ខេត្តកោះកុង ៖ យុវជនម្នាក់បានស្លាប់ និងយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង ។ បន្ទាប់ពីកើតហេតុ ភាគីខាងរថយន្តបានបើកគេចខ្លួនដែលមានចម្ងាយប្រមាណ២០០ម៉ែត្រពីកន្លែងកើតហេតុ ហើយក៏ចតរថយន្តចោល រួចអ្នកបើកបររត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីនៅយប់៧និង៣០នាទីយប់ថ្ងៃទី១៧ ឧសភា ២០១៩ នៅចំណុចភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ។
ជនរងគ្រោះទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ តាំង ឆៃហ្វូ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស មានទីលំនៅភូមិ-ឃុំស្រែអំបិល ស្រុកស្រែអំបិល បានស្លាប់ និងម្នាក់ទៀតឈ្មោះ សៀង ដែន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល បានរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនC125 ពាក់ផ្លាកលេខ កោះកុង ១B-៥៩៨២ ។
ចំណែកភាគីខាងរថយន្តជាប្រភេទរថយន្តដឹកទំនិញធុនធំ ដោយផ្នែកខាងក្បាលរថយន្ត ពាក់ស្លាកលេខ ព្រះសីហនុ ៣A -០៥១៧ រីឯផ្នែកខាងកន្ទុយ ពាក់ស្លាកលេខ ព្រះសីហនុ ៤A-១៣០២ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ