ប៉ារ៉ាឡាំពិកកម្ពុជា នឹងខិតខំពង្រឹងសមត្ថភាពអត្តពលិកបន្ថែមក្រោយឈ្នះមេដាយ3គ្រឿង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រតិភូកីឡាប៉ារ៉ាឡាំពិក កម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិរបស់ខ្លួនវិញហើយ កាលពីយប់ថ្ងៃទី១៤ ឧសភាដោយបាននាំយកមេដាយសំរឹទ្ធចំនួន៣គ្រឿងមកជូនជាតិពីព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំ ពិកលើប្រភេទកីឡាអត្តពលកម្មជ្រើសរើស ជើងឯកពិភពលោកលើកទី៧នៅទីក្រុងប៉េកាំង ប្រទេសចិន(Beijing 2019 World Para Athletices Grand Prix The 7th China Open Athletics Championship) សម្រាប់ជនពិការភ្នែក។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កីឡាការិនី យិន សូត ដែលពិការភ្នែកទាំងសងខាង ជាអ្នកនាំមេដាយសំរឹទ្ធចំនួន៣គ្រឿងមកជូនជាតិ ក្នុងនោះមេដាយពីរគ្រឿងដណ្ដើមបានពីការប្រកួតរត់ចម្ងាយ១០០និង២០០ម៉ែត្រ និង១គ្រឿងទៀតបានមកពីការរត់ចម្ងាយ៤០០ម៉ែត្រ ។ លោកបានបន្តថា នេះពិតជាមោទនភាពខ្លាំងណាស់សម្រាប់កម្ពុជាហើយក៏ពុំធ្លាប់មានពីមុនមកដែរដែលដណ្ដើមបានមេដាយលំដាប់ពិភពលោក ។

ក្នុងនាមប្រមុខដឹកនាំកីឡាប៉ារ៉ាឡាំពិកកម្ពុជា លោកនឹងជំរុញឱ្យមានការហ្វឹកហាត់បន្ថែមទៀតលើវិញ្ញាសារត់ប្រណាំង ដើម្បីត្រៀមខ្លួនឱ្យបានល្អសម្រាប់ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ។ លោករំពឹងទុកថា វិញ្ញាសារត់ប្រណាំងជនពិការកម្ពុជា នឹងមានឱកាសដណ្ដើមយកមេដាយបានច្រើនពីព្រឹត្តិការណ៍កីឡាអាស៊ានមួយនេះ។
ដោយឡែកលោក យី បារាំង ដែលជាគ្រូបង្វឹកកីឡាជនពិការភ្នែកបានសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការផ្ដល់នូវចំណេះដឹងនិងបច្ចេកទេសដល់អត្តពលិកជនពិការបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមយកមេដាយពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំនេះ។
គួររំលឹកផងដែរថា ការប្រកួតនេះកម្ពុជា បញ្ជូនប្រតិភូកីឡាចំនួន៤រូបទៅចូលរួមប្រកួត ដែលបានដឹកនាំដោយលោក យី សុភក្ត្រា៕
ចែករំលែកព័តមាននេះ