ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រឈម​មួយ​ចំនួន​ធំ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​នាំ​អង្ករ​គ្រប់ ចំនួន​ដែល​មហាមិត្ត​ដែកថែប​ផ្តល់​កូតា​ថ្មី ៤០​ម៉ឺន​តោន​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ប្រទេស​មហាអំណាច​ចិន​ដែល​ត្រូវ​បាន​ចាត់ទុកជា​មហាមិត្ត​ដែកថែប​របស់​កម្ពុជា​បាន​ចុះ​អនុ ស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជា​ផ្លូវការ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​នាំ​អង្ករ​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​គិត​ចាប់ពី​ឆ្នាំ ២០១៩ រហូត​ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២០​ក៏​ពិតមែន…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ប្រទេស​មហាអំណាច​ចិន​ដែល​ត្រូវ​បាន​ចាត់ទុកជា​មហាមិត្ត​ដែកថែប​របស់​កម្ពុជា​បាន​ចុះ​អនុ ស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជា​ផ្លូវការ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​នាំ​អង្ករ​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​គិត​ចាប់ពី​ឆ្នាំ ២០១៩ រហូត​ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២០​ក៏​ពិតមែន តែ​កម្ពុជា​មិន​រំពឹង​ថា​អាច​នាំ​ចេញ​តាម​ចំនួន​កូតា​ដែល​បាន​ផ្តល់​ឲ្យ​នេះ​ទេ ព្រោះ​មាន​បញ្ហា​ប្រឈម​ចម្បង​ៗ​មួយ​ចំនួន​ជា​ឧបសគ្គ​រារាំង​ការ​នាំ​ចេញ​នេះ ។

អ្នក​រកស៊ី​ខាង​វិស័យ​ស្រូវ​អង្ករ​បាន​បញ្ជាក់​ថា​បញ្ហា​ចោទ​ធំ​ៗ​ជា​ច្រើន​ដែល​ជា​ឧបសគ្គ​រារាំង​ដល់​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ទីផ្សារ​របស់​ប្រទេស​ចិន គឺ​ពាក់ព័ន្ធ​នឹង​តម្លៃ​ប្រកួតប្រជែង​អង្ករ​ដែល​ចិន​អាច​នឹង​ទិញ​អង្ករ​ពី​ប៉ា​គី​ស្ថាន ឬ​ពី​វៀតណាម​ក្នុង​តម្លៃ​ថោក ។ ចំណុច​បញ្ហា​ប្រឈម​មួយទៀត​គឺ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​កូតា​ពី​ភាគី​ខាង​ចិន​មាន​ភាពយឺត​យាវ និង​បញ្ហា​ចម្បង​របស់​យើង​មួយទៀត គឺ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​តែ​ម្តង ។
លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា រដ្ឋាភិបាល​ចិន​បាន​បន្ត​ផ្តល់​កូតា​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ ២០២០ ចំនួន​ប្រមាណ ៤០​ម៉ឺន​តោន ។ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​តាម​រយៈ​កូតា​ថ្មី​នៅ​ឆ្នាំ​២០១៩​នេះ គឺ​បាន​ចាប់ផ្តើម​តាំងពី​ដើមឆ្នាំ​រហូត​មក​សព្វ​ថ្ងៃនេះ ដែល​សរុប​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​នាំមុខ​គេ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។

«​និយាយ​ជា​រួម ការ​ផ្តល់​កូតា​ពី​ចិន​ក្នុង​ទំហំ​ធំ ឬ​ច្រើន​វា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ពិសេស​អ្នក​ដែល​រកស៊ី​ក្នុង​វិស័យ​ស្រូវ​អង្ករ​។ ប៉ុន្តែ​បញ្ហា​គឺថា​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ចិន​គ្រប់​កូតា ឬ​មិន​គ្រប់​វា​អាស្រ័យ​ទៅ​លើ​តម្លៃ​អង្ករ​។ បើសិន​ចិន​គាត់​ទិញ​អង្ករ​ពី​ប៉ា​គី​ស្ថាន ឬ​ពី​វៀតណាម​ក្នុង​តម្លៃ​ថោក អីចឹង​អង្ករ​របស់​កម្ពុជា​យើង​ក្នុង​ការ​ប្រជែង​តម្លៃ​នេះ វា​ក៏​នឹង​ជួប​ឧ​ប​ស័គ្គ​ត្រង់នេះ​មាន​ន័យ​ថា ទាល់តែ​ចិន​ហ៊ាន​ទិញ​ក្នុង​តម្លៃ​សម​ស្រប​ទៅ​នឹង​ប្រទេស​កម្ពុជា​ផលិត​អង្ករ​បាន​។ ដោយសារ​តម្លៃ​ប្រកួតប្រជែង​នាំ​ចេញ​ទាប​ពេក​ទៅ​ទីផ្សារ​ចិន អីចឹង​អ្នក​នាំ​ចេញ​និង​ម្ចាស់​រោង​ម៉ាស៊ីន​គាត់​ងាក​ទៅ​ទីផ្សារ​ប្រទេស​ផ្សេង​វិញ​ទាំង​នៅ​សហ​គម​អឺរ៉ុប​និង​អាស៊ាន​។ ដូចនេះ​គោលដៅ​នៃ​ការ​នាំ​ចេញ​វា​អាស្រ័យ​លើ​ការ​ប្រកួតប្រជែង​តម្លៃ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក​ឧកញ៉ា​អំពី​បញ្ហា​ប្រឈម​ក្នុង​ការ​ដែល​កម្ពុជា​នឹង​មិន​អាច​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស​ចិន ឲ្យ​បាន​គ្រប់​ចំនួន​កូតា​ថ្មី​នេះ ។

លោក​ឧកញ៉ា ក៏​បាន​លើក​ឡើង​ថា ភាគី​កម្ពុជា​-​ចិន បាន​លើក​ឡើង​នូវ​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស​ចិន ជាមួយនឹង​កូតា​ចាស់ ៣០​ម៉ឺន​តោន​អនុវត្ត​ចប់​ត្រឹម ឆ្នាំ​២០១៨ គឺថា​គ្រានោះ ដោយសារ​តម្លៃ​អង្ករ​ឡើងថ្លៃ បាន​ធ្វើ​ឱ្យ​រោង​ម៉ាស៊ីន​ធ្វើការ​ផ្គត់ផ្គង់​ទៅ​ប្រទេស​ដទៃ​ក្រៅពី​ចិន ដូច្នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ចិន​បាន​ត្រឹមតែ​ជាង​១៧​ម៉ឺន​តោន​នៃ​កូតា ៣០​ម៉ឺន​តោន​នោះ ។

ចំណែក លោក កាន់ គ​ន្ធី អគ្គនាយករង​នៃ​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា តាម​បទ​ពិសោធន៍​កន្លង​ទៅ​កម្ពុជា​ទទួល​បាន MOU ពី​ចិន​ចំនួន​៣០​ម៉ឺន​តោន តែ​ការ​នាំ​ចេញ​មិន​បាន​ដល់​២០​ម៉ឺន​តោន​ផង ហើយ​វា​មាន​ហេតុផល​ច្រើន​ទៀត​ពាក់ព័ន្ធ​លើ​បញ្ហា​នេះ ។ លោក​អគ្គនាយករង​នៃ​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ បាន​បន្ត​ថា «​នៅ​ឆ្នាំ​នេះ វា​ក៏​មិនជា​ខុស​ប្លែក​កាលពី​ឆ្នាំទៅ​ដែរ បរិមាណ​អង្ករ​៤០​ម៉ឺន​តោន​នេះ យើង​មិន​អាច​នាំ​ចេញ​គ្រប់​ចំនួន​៤០​ម៉ឺន​តោន​បាន​ទេ ។ គឺ​បញ្ហា​អាច​មក​ពី​ភាគី​ខាង​ចិន ទម្លាក់​កូតា​យឺត​យា​៉​វ ។ ឧទាហរណ៍​ដល់​រដូវ​កាល​ប្រមូល​ផល​ស្រូវម្លិះ ដល់​ពេល (​ស្រូវម្លិះ​) ជិត​អស់​ទើប​ទម្លាក់​កូតា​មក អីចឹង​វា​អាច​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​អង្ករ​សម្រាប់​ផ្គ​គ់​ផ្គង់​។ សម្រាប់​ចំនួន​៤០​ម៉ឺន​តោន​នេះ ខ្ញុំ​យល់​ថា​មិន​អាច​នាំ​ចេញ​បាន​ទេ បើ​បាន​ត្រឹមតែ​៣០​ម៉ឺន​តោន​ចង់​ច្រើន​ពេក​ហើយ ដោយសារ​បញ្ហា​ចម្បង​របស់​យើង​គឺ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​របស់​យើង​»​។លោក កាន់ គ​ន្ធី បាន​បន្ត​ថា « បើសិន​យើង​អាច​នាំ​ចេញ​បាន​ត្រឹមតែ​៣០​ម៉ឺន​តោន​នៃ​ចំនួន​សរុប​៤០​ម៉ឺន​តោន យើង​គិត​ថា​វា​ជោគជ័យ​ហើយ ។ ​យើង​ត្រូវ​យល់​ថា​ខ្មែរ​យើង​អាច​នាំ​ចេញ​អង្ករ​ក្នុង​មួយ​ឆ្នាំ​បាន​ប្រមាណ​៥០​ទៅ​៦០​ម៉ឺន​តោន​ទេ​»​។

លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​ឲ្យ​ដឹងផង​ដែរ​ថា​មក​ដល់​សព្វ​ថ្ងៃនេះ​អ្នក​ដែល​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​មាន​តែ ២៦​រោង​ម៉ាស៊ីន ដែល​ប្រទេស​ចិន​គាត់​ទទួលស្គាល់​ថា​អាច​នាំ​ចូល​ទៅ​ទីផ្សារ​ចិន​បាន ហើយ​ក៏​មាន​ក្រុមហ៊ុននាំចេញ​អង្ករ​ជាង​១០​ផ្សេង​ទៀត​ដែល​បាន​សហការ​ជាមួយ​រោង​ម៉ាស៊ីន​នាំ​ទៅ​ទីផ្សារ​ប្រទេស​ចិន​បាន​។

សូម​បញ្ជាក់​ថា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ស្រប​តាម​គោលនយោបាយ​ស្រូវ​អង្ករ​ជាតិ ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមហ៊ុន​សាជីវកម្ម​កូ​ហ្វ​កូ (COFCO) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​នាំ​អង្ករ​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០១៩ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចិន​។ ក្នុង​កិច្ចព្រមព្រៀង​នោះ​បាន​បញ្ជាក់​ថា «​ភាគី​ចិន យល់ព្រម​ទិញ​អង្ករ​ផ្កាម្លិះ អង្ករ​ក្រអូប អង្ក​រស និង​ចុងអង្ករ របស់​ប្រទេស​កម្ពុជា ក្នុង​បរិមាណ ៤០​ម៉ឺន​តោន ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ រហូត​ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២០» ។ ជាមួយ​គ្នា​នោះ​ផង​ដែរ យន្តការ​អនុវត្ត​នៃ​អនុស្សរណៈ​នេះ​នឹង​ចូល​ជា​ធរមាន​ភ្លាម បន្ទាប់​ពី​គូភាគី​ទាំង​ពីរ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សរណៈ​ដំបូង ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ ស្តី​ពី​ការ​ចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន​។

យ៉ាងណាមិញ ការ​នាំ​ចេញ​ក្នុង​លក្ខខណ្ឌ​កូតា​ថ្មី​នេះ តាម​អ្នកជំនាញ​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន តាម​រយៈ​ចិន​ផ្តល់​កូតា​ថ្មី​ចំនួន​៤០​ម៉ឺន​តោន គេ​បាន​ធ្វើ​នាំ​ចេញ​ជា​បណ្តើរ​ៗ​ហើយ ដែល​នៅ​ក្នុង​រយៈពេល​៤ ឬ​៥​ខែ​កន្លង​មកនេះ គឺ​នាំ​ចេញ​អង្ករ​បាន​ប្រហែល​១០​ម៉ឺន​តោន ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ចាន់ សុខ​ទី អគ្គនាយក​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ កាលពី​ថ្ងៃ ទី​១៦ ខែឧសភា​។ លោក​បាន​បន្ត​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ធ្វើ​ឡើង​តាម​រយៈ​កូតា​បើ​តាម​លោក អគ្គនាយក​« គេ​កំពុង​តែ​អនុវត្ត​បន្ត​មករ​ហូត គេ​បន្ត​មករ​ហូត​តាំងពី​ឆ្នាំ​២០១៨ អត់​មាន​ផ្អាក​ឬ​ឈប់​អ្វី​នោះ​ទេ​» ។
យោង​តាម​របាយការណ៍​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បានឱ្យ​ដឹង​ថា «​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​បរទេស​សរុប​ជាង​២១​ម៉ឺន​តោន កើនឡើង​ប្រមាណ​ជាង​៨%​បើ​ប្រៀបធៀប​និង​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៨​។ ក្នុង​រយៈ​៤​ខែ​កន្លង​ទៅ​នេះ​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​មាន​ជាង​៩​ម៉ឺន​តោន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ