ឱដី​អើយ​ដី​…១០​ហិ​កតា​ឈូស​យក​ធ្វើ​កម្ម​សិទ្ធិ​ស្រេច​តែ​ចិត្ត


ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន ការ​លួច​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ ដី​ដែនជម្រកសត្វព្រៃ និងដី​ព្រៃ​លិច​ទឹក នៅ​តែ​មាន​សកម្មភាព​គ្រប់កន្លែង​ក្នុង​ខេត្ត ហើយ​បើ​ចំណុច​ណា​ដែល​ត្រូវ​បាន​សារព័ត៌មាន​និង​ទូរទស្សន៍​ចុះ​ផ្សាយ​ពី​សកម្មភាព​បទល្មើស​នៅ​ចំណុច​ណា គឺ​ចំណុច​នោះ​គ្រាន់តែស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី ក្រោយមក​ក៏​មាន​សកម្មភាព​វិញ​ដដែល ជួនកាល​ខុស​កន្លែង​ចាស់​តិចតួច​ប៉ុណ្ណោះ ។

ជាក់ស្តែង ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ជាង​១០​ហិ​កតា នៅ​ចំណុច​ខ្ទម​អ្នកដូន​រាជ ស្ថិត​ក្នុងភូមិ​រមាស ឃុំ​តាំង ក្រសាំង ជាប់​ព្រំប្រទល់​ភូមិស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ត្រូវ​ក្រុមឈ្មួញ​ដី​លួច​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​មិនឃើញ​មាន​សមត្ថកិច្ច ឬ​ជំនាញ​ណា​ទប់ស្កាត់​ការពារ​ដី​របស់​រដ្ឋ​នោះ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា គេ​ឃើញ​មាន​រថយន្ត​ដឹក​គ្រឿងចក្រ​៣​គ្រឿង មក​ឈូស​ឆាយ​គម្រប​ព្រៃឈើ​នៅ​ចំណុច​ខាងលើ កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ។ ប៉ុន្តែ​នៅ​ពេល​ក្រុម​អ្នកកាសែត​ទូរស័ព្ទ​សួរនាំ​លោកស្នងការ​រង​នគរបាល​ខេត្ត​មួយ​រូប​ដែល​ពាក់ព័ន្ធ​នឹង​ដី​ខាងលើ​នេះ ក៏​ត្រូវ​បែក​ការណ៍ ហើយ​គ្រឿងចក្រ​ទាំងនោះ​ត្រូវ​បាន​គេ​ដឹក​យក​ចេញពី​កន្លែង​ឈូស​ឆាយដី​ព្រៃ​ខាងលើ​នេះ​វិញ ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ថោ​ង វិ​រ៉ា​វិ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា​ថា លោក​មិន​ប្រាកដ​ថា​ដី​ចំណុច​ណា​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​តាម​លោក​ចាំ​ដី​នៅ​ចំណុច​ដូច​បាន​ប្រាប់​នោះ គឺ​មាន​ដី​ប្រជាពលរដ្ឋ​ខ្លះ និង​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ខ្លះ ។ ទោះជា​យ៉ាងនេះ​ក្តី លោក​នឹង​ចាត់​មន្ត្រី​ឲ្យ​ទៅ​ពិនិត្យ​មើល​នៅ​ចំណុច​ដែល​មានការ​ឈូស​ឆាយដី​ព្រៃ​នោះ ដើម្បី​ទប់ស្កាត់ បើ​ពិតជា​ដី​រដ្ឋ​មែន ។

ជាមួយ​គ្នា​នេះ លោក ម៉េ​ង ហាក់ អភិបាលស្រុក​ទឹកផុស បានឱ្យ​ដឹង​ថា ដី​នៅ​ចំណុច​ខាងលើ​ភាគច្រើន​គឺជា​ដី​របស់​ប្រជាពលរដ្ឋ និង​ជាប់គម្រប​ព្រៃ​ខ្លះ ។ ចំពោះ​ភូមិ​រមាស ឃុំ​តាំង​ក្រសាំង និង​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ គឺ​ត្រូវ​បាន​ខណ្ឌ​ចែក​ព្រំ​គ្នា​ដោយ​អូរ ។ លោក​បញ្ជាក់​ថា លោក​មិន​បានដឹង​រឿង​ហ្នឹង​ដែរ តែ​លោក​នឹង​ឲ្យ​មន្ត្រី​សាលាស្រុក​ទៅ​ពិនិត្យ​មើល ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ដី​នៅ​ចំណុច​ខាងលើ​គឺជា​ដី​ព្រៃរបស់​រដ្ឋ មិនមែន​ដី​កេរ​មរតក​របស់​អ្នក​ណា​ឡើយ ហើយ​មក​ដល់​ពេល​នេះ​គេ​បាន​លួច​ឈូស​ឆាយ​អស់​ប្រមាណ​ជាង​១០​ហិ​កតា​ទៅ​ហើយ ដោយ​មិន​ទាន់​ឃើញមាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចុះ​ទៅ​ទប់ស្កាត់​ឡើយ​។អ្នក​រំលោភ​យក​ដី​របស់​រដ្ឋ គឺ​សុទ្ធតែ​ជា​អ្នកមាន​អំណាច មិនមែន​ជា​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ឡើយដោយ​ប្រើ​រូបភាព​ទិញ​ពី​ប្រជាពលរដ្ឋ និង​ដោយ​មានការ​គាំទ្រ​ពី​អាជ្ញាធរ​មួយ​ចំនួន​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ