ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​នាំ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ជាង ២​ម៉ឺន​តោន​ក្នុង​ឆ្នាំ ២០១៩ ខណៈ​ការ​វេច​ខ្ចប់​ស្រប​តាម​ស្តង់ដារ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បន្ទាប់​ពី​ការ​ចរចារ​ជាមួយ​ភាគី​ចិន​ជា​ច្រើន​លើក​ច្រើន​សារ ទីបំផុត​កម្ពុជា​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​ផលិតផល​ចេកអំបូង​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​ពី​កម្ពុជា ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម…

ខេត្តកំពត ៖ បន្ទាប់​ពី​ការ​ចរចារ​ជាមួយ​ភាគី​ចិន​ជា​ច្រើន​លើក​ច្រើន​សារ ទីបំផុត​កម្ពុជា​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​ផលិតផល​ចេកអំបូង​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​ពី​កម្ពុជា ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ បើ​តាម​លោក វេ​ង សា​ខុន ការ​ដាំ​ដុះ​ចេក​នៅ​កម្ពុជា គឺ​មាន​តាំងពី​មុន​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​ចិន​នេះ​ទៅ​ទៀត ខណៈ​ដែល​កន្លង​មក​ផលិតផល​ចេក​កម្ពុជា គឺ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម ដែល​មាន​ចំនួន​ប្រមាណ ៣៧.៧០០ តោន នៅ​ឆ្នាំ​២០១៨​។

លោក​បាន​បន្ត​ទៀត​ថា កម្ពុជា​បាន​ប្រើ​ពេល​អស់​ជា​យូរ ដើម្បី​ចរចារ​ជាមួយ​ភាគី​ចិន ក្នុង​ការ​នាំ​ចេកអំបូង​ចេញ​ដោយ​ផ្ទាល់ ពីព្រោះ​កន្លង​មក​ចិន​បាន​នាំ​ចូល​ចេកអំបូង​ពី​កម្ពុជា ដោយ​ប្រើ​ប្រទេស​វៀតណាម និង​ថៃ តែ​ពេល​នេះ ចិន​ក៏​បាន​សម្រេច​អនុញ្ញាត​អោយ​កម្ពុជា​ដាំ​ដុះ​និង​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ចិន ។ លោក​បាន​បន្ត​ថា «​វិធានការ​នេះ យើង​បាន​ប្រើ​ពេល​យូរ​ដើម្បី​សម្រេច ដោយ​ភាគី​ចិន​ត្រូវ​មក​មើល​កម្ពុជា ថា​តើ​កម្ពុជា​បាន​ត្រៀមខ្លួន​រឺ​នៅ​ក្នុង​ការ​ដាំ​ដុះ និង​ផលិត ហើយ​ភូតគាម​អនាម័យ​យ៉ាងណា​ដែរ ទើប​ចិន​សម្រេច​ចុះហត្ថលេខា​អោយ​នាំ​ចេក​ចេញពី​កម្ពុជា​ដោយ​ផ្ទាល់ មិន​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​២ »​។

ក្រោយ​ពី​ទទួល​បាន​ទីផ្សារ​ប្រទេស​ចិន​សម្រាប់​ការ​នាំ​ចេញ​ចេកអំបូង​ពី​កម្ពុជា​នោះ រោងចក្រ​វេច​ខ្ចប់​ចេក​ដ៏​ធំ​មួយ ដើម្បី​នាំ​ចេញ​ទៅ​ចិន​ដំបូង​គេ​ក៏​បាន​សម្ពោធ​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ដែល​រោងចក្រ​វេច​ខ្ចប់​ចេក​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​ឈូក ខេត្តកំពត របស់​ក្រុមហ៊ុន​ដាំ​ដុះ​និង​នាំ​ចេញ​ចេក​ទៅ​កាន់​ប្រទេស​ចិន Longmate Agriculture ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Longmate Agriculture Co.,Ltd ជា​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញា​បណ្ណ​លើ​ដំណាំ​ចេកអំបូង​លឿង​លើ​ទំហំ​ផ្ទៃដី​១០០០​ហិច​តា​ក្នុងស្រុក​ឈូក​ខេត្តកំពត ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ហើយ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ក្រុមហ៊ុន Longmate បាន​ប្រកាស​នាំ​ចេញ​ចេកអំបូង​លឿង​ជា​ផ្លូវការ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ចំនួន​១២០​តោន និង​រំពឹង​ថា នឹង​នាំ​ចេញ​ចេកអំបូង​លឿង​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន​បាន​ជាង​២​ម៉ឺន​តោន​ក្នុង​ឆ្នាំ ២០១៩​នេះ ។ បើ​តាម​លោក​ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ចេកអំបូង​លឿង នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន មាន​តម្រូវ​ច្រើន​ណាស់ ហើយ​សមត្ថភាព​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្រាន់តែ​ជា​អ្នក​ផ្គត់ផ្គង់​តូច​មួយ​ប៉ុណ្ណោះ ដូច្នេះ បើ​កម្ពុជា​ផលិត​បាន​ប៉ុន្មាន​គឺ​ចិន​ទទួល​ទិញ​ទាំងអស់ តែ​ផលិតផល​នោះ​ត្រូវ​តែ​មាន​តាម​ស្តង់ដារ និង​ភូតគាម​អនាម័យ ទៅ​តាម​អ្វី​ដែល​គេ​ចង់បាន​ទើប​គេ​អនុញ្ញាត​អោយ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ។

លោក​បាន​បន្ត​ថា កន្លង​មក​ក្រុមហ៊ុន Longmate បាន​នាំ​ចេក​ចេញ​សាកល្បង​បាន​ចំនួន​ប្រមា​ន​១០០​កុងតឺន័រ​រួច​ហើយ ដើម្បី​ពិសោធន៍​មើល​ថា មាន​បញ្ហា​អ្វី​ដែរ​ទេ ទាំង​មធ្យោបាយ​ដឹក​ជញ្ជូន និង​គុណភាព​ចេក​ពី​កម្ពុជា ។ ជា​លទ្ធផល​ភាគី ចិន​បាន​ទទួលស្គាល់​ថា​ចេក​របស់​កម្ពុជា អាច​ទទួលយក​បាន​និង​មានគុណ​ភាព​មិន​ចាញ់​ចេញពី​ប្រទេស​ផ្សេង​ៗ​ឡើយ ដូច្នេះ​ហើយ​ទើប​តម្រូវការ​ចេក​ពី​កម្ពុជា នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន កំពុង​ត្រូវការ​កាន់តែ​ច្រើន ។ លោក​ឧកញ៉ា ហ៊ុន ឡាក់ មាន​ប្រសាសន៍​បន្ត​ថា « យើង​បាន​សាកល្បង​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន អស់​រយៈពេល​មួយ​ត្រីមាស​មក​ហើយ ហើយ​វា​ហាក់ដូចជា​គ្មាន​បញ្ហា​អ្វី​ឡើយ​សម្រាប់​ផលិតផល​ចេក​របស់​យើង ព្រម​ជាមួយនឹង​ការ​ដឹក​ជញ្ជូន​តាម​ទូរ​កុងតឺន័រ​ត្រជាក់​ផង​ដែរ ។​ជា​បន្តបន្ទាប់​ទៅ​ទៀត យើង​នឹង​ខិតខំ​ផលិត​និង​នាំ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​ផ្ទាល់​អោយ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ទៅ​តាម​តម្រូវការ​របស់​គេ​» ។ លោក​បន្ថែម​ថា ក្នុង​មួយ​ឆ្នាំ​ពេញ ឆ្នាំ ២០១៩​នេះ ក្រុមហ៊ុន​រំពឹង​ថា​នឹង​អាច​នាំ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បាន​ប្រមាណ​២​ម៉ឺន​២​ពាន់​តោន ដោយ​ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្តបន្ទាប់​ទៀត​នៅ​ក្នុង​រដូវវស្សា​នេះ ហើយ​ក្រុមហ៊ុន​ក៏​នឹង​គិតគូរ​រក​ទីផ្សារ​ប្រទេស​ដទៃ​ទៀត ដើម្បី​ពង្រីក​ទីផ្សារ​ផលិតផល​ខ្មែរ តែ​ជំ​ហ៊ាន​ដំបូង ក្រុមហ៊ុន​នឹង​ផ្គត់ផ្គង់​តែ​លើ​ទីផ្សារ​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ​ពីព្រោះ​ទីផ្សារ​ចិន​ជាទី​ផ្សារ​ធំ​សម្រាប់​ផលិតផល​កម្ពុជា ។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋមន្ត្រីក្រសួង កសិកម្ម បាន​ឲ្យ​ដឹ​ថា បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ចំនួន​១០ បាន​ដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ​លើ​ដំណាំ​ចេកអំបូង​លឿង ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន តែ​មាន​តែ​ក្រុមហ៊ុន​៥​ប៉ុណ្ណោះ​ដែល​ភាគី​ចិន​បាន​អនុញ្ញាត​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ចិន ។ លោក​បាន​បន្ត​ទៀត​ថា ៖«​កន្លង​ទៅ យើង​បាន​ដាំ​និង​បញ្ជូន​ចេក​ទៅ​កាន់​ប្រទេស​ចិន តាម​ច្រក​វៀតណាម ក្នុង​បរិមាណ​ជិត​៤​ម៉ឺន​តោន តាំងពី​ឆ្នាំ ២០០០​ដល់​ដំណាច់​ខែមេសា ឆ្នាំ ២០១៩ ហើយ​នៅ​ពេល​ដែល​ចិន​បាន​អនុញ្ញាត​អោយ​យើង​នាំ​ចេញ​ទៅ​ត្រង់ យើង​នឹង​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត ដើម្បី​នាំ​ចេញ​ទៅ​ផ្ទាល់​ៗ​តែ​ម្ដង » ។ លោក​បន្ថែម​ថា ក្រៅពី​ផលិតផល​ចេកអំបូង​លឿង ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​ផ្ទាល់​ហើយ​នោះ កម្ពុជា​ក៏​បាន​នាំ​ចេញ​បន្លែស្រស់​បាន​មួយ​ចំនួន​ទៅ​កាន់​ទីផ្សារ​ទ្វីបអឺរ៉ុប​ដោយ​ផ្ទាល់​ផង​ដែរ ហើយ​ក្នុង​ឆ្នាំ ២០១៨​កន្លង​ទៅ កម្ពុជា​បាន​នាំ​ចេញ​បន្លែស្រស់​ប្រមាណ​២០០​តោន​ទៅ​កាន់​ប្រទេស​ឆែក ប្រទេស​បារាំង និង​ប្រទេស​អង់គ្លេស ។

ដោយឡែក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ កម្ពុជា​ក៏​បាន​នាំ​ចេញ​បន្លែស្រស់​ប្រមាណ​ជាង​៩០​តោន​រួច​ហើយ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប តាម​រយៈ​ផ្លូវអាកាស ។ លោក​ថា​៖« នៅ​ពេល​ដែល​គម្រោង​ព្រ​លាន​យន្តហោះ​ធំ​របស់​យើង​រួចរាល់ យើង​សង្ឃឹមថា នឹង​អាច​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាន់តែ​ធំ​ឡើង និង​រីកសាយ​ទៅ​កាន់​ទ្វីប​ជា​ច្រើន​ទៀត​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ