ខេត្តរតនគិរី ៖ តាមប្រភពព័ត៌មានឱ្យដឹងថា ពេលនេះកក្រើកទៀតហើយដែលនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានរថយន្តគ្រប់ប្រភេទនិងជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ដឹកឈើខុសច្បាប់ពេញៗរថយន្តចូលទៅប្រទេសវៀតណាម ។ តាមការសង្កេតរយៈពេល៥ទៅ៦ថ្ងៃនេះ គេសង្ស័យថា សមត្ថកិច្ចបើកភ្លើងខៀវឱ្យមេឈ្មួញជាជនជាតិវៀតណាមជាច្រើនក្រុម ចូលមកលុកលុយដើរទិញឈើខុសច្បាប់ស្ទើរតែគ្រប់ស្រុកក្នុងទឹកដីខេត្តរតនគិរី ។
លុះពេលប្រមូលបានឈើច្រើនហើយ ឈ្មួញវៀតណាមបានជួលខ្មែរឲ្យដឹកតាមរថយន្តដោយគិតក្នុងតម្លៃ១គីឡូក្រាមឈើ ១.០០០រៀល ដែលខ្លះដឹកតាមរថយន្តសាំយុ៉ងខ្លះឡិចស៊ីស ខ្លះឡង់គ្រីស្ស័រកាត់ទ្រុង និងខ្លះរថយន្តបាឡែន ដែលក្នុង១ថ្ងៃៗមានរហូតដល់២០ទៅ៣០គ្រឿង ។
ជាក់ស្ដែង នៅថ្ងៃទី១៨ ខែឧសភា នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ រថយន្តជាច្រើនគ្រឿង ដឹកឈើខុសច្បាប់ពេញៗរថយន្តចូលទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូន ។
ទាក់ទងនឹងជំនួញឈើខុសច្បាប់នេះដែរ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនខ្មែរ-វៀតណាម បានប្រាប់អ្នកយកព័ត៌មានថា ច្រករបៀងភ្នំក្រហម ស្ថិតក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ធំ ស្រុកអូរយ៉ាដាវ ក៏មានរថយន្តឡង់គ្រីស្ស័រកែច្នៃជាច្រើនគ្រឿង និងម៉ូតូ៣០ទៅ៤០គ្រឿង ធ្វើសកម្មភាពដឹកឈើយ៉ាងមមារញឹកដែរ ។
មិនយួរទេ ព្រៃឈើខ្មែរពិតជារលាយហើយ បើមន្ត្រីមានសមត្ថកិច្ចខ្លះបន្តការពាក់ព័ន្ធឃុបឃិតគ្នាយកលុយដាក់ហោប៉ៅរបស់ខ្លួន ដោយមិនឈឺក្បាលហាលថ្ងៃនឹងការវិនាសហិនហោចព្រៃឈើនោះ ៕
ចែករំលែកព័តមាននេះ