ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋផ្អើលនាំគ្នាទៅជីករករ៉ែត្បូង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​មាត់​ស្ទឹង​មួយក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន និងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​មាត់​ស្ទឹង​មួយក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន និងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ គេ​សង្កេត​ឃើញ​មាន​ប្រជា​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស ស្រី​យ៉ាង​ពពាក់ពពូននាំ​គ្នា​យក​កញ្ច្រែងដែក​ស្បែង ព្រមទាំង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀតចុះ​ទៅ​ក្នុង​ស្ទឹង ដើម្បី​ជីក​កកាយ​ដី​រែង​រក​រ៉ែ​ត្បូង ខណៈ​ដែល​អាជ្ញាធរ​កំពុង​យក​គ្រឿងចក្រទៅ​ជីក​ក​កាយ​ដី​បាត​ស្ទឹង និង​មាត់​ស្ទឹង គោលបំណង​រៀបចំ​ច្រាំង​ស្ទឹង​ឱ្យ​មាន​សោភ័ណ​ភាពល្អ ទាក់ទាញ​ភ្ញៀវ​នៅ​ថ្ងៃ​ខាង​មុខ ។

លោក សុខ កំសាន្ត អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​រៀបរាប់​ទាំង​អរ​សប្បាយ​ថា អស់​រយ​:​ពេល​យូរថ្ងៃ​មក​ហើយ​ដែល​គេ​ឃើញ​អាជ្ញាធរ​យក​គ្រឿងចក្រ និង​រថយន្ត​ជា​ច្រើន​គ្រឿង​ទៅ​ជីក​កកាយ​ដី​ក្នុង​បាត​ស្ទឹង និង​ជីក​នៅ​តាម​មាត់​ស្ទឹង រួច​ដឹក​យក​ទៅ​ចាក់​នៅ​កន្លែង​ផ្សេង ដើម្បី​ធ្វើ​ឱ្យ​ស្ទឹង​ជ្រៅ​ល្អ ហើយនឹង​រៀបចំ​ចាក់​បេតុង​ច្រាំង​ស្ទឹង​ឱ្យ​មាន​សោភ័ណ​ភាពល្អ ដើម្បី​ងាយស្រួល​ទៅ​ថ្ងៃ​មុខ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន ។

លោក​បន្ត​ថា ស្រប​ពេល​ដែល​អាជ្ញាធរ​កំពុង​ជីក​កកាយ​ដី​បែប​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្មេងចាស់​ប្រុស​ស្រី​នាំ​គ្នា​យក​សម្ភារ​ដូច​ជា​កញ្ច្រែង ដែក​ស្បែង បង្គី ល្អី ចូល​ទៅ​រែង​ត្បូង​យ៉ាង​កុះករ និង​រីករាយ​ដោយ​អ្នកខ្លះ​បាន​កម្ទេច​ត្បូង​យក​ទៅ​លក់​ឱ្យ​កុងសែ​(​ឈ្មួញ​) បាន​ប្រាក់​ក្នុង​១​ថ្ងៃ​១០​ទៅ​២០​ម៉ឺន​រៀល អ្នកខ្លះ​បាន​រហូត​ដល់​រាប់​លាន​រៀល​សម្រាប់​យក​ទៅ​ដោះស្រាយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

លោក ហឿ​ន ហេង អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​អាជ្ញាធរ​អភិវឌ្ឍន៍​ស្ទឹង​ចាប់ពី​ស្ពាន​តា​រៀប​រហូត​ស្ពាន​សន្តិភាព ដោយ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ដឹក​យក​ទៅ​ដាក់​កន្លែង​ផ្សេង ។

វា​ជា​ឱកាសល្អ​ដែល​ឱ្យ​ពួក​គាត់​នាំ​គ្នា​ទៅ​ជីករែង​យក​រ៉ែ​ត្បូង​លក់​បាន​លុយ​ច្រើន​ជាង​សព្វមួយដង ព្រោះ​គេ​ជីកដី​កាន់តែ​ជ្រៅ កម្ទេច​ត្បូង​ដែល​នៅ​កប់​ក្នុង​ដី​ក៏​កាន់តែ​រាក់ ងាយស្រួល​ឱ្យ​ពួក​គាត់​រែង​បាន​រ៉ែ​ត្បូង​យក​ទៅ​លក់ ។ ម្នាក់​ៗពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ ដោយ​មួយ​ថ្ងៃ​ៗ មិន​ហ៊ាន​សម្រាក​ទេ ទោះបីជា​យប់​ក៏​មិន​ចង់​ឱ្យ​ថ្ងៃ​លិច​ដែរ ព្រោះ​បើ​ទុក​យូរ​គេ​លែងឱ្យ​ជីក​កកាយ​ខាត​ពេល ហើយ​ខាត​ទាំង​លុយកាក់​ថែម​ទៀត​ផង ។

លើស​ពី​នេះ ទោះបីជា​តំបន់​ខាងលើ​ត្រូវ​បាន​ថៃ​ចូល​មក​ជីក​កកាយ​ដឹក​យក​ទៅ​ស្រុក​គេ​អស់ខ្ទេចខ្ទី​រ កាលពី​សម័យ​សង្គ្រាម​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក៏​មាននៅ​សល់​ខ្លះ​ៗ​អាច​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​មួយ​ចំនួន​ដែល​គ្មាន​ការងារ​ធ្វើ អាច​នាំ​គ្នា​ទៅ​រែង​ត្បូង​សន្សំ​កម្ទេច​បាន​ខ្លះ​ៗ​ដែរ មិន​អន់​ទេ ហើយ​បើ​ប៉ះ​ចំ​ថ្ងៃ​ហេង​វិញ គឺ​អាច​រក​ប្រាក់​ចំណូល​បាន​រាប់​លាន​រៀល​ឯណោះ ។

ដូច្នេះ បើសិនជា​ប្រជាពលរដ្ឋ​ណា មាន​ពេលទំនេរ អាច​នាំ​គ្នា​យក​កញ្ច្រែង​ទៅ​អង្គុយ​រែង​លេង​កម្សាន្ត​ផង ហាត់ប្រាណ​ផង​និង​ផ្សងសំណាង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ