៥៦​កែង​នឹង​ផ្លូវ​២៥៧ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​រ៉េ​ន​រ៉ូ​វើ​រ ពណ៌​ស ពាក់​ស្លាក​លេខ 2AB-1888 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៥៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួច​ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​១៥៦ ខណៈ​ដែល​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FI-8316 បើកបរ​ដោយ​បុរស​ម្នាក់​តាម បណ្ដោយ​ផ្លូវ​១៥៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿ​យ៉ាង​លឿន​ដូច​ហោះ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ខាងលើ​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ។

ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ដោយឡែក​រថយន្ត​បាន​រង​ការ​ខូចខាត​បែក​កញ្ចក់ និង​ក្រពឹត​កាង​ទ្វារ​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ ។ ភ្លាម​នោះ​អ្នកបើកបរ​រថយន្ត​មិន​បាន​ឈប់​រថយន្ត​ចុះ​មក​ធ្វើការ​ដោះស្រាយ​គ្នា​នោះ​ទេ បែរជា​ព្យាយាម​បើក​រត់គេច​ខ្លួន​ទៅ​មុខ​បាន​ចំណាយ​ប្រមាណ​៥០០​ម៉ែត្រ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ឃើញ​ក៏​ជិះ​ដេញ​តាម និង​ស្ទាក់​ឃាត់​បាន ។ ពេល​នេះ​អ្នកបើកបរ​រថយន្ត​ក៏​បាន​បើករថយន្ត​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ​រួច​ក៏​បាន​ចុះ​ពីលើ​រថយន្ត​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ
សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ ដោយឡែក​រថយន្ត និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ