ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យ​ខ្មែរ អាចារ្យ​ចិន ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​រៀបចំ​ពិធី​នានា ជា​ពិសេស​បុណ្យសព​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ទំនើប ដោយ​មានការ​ជួល​រៀបចំ​គ្រប់​ប្រភេទ​មិន​ឲ្យ​ម្ចាស់​កម្មវិធី​នឿយហត់​ដូច​មុន​ឡើយ ។ បើ​និយាយ​ពី​ពិធី​បុណ្យសព​វិញ អាចារ្យ​ចិន​ហាក់​មាន​ភាព​កាក់កប​ខ្លាំង​ជាង​អាចារ្យ​ខ្មែរ ។ អ្នក​ដែល​ជាប់សែស្រឡាយ​ចិន​ទោះ​តិច​ក្តី​ច្រើន​ក្តី តែងតែ​អញ្ជើញ​អាចារ្យ​ចិន​ឲ្យ​រៀបចំ​ពិធីបុណ្យ…

រាជធានី​ភ្នំពេញ​៖ ការ​រៀបចំ​ពិធី​នានា ជា​ពិសេស​បុណ្យសព​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ទំនើប ដោយ​មានការ​ជួល​រៀបចំ​គ្រប់​ប្រភេទ​មិន​ឲ្យ​ម្ចាស់​កម្មវិធី​នឿយហត់​ដូច​មុន​ឡើយ ។ បើ​និយាយ​ពី​ពិធី​បុណ្យសព​វិញ អាចារ្យ​ចិន​ហាក់​មាន​ភាព​កាក់កប​ខ្លាំង​ជាង​អាចារ្យ​ខ្មែរ ។ អ្នក​ដែល​ជាប់សែស្រឡាយ​ចិន​ទោះ​តិច​ក្តី​ច្រើន​ក្តី តែងតែ​អញ្ជើញ​អាចារ្យ​ចិន​ឲ្យ​រៀបចំ​ពិធីបុណ្យ ក្នុង​ន័យ​ដែល​ពួក​គេ​គិត​ថា កុំ​ឲ្យ​មានការ​«​ឆុង ឬ​ដាក់​»​ដល់​កូនចៅ​ណា​ម្នាក់​ដែល​កំពុង​រស់រាន​មានជីវិត និង​ប្រកប​មុខរបរ ផ្សេង​ៗ​។

លោក​សុផល ជា​បុគ្គលិក​ធ្វើការ​នៅ​អង្គការ​មួយ​បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ធ្លាប់​រៀបចំ​បុណ្យសព​ម្តាយ​របស់​លោក ដោយនៅ​ពេល​នោះ​ក៏​បាន​ហៅ​អាចារ្យ​ចិន​មក​រៀបចំ​ផង​ដែរ​។ ការ​ដែល​លោក​បាន​រៀបចំ​បុណ្យសព​ម្តាយ​តាម​របៀប​ចិន​ខ្លះ និង​ខ្មែរ​ខ្លះ​នោះ គឺ​ដោយសារ​តែ​លោក​ក៏​ជាប់សែស្រឡាយ​ចិន​ដែរ ។

បើ​តាម​លោក​សុផល «​ការ​រៀបចំ​ពិធី​តាម​បែប​ចិន​នោះ គឺ​យើង​ជ្រើសរើស​កញ្ចប់​សេវាកម្ម ដោយ​ខ្ញុំ​បាន​ចំណាយ​លើ​សេវាកម្ម​នេះ​អស់​ប្រមាណ​២៥០០​ដុល្លារ​សម្រាប់​មួយ​ចប់​កម្មវិធី ដោយ​ខាងគេ​ធ្វើ​ឲ្យ​ទាំង​អស់ ។ អាចារ្យ​បាន​បង្គាប់​ឲ្យ​យើង​ទិញ​គ្រឿង​ប្រដាប់ប្រដារ​ផ្សេង​ៗ​តាម​ការ​គូសវាស​របស់​ពួក​គាត់ ហើយ​ការ​ទិញ​នោះ​ទៀត​សោត​មិន​ត្រូវ​ឲ្យ​មានការ​តថ្លៃ​អ្វី​នោះ​ឡើយ ។ តម្លៃ​ជាង​២​ពាន់​ដុល្លារ​នេះ​គឺ​មួយ​ចប់​កម្មវិធី​រហូត​ដល់​សព​ត្រូវ​បាន​បូជា »​។

លោក​សុផល បាន​ឲ្យ​ដឹង​ទៀត​ថា «​ចំពោះ​អាចារ្យ​ខ្មែរ​គឺ​យើង​ក៏​មិន​ចោល​ដែរ ព្រោះ​ជា​ទំនៀមទម្លាប់ ខណៈ​​ពេល​ដែល​នៅ​ក្នុង​ពិធី​នោះ​គឺ​យើង​តម្រូវ​ឲ្យ​អាចារ្យ​ខ្មែរ​ជា​អ្នក​ធ្វើ​ពិធី​មុន​ទាំងអស់ ទើប​ឲ្យ​អាចារ្យ​ចិន​ធ្វើ​ពិធី​តាម​ក្រោយ​។ អាចារ្យ​ខ្មែរ​ដែល​មក​រៀបចំ​ពិធី​ឲ្យ​យើង​នោះ​គឺ​មិន​បាន​ទាមទារ​តម្លៃ​ខ្លួន​ប៉ុន្មាន​នោះ​ឡើយ ពោល​គឺ​តាម​សទ្ធា​របស់​យើង​ប៉ុណ្ណោះ ហើយ​តម្លៃ​នោះ​ទៀត​សោត​ក៏​មិន​ខ្ពស់​ដូច​អាចារ្យ​ចិន​ដែរ »​។

ដោយឡែក​លោក​សុភា ជា​មន្ត្រីរាជការ​ម្នាក់​បាន​ឲ្យ​ដឹង​ថា លោក​ធ្លាប់​រៀបចំ​ពិធី​បុណ្យសព​ឲ្យ​ឪពុក​របស់​លោក ដោយ​ការ​រៀបចំ​នោះ​ធ្វើ​ឡើង​ទាំង​បែប​ខ្មែរ​ផង និង​ចិន​ផង ។ ដោយសារ​តែ​ឪពុក​របស់​លោក​ធ្លាប់​មានមុខមាត់​នៅ​ក្នុង​សង្គម​ផង ទើប​ក្រុម​គ្រួ​សារបាន​រៀបចំ​ពិធីបុណ្យ​ឲ្យ​មាន​ភាពសមរម្យ​ទៅ​តាម​មុខមាត់​របស់​គាត់ ។ លោក​បញ្ជាក់​ថា «​ការ​ចំណាយ​លើ​ការ​រៀបចំ​បែប​ចិន​នោះ​គឺ​ចំណាយ​ខ្ទង់​ជិត​៣​ពាន់​ដុល្លារ​លើ​សេវាកម្ម ផ្សេង​ៗ បូក​រួម​ទាំង​អាចារ្យ​ចិន​ផង​ដែរ ។ ដោយឡែក​សម្រាប់​អាចារ្យ​ខ្មែរ​ក៏​ខ្ញុំ​បាន​អញ្ជើញ​អាចារ្យ​ដែល​មានមុខមាត់ ពោល​អាចារ្យ​លំដាប់ ដើម្បី​មក​រៀបចំ​ពិធី ដោយ​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លះ​អាច​ស៊ីថ្លៃ​ខ្ទង់ពាន់​ដុល្លារ​»​។

ពាក់ព័ន្ធ​អាចារ្យ​ចិន និង​អាចារ្យ​ខ្មែរ​នេះ ព្រះ​តេជគុណ​ជួន កក្កដា មាន​សង្ឃដីកា​ថា «​ជា​ទូទៅ​អាចារ្យ​ខ្មែរ ឬ​គេ​ហៅ​ថា អាចារ្យ​យូគី​នោះ គឺ​មិន​អាច​ខ្វះ​បាន​ឡើយ​នៅ​ក្នុង​បុណ្យសព​ដែល​បាន​រៀបចំ​ឡើង​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។ អាចារ្យ​សព​ភាគច្រើន​ម្ចាស់​ដើមបុណ្យ​មិនមែន​ទាល់តែ​មនុស្ស​នោះ​ស្លាប់​ហើយ​បាន​ហៅ​នោះ​ទេ ពោល​ប្រសិនបើ​ឃើញ​សាច់ញាតិ​មាន​សភាព​មិន​ស្រួល​ហើយ គឺ​គេ​ហៅ​អាចារ្យ​នោះ​មក​មុន អាច​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ដើម្បី​សូត្រធម៌ មុន​អ្នក​នោះ​ស្លាប ់​។ អាចារ្យ​ទាំងនោះ​ត្រូវ​មក​សូត្រធម៌ និង​ដេក​កំដរ​សព​២ ឬ​៣​ថ្ងៃ ប៉ុន្តែ​បើ​និយាយ​ពី​កម្រៃ​ដែល​ទទួល​បាន​នោះ​គឺ​មិន​ច្រើន​ឡើយ ពោល​គឺ​តាម​សទ្ធា​ដែល​ម្ចាស់​បុណ្យ​នោះ​ឲ្យ​ប៉ុណ្ណោះ ។

ដោយឡែក​សម្រាប់​អាចារ្យ​ចិន​វិញ គេ​មក​រៀបចំ​ពិធី​ត ែ​មួយ​ភ្លែត​ៗ អាច​ទទួល​បាន​កម្រៃ​ពី​៥០​ទៅ​១០០​ដុល្លារ​យ៉ាងតិច ឬ​អាច​លើស​ពី​នេះ​ក៏​មាន ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​អាចារ្យ​ខ្មែរ​វិញ​ខុស​គ្នា​ដាច់ »​។ ព្រះ​តេជគុណ​ជួន កក្កដា បាន​អំពាវនាវ​សូម​ឲ្យ​ជនជាតិ​ខ្មែរ​ជួយ​អភិរក្ស​អាចារ្យ​ខ្មែរ និង​ឲ្យ​តម្លៃ​អាចារ្យ​ខ្មែរ ព្រោះ​ប្រសិនបើ​មាន​សាច់ញាតិ​ណា​ម្នាក់​ជិត​ស្លាប់ ឬ​ស្លាប់​នោះ​គឺ​មាន​តែ​អាចារ្យ​ខ្មែរ​ប៉ុណ្ណោះ​ដែល​ជួយ​ដឹកនាំ​ពិធី​មុនគេ ចំណែក​អាចារ្យ​ចិន​ទាល់តែ​ជិត​ឆ្លង​ពិធីបុណ្យ​បាន​អាចម​កបាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ