ចុះពី​ឡាន570 មកទះ3ដៃ​សិន​…ទើប​និយាយ​គ្នា​


រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ប្រេងឆា​មួយ​គ្រឿង ​ដែល​អ្នកបើកបរ​មាន​វ័យក្មេង បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​មួយ​គ្រឿង ពេល​នោះ​អ្នកបើកបរ​រថយន្ត​ឡិច​សុ​ី​ស បាន​ចុះ​ពី​រថយន្ត​ទៅ​វាយ​អ្នក​បើក​រថយន្ដ​ដឹកប្រេងឆា​ចំនួន​៣​ដៃ ​ដើម្បី​រំសាយកំហឹង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែឧសភា នៅ​ជិត​ខ្លោងទ្វារ​ចូល​វត្ត​ជើងឯក ផ្លូវ​លេខ​២១៧ ភូមិ​ជើងឯក​សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AA-៦៩២១ បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ធ្វើដំណើរ​តាម​ផ្លូវ​លេខ​២១៧ ពី​ខាងត្បូង​ទៅ​ខាងជើង លុះ​ទៅ​ដល់​ចំណុច​ខាងលើ​បាន​បើក​ជែង​ទៅ​រក​គន្លង​ផ្លូវ​របស់​ខ្លួន ។

ស្រប​ពេល​នោះ ស្រាប់ តែ​មាន​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​មួយ​គ្រឿងម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ៣E-២៥៦៤ ដែល​អ្នកបើកបរ​មាន​វ័យក្មេង ធ្វើដំណើរ​ស្រប​ទិស​គ្នា ដោយសារ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ឡិច​សុ​ី​ស​៥៧០​ចំហៀ​ង​ខាងឆ្វេង បណ្តាល​ឱ្យ​បែក​ស្តុ​ប​និង​ក្រពឹតកាង​ខាងក្រោយ​កៀប​ជាប់​នឹង​រថយន្ត​ដឹក​ប្រេងឆា ។

ទោះជា​យ៉ាងណា ករណី​នេះ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ តែ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ បាន​ចុះ​ពីលើ​រថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ផង បាន​វាយ​អ្នក​បើកបររថ​យន្ត​ដឹក​ប្រេងឆា​ចំនួន​៣​ដៃ​ដើម្បី​រំសាយកំហឹង ។ បន្តិច​ក្រោយមក ឃើញ​មាន​សមត្ថកិច្ចមូលដ្ឋាន​និង​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ ទៅ​ដល់​ធ្វើការ​គួ​សវាស​បាញ់ថ្នាំ និង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​អែប​កៀន​ផ្លូវ​ដើម្បី​កុំឱ្យ​កក ស្ទះ​ចរាចរណ៍ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​តំណាង​ខាង​រថយន្ត​ដឹក​ប្រេងឆា​មក​ធ្វើការ​សម្រប សម្រួលដោយ​សុខចិត្ត​យក​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ទៅ​ធ្វើការ​ជួសជុល​ឲ្យ​វិញ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ