រាជធានីភ្នំពេញ ៖ ក្នុងសប្តាហ៍កន្លងទៅនេះ អ្នកស្រីមុំ មានមុខរបរលក់ផ្លែឈើនៅផ្សារគីឡូម៉ែត្រលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឧបត្ថម្ភនូវសម្លៀកបំពាក់មួយកេសធំ តាមរយៈកោះសន្តិភាព ដោយពឹងឱ្យយកទៅចែកជូនជនក្រីក្រ ។ កោះសន្តិភាពបានទទួលភារកិច្ចនេះដោយរីករាយព្រមទាំងបានចាត់ចែងយកទៅចែកជូនគោលដៅរួចរាល់ហើយ ។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារកោះសន្តិភាពបានឱ្យដឹងថា មានពលរដ្ឋក្រីក្រចំនួន៣គ្រួសារ ដែលមានសមាជិកសរុប១៨នាក់ រស់នៅក្នុងភូមិព្រែកទាល់ទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានទទួលអំណោយជាសម្លៀកបំពាក់ដោយបានឧបត្ថម្ភ តាមរយៈកោះសន្តិភាព យកទៅចែកជូនពួកគាត់ដល់លំនៅឋាន នៅវេលាព្រឹកថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៩នេះ ។

ពលរដ្ឋទាំង៣គ្រួសារមាន១-ឈ្មោះ សុខ យឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរប្រជាការពារភូមិ មានសមាជិក៤នាក់ ។ ទី២-ឈ្មេាះ ហួត ចាន់សុភាព អាយុ៣២ឆ្នាំ ភេទប្រុស មុខរបររត់ម៉ូតូឌុប មានសមាជិកក្មេងចាស់១០នាក់ ។ ទី៣-ឈ្មោះ កែវ រស្មី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរប្រជាការពារភូមិ មានសមាជិក៦នាក់ ។

សូមបញ្ជាក់ថា ពលរដ្ឋក្រីក្រទាំង៣គ្រួសារខាងលើនេះ គឺរងគ្រោះអស់ពីខ្លួន ក្នុងចំណោម៥១គ្រួសារ ដែលរងគ្រោះ ក្នុងគ្រោះមហន្តរាយអគ្គិភ័យដ៏ធំមួយដែលឆាបឆេះលំនៅឋាន៤៨ខ្នងផ្ទះ បំផ្លាញអស់ហ្មត់គ្មានសល់កាលពីរសៀលថ្ងៃទី១៧ មីនា ឆ្នាំ២០១៨កន្លងទៅ ។

តាមរយៈកោះសន្តិភាពពលរដ្ឋទាំង៣គ្រួសារ ដែលមានសមាជិកក្មេងចាស់សរុប១៨នាក់ខាងលើ មានទឹកមុខរីករាយទទួលយក ព្រមទាំងសូមថ្លែងអំណរគុណចំពោះសប្បុរសជនអ្នកស្រីមុំ ជាម្ចាស់អំណោយដែលបានឧបត្ថម្ភជាសម្លៀកបំពាក់ដល់ពួកគាត់ទាំងអស់គ្នា ខណៈដែលទ្រព្យសម្បត្តិរបស់ពួកគាត់ ពិសេសសម្លៀកបំពាក់ ត្រូវភ្លើងឆាបឆេះបំផ្លាញអស់ទៅហើយម្នាក់ៗសល់តែមួយចង្កេះ សល់តែសម្បកខ្លួន ហើយបច្ចុប្បន្នពួកគាត់កំពុងជួបបញ្ហាខ្វះខាតសម្លៀកបំពាក់សម្រាប់ស្លៀកពាក់ប្រចាំថ្ងៃផងដែរនោះ ។

ខ្លះនិយាយថា ពួកខ្ញុំសល់តែមួយចង្កេះទេ ពេលនេះបានខោអាវថ្មី អរណាស់ ពិតជាបានជួយដោះស្រាយទុក្ខលំបាកបានមួយគ្រាធំ ៕






ចែករំលែកព័តមាននេះ