រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាស្កូបពី ១គ្រឿង វ៉ាជែងរថយន្តធុនតូច ១គ្រឿង នៅខាងមុខ ស្របទិសគ្នា ហើយក៏ជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ពេញទំហឹង ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យបុរសអ្នកជិះម៉ូតស្កូបពីនោះ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង រីឯបុរស ដែលជាអ្នកជិះម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសដែលស្លាប់នោះឈ្មោះ ឃឹម គឹមសាន (KHIM KIMSAN) អាយុជាង៣០ឆ្នាំ ធ្វើការនៅក្រុមហ៊ុន អូសិន អឹភែរឹល មេនូហ្វេកឆឺរីង ឯ.ក ជិះម៉ូតូម៉ូតូ ១គ្រឿង ម៉ាកហុងដាស្កូបពីពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1MC-3022 ។ មានស្រុកកំណើតនៅភូមិទឹកល្អក់ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ដោយឡែកភាគីម្ខាងទៀត ជាបុរសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ រងរបួសធ្ងន់ធ្ងរ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY-2471 ។
អ្នកភូមិខាងលើ បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញម៉ូតូហុងដាស្កូបពី ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមិនចាំម៉ាក ១គ្រឿង ដែលបើកស្របគ្នា ។ ពេលនោះក៏បានវាក់ជាមួយម៉ូតូហុងដាឌ្រីមសេ១២៥ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើងពេញទំហឹង បណ្ដាលឲ្យខាងភាគីម៉ូតូ ស្កូបពីបែកក្បាលស្លាប់ក្នុងថ្លុកឈាម ចំណែកភាគីម៉ូតូហុងដាឌ្រីមរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ អ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកុសុមៈ ចំណែកនគរបាលខណ្ឌកំបូលនិងនគរបាលប៉ុស្តិ៍កន្ទោក បានចុះទៅវាស់វែង រួចនាំយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ព្រមទាំងប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕














ចែករំលែកព័តមាននេះ