រាជធានីភ្នំពេញ ៖ ធនាគារពាណិជ្ជនានានៅកម្ពុជា បាននឹងកំពុងបង្កើនដើមទុនក្នុងការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ និងកម្ចីសម្រាប់វិស័យសំណង់មានចំនួនជាង៣០ភាគរយនៃផលប័ត្ររបស់ពួកគេ ដែលភាគរយនៃប្រាក់កម្ចីទាក់ទងនឹងអចលនទ្រព្យមានការកើនឡើងយ៉ាងខ្លាំងធៀបនឹងឆ្នាំមុនៗ និងស្របពេលជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេសធំៗ ដែលភាគច្រើនមកពីប្រទេសចិន។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។
យោងតាមរបាយការណ៍នៃធនាគារជាតិនៃកម្ពុជាបានបង្ហាញថា វិស័យអចលនទ្រព្យ ត្រូវបានគាំទ្រដោយលំហូរចូលវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់សកម្មភាពសំណង់ និងអចលនទ្រព្យដែលមានចំនួន២០ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសសរុបនៅឆ្នាំ២០១៨ និងកើនឡើង២៧,៥ភាគរយ។ ទន្ទឹមនឹងនេះដែរប្រាក់កម្ចីពីធនាគារដល់វិស័យសំណង់ និងសកម្មភាពអចលនទ្រព្យ ដែលមានប្រហែល១៧,១ភាគរយនៃប្រាក់កម្ចីធនាគារសរុបបានកើនឡើង៣៥,៤ ភាគរយនៅក្នុងឆ្នាំ ២០១៨។
ព្រមជាមួយគ្នានេះផងដែរ ធនាគារក៏បានពង្រីកឥណទានយ៉ាងឆាប់រហ័សដល់វិស័យអចលនទ្រព្យ និងផលិតផលហិរញ្ញវត្ថុ ដែលទាក់ទងនឹងប្រាក់កម្ចីអចលនទ្រព្យពី ១៦,៥ភាគរយ នៃឥណទានសរុបក្នុងឆ្នាំ២០១២ ដល់ ២៧,៦ ភាគរយនៅឆ្នាំ ២០១៨។យ៉ាងណាមិញ ក្រុមហ៊ុន Moody’s Investors Service Inc. និងភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ច បានកត់សម្គាល់នៅក្នុងរបាយការណ៍ឥណទានប្រចាំឆ្នាំរបស់ខ្លួនថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងល្បឿនមួយជាមួយកំណើនប្រកបដោយស្ថិរភាព ដោយសារតែមានការវិនិយោគដោយផ្ទាល់ពីប្រទេសចិននៅក្នុងវិស័យអចលនទ្រព្យ។
ប៉ុន្តែរបាយការណ៍នេះក៏បានព្រមានដែរថា «ការពឹងផ្អែករបស់វិស័យធនាគារទៅលើវិស័យអចលនទ្រព្យ អាចធ្វើឱ្យវិស័យហិរញ្ញវត្ថុជួបហានិភ័យ ប្រសិនបើការវិនិយោគពីបរទេសលែងហូរចូលកម្ពុជា ដោយសារការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន និងការព្រួយបារម្ភរបស់វិបត្តិសេដ្ឋកិច្ចពិភពលោក» ។ ធនាគារកំពុងចាប់ផ្តើមគិតគូពីភាគរយ នៃប្រាក់កម្ចីអចលនទ្រព្យនៃផលប័ត្រសរុបរបស់ពួកគេ ដោយធ្វើតាមការក្រើនរំលឹកពីធនាគារជាតិ អំពីការផ្តល់កម្ចីច្រើនពេកដល់បុគ្គល ឬអង្គភាពដោយគ្មានកំណត់ត្រាហិរញ្ញវត្ថុត្រឹមត្រូវ។
លោក Mohd Hanif Suadi អគ្គនាយកប្រតិបត្តិធនាគារ Maybank Cambodia មានប្រសាសន៍ថា «ប្រទេសកម្ពុជាគឺដូចប្រទេសម៉ាឡេស៊ីកាលមុន។ ឥណទានគឺជាសុពលភាព។ អ្វីដែលអ្នកប្រាប់ខ្ញុំ តើខ្ញុំនឹងធ្វើឱ្យមានសុពលភាព។ អ្នកប្រាប់ខ្ញុំថា អ្នកចង់បានកម្ចី ១០ ម៉ឺនដុល្លារ”។ លោកបន្ថែមថា “តើយើងធ្វើឱ្យមានសុពលភាពយ៉ាងដូចម្តេច0x017d7 យើងធ្វើវាឲ្យសុពលភាពតាមរយៈការមើលលើអចលនទ្រព្យ ឬទ្រព្យសម្បត្តិ និងមើលថាតើទ្រព្យទាំងនោះ អាចត្រូវបានប្រែជាលំហូរសាច់ប្រាក់បានឬទេ។ នោះកំណត់ថាតើអ្នកអាចបង់ប្រាក់ឬអត់។ ប៉ុន្តែអ្នកទាំងនោះមិនត្រូវបានកត់ត្រាទុកទេ» ។ លោក បានបន្តទៀតថា «ដូច្នេះតើយើងបង្កើតកិច្ចការងារ ដើម្បីចាប់ផ្តើមរក្សាកំណត់ត្រាហិរញ្ញវត្ថុយ៉ាងដូចម្តេច ?» ។
ជាក់ស្តែងអតិថិជនមួយរូបដែលទទួលបានកម្ចីសម្រាប់ការទិញអចនទ្រព្យបានលើកឡើងថាមួយរយៈចុងក្រោយនេះ ការខ្ចីជាលក្ខណៈបុគ្គលដើម្បីទិញអចលទ្រព្យ (ផ្ទះ) គឺមានច្រើនឡើង ដោយសារតែភាពងាយស្រួលនៃការទទួលបានកម្ចី និងការប្រកួតប្រជែងល្អប្រសើរជាងមុនពាក់ព័ន្ធនឹងអត្រាការប្រាក់ពីធនាគារដែលប្រកួតប្រជែងគ្នា តែក៏ជាបញ្ហាប្រឈមផងដែរនៅពេលមានការផ្តល់ជូននូវការខ្ចីខាងអចលនទ្រព្យពុំបានគិតដល់លទ្ធភាពបង់សងវិញរបស់អ្នកខ្ចី ៕
ចែករំលែកព័តមាននេះ