តើ​អ្វី​ដែល​ជម្រុញ​ឲ្យ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​មួយ​ចេញ​មុខ​ជួយ​កម្ពុជា​ក្នុង​បញ្ហា EBA ?


រាជធានី​ភ្នំពេញ ៖ ខណៈ​អ្នកបញ្ជា​រទិញ ក៏​ដូច​ជា​អ្នកវិភាគ​មួយ​ចំនួន​រួម​ទាំង​ធនាគារពិភពលោក​ផង​នោះ បាន​សម្តែង​ការ​ព្រួយ​បារ​ម្ម​ណ៍​ថា​ការ​ដក​យក​ចេញ​នូវ «​អ្វី​ៗ​ទាំងអស់​វៀរលែងតែ​អាវុធ​» (Everything But Arms) ហៅ​កាត់​ថា EBA ពេញលេញ​នោះ នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និង​នយោបាយ​របស់​ប្រទេស​កម្ពុជា ស្រាប់តែ​ថ្មី​ៗ​នេះ អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ហៅ​កាត់​ថា IDC-CDI បាន​ចេញ​មុខ​ការពារ​កម្ពុជា និង​បាន​សរសេរ​លិខិត​ទៅ​សហភាព​អឺរ៉ុប​ស្នើ​សុំ​ផ្តល់​យុត្តិធម៌​ដល់​ប្រទេស​ក្រីក្រ​មួយ​នេះ ។

បើ​តាម​សេចក្ដី​ស្នើ​សុំ​របស់​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ផ្ញើ​ជូន​សហភាព​អឺរ៉ុប​កាលពី​ដើមខែ​មុន​នេះ បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ផ្ដល់​ភាព​យុត្តិធម៌​ដល់​កម្ពុជា ចំពោះ​រឿង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា ខណៈ​កម្ពុជា​នៅ​តែ​ត្រូវការ​ប្រព័ន្ធ​នេះ ដើម្បី​ជួយ​ដល់​ប្រជាជន​រាប់​លាន​នាក់ ដែល​ទទួលផល​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ ។ យោង​តាម​លិខិត្ត​របស់ អង្គការ​មួយ​នេះ​បាន​អះអាង​ថា ក្នុង​នាម​ជា​សមាជិក អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ សូម​ស្នើ​សុំ​ឱ្យ​សហភាព​អឺរ៉ុប ផ្ដល់​ភាព​យុត្តិធម៌ ដល់​កម្ពុជា ក្នុង​ករណី EBA ដែល​កម្ពុជា​បាន​ទទួលផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

នៅ​ក្នុង​សេចក្ដី​ស្នើ​សុំ​នោះ បាន​និយាយ​ថា «​កម្ពុជា​ជា​ប្រទេស​ដែល​ក្រោក​ពី​សង្គ្រាម និង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ( LDC) បាន​ទទួលផល​ប្រយោជន៍​ពី​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ដូច​ជា EBA ជាដើម ក្នុង​នោះ​កម្មករ កម្មការិនី ប្រមាណ​១​លាន​នាក់ ដោយ​ភាគច្រើន​ជា​ស្ត្រី​មក​ពី​តំបន់​ជនបទ បាន​ទទួល​នូវ​ការងារ​ក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ ដែល​ទទួល​បាន​ភាព​អនុគ្រោះ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ដោយ​មិន​មាន​ពន្ធគយ និង​មិន​មាន​កូតា »​។ នៅ​ក្នុង​សេចក្តី​ស្នើ​សុំ​ដដែល​របស់​អង្គការ​មួយ​នេះ អោយ​ដឹង​អត្ថន័យ​ទៀត​ថា ខ្លួន​ក៏​បាន​កត់សម្គាល់​ដោយ​ពេញចិត្ត ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បំពេញ​លក្ខខណ្ឌ និង​ការ​ទាមទា​របស់​សហភាព​អឺរ៉ុប ដែល​រួម​បញ្ចូល​អនុសញ្ញា​ចំនួន ១៥ ក្រោម​ក្រប​ខណ្ឌ​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​ពិភពលោក​ទាក់ទង​នឹង​ការ​ពង្រីក​ការ​អភិវឌ្ឍន៍​នយោបាយ និង​សេដ្ឋកិច្ច សិទ្ធ​ការងារ និង​ទំហំ​សេរីភាព​នៅ​កម្ពុជា ។

នៅ​ចុងបញ្ចប់​នៃ​សេចក្តី​ស្នើ​នោះ​បាន​បញ្ជាក់​ថា «​យើង​ត្រូវ​តែ​យល់​ថា​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ជា​ដំណើរការ​វែង​ឆ្ងាយ ។ ការ​កើនឡើង​នូវ​គ្រួសារ​មាន​ចំណូល​កម្រិត​មធ្យម​នៅ​កម្ពុជា បាន​ធ្វើ​វិភាគទាន​គួរ​កត់សម្គាល់​ដល់​ការ​ពង្រឹង​ដោយ​ពេញលេញ នូវ​តម្លៃ​ប្រជាធិបតេយ្យ និង​ការ​សាងសង់​ស្ថាប័ន​ប្រជាធិបតេយ្យ​។ EBA បាន​រួម​វិភាគទាន​គួរ​ឲ្យ​កត់សម្គាល់​ដល់​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​របស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ យើង​ស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប ឲ្យ​ទទួលយក​នូវ​ហេតុផល​ខាងលើ សម្រាប់​ការ​សម្រេចចិត្ត​ដក EBA ពី​កម្ពុជា ។ ប្រជាជន​កម្ពុជា​បាន​ទទួល​នូវ​ការ​ឈឺចាប់​គ្រប់គ្រាន់​ហើយ និង​សមតែ​រស់នៅ​ដោយ​សន្តិភាព ឧត្តមភាព និង​សុភមង្គល ។ យើង​ប្រាថ្នា​ចង់​ឃើញ​លទ្ធិប្រជាធិបតេយ្យ​មាន​ភាព​រីក​ចម្រើន និង​សេដ្ឋកិច្ច​រឹង​មាំ តាម​រយៈ​ការ​អនុគ្រោះ និង​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ » ។

លោក​ឧកញ៉ា វ៉ា​ន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា សហភាព​អឺរ៉ុប​គួរតែ​ពិចារណា​ផង មុន​នឹង​សម្រេច​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ពី​កម្ពុជា ពីព្រោះ​ការ​ដក​ប្រព័ន្ធ​នេះ​ចេញ​វា​នឹង​ប៉ះពាល់​ធ្ងន់​ណាស់ ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ដោយ​ប៉ះពាល់​ដល់​កម្មករ កម្មការិនី​ជិត​១​លាន​នាក់​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​នេះ​ដោយ​ផ្ទាល់ ។ លោក​ឧកញ៉ា​បន្ត​ថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​នេះ បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ទំហំ​ទឹកប្រាក់​ដល់​កម្មករ និយោជិត ប្រមាណ ២,៨​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​ផ្ទាល់ និង​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ដោយ​ប្រយោល​ជា​ច្រើន​លាន​នាក់​ទៀត​ផង ។ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា នេ​ប៉ា​ល់ កាលពី​ថ្ងៃ​ទី​១៤ ឧសភា ២០១៩​កន្លង​ទៅ​នេះ​ថា កម្ពុជា​បាន​និង​កំពុង​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បន្តិច​ម្ដង​ៗ ដូច្នេះ កម្ពុជា​នឹង​បាត់បង់​នូវ​ភាព​អនុគ្រោះ​ពន្ធ​បន្តិច​ម្ដង​ៗ រហូត​ដល់​បាត់​ទាំងស្រុង​ផង​ដែរ​ពី​ដៃគូរ​ពាណិជ្ជកម្ម​សំខាន់​ៗ នៅ​ពេល​ដែល​កម្ពុជា​បាន​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ។

ទន្ទឹម​នឹង​នោះ​ដែរ កម្ពុជា​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ជំរុញ​ទំនិញ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក តាម​ការ​កែទម្រង់​របស់​រដ្ឋាភិបាល និង​ស្រប​ទៅ​តាម​ទីផ្សារសេរី​ពិភពលោក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ