ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរក្រសួង​ប្រកាស​ចាត់វិធានការ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​រឿង ឧស្សាហ៍​លុប​ចោល និង​ពន្យារពេល​ហោះហើរ បង្ក​ការ​រិះគន់​ពី​អ្នកដំណើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រប​សម្រួលការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូ​ទាំង​ប្រទេស នៅ​ពេល​ខាង​មុខ គណៈកម្មការ​អន្តរក្រសួង​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​ពាក់ព័ន្ធ​នឹង​បញ្ហា​ឧស្សាហ៍​លុប​ចោល និង​ពន្យារពេល​ហោះហើរ​ជា​រឿយ​ៗ ដែល​បង្ក​ការ​រិះគន់​យ៉ាង​ខ្លាំង​សម្បើម​ពី​សំណាក់​ភ្ញៀវ​ទេសចរ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រប​សម្រួលការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូ​ទាំង​ប្រទេស នៅ​ពេល​ខាង​មុខ គណៈកម្មការ​អន្តរក្រសួង​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​ពាក់ព័ន្ធ​នឹង​បញ្ហា​ឧស្សាហ៍​លុប​ចោល និង​ពន្យារពេល​ហោះហើរ​ជា​រឿយ​ៗ ដែល​បង្ក​ការ​រិះគន់​យ៉ាង​ខ្លាំង​សម្បើម​ពី​សំណាក់​ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​។ ខណៈ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ គឺជា​កម្លាំង​ច​លករ​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ជម្រុញ​សកម្មភាព និង​កំណើន​អាកាសយានដ្ឋាន នៅ​កម្ពុជា ។

ជាក់ស្តែង​គ្រាន់តែ​អាកាសយានដ្ឋាន​អន្តរជាតិ​សីហ​នុ​បាន​បន្ត​កើនឡើង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាក់ស្តែង​នៅ​ក្នុង​ខែមីនា អាកាសយានដ្ឋាន​នេះ​បាន​ស្វាគមន៍​មនុស្ស​ជិត ១២៧.០០០ នាក់​ដែល​បាន​កើន ឡើង ១៨៦% ពី​អ្នកដំណើរ ៤៤.៣៥១ នាក់ នៅ​ក្នុង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ទាក់ទង​នឹង​បញ្ហា​កង្វល់​ខាង​នេះ គឺ​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​១ អាណត្តិ​ទី​៦ របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្រប​សម្រួលការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូ​ទាំង​ប្រទេស នា​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បានឱ្យ​ដឹង​ថា «​កន្លង​មក ធ្លាប់​មាន​ភ្ញៀវ ទេសចរ និង​អ្នកដំណើរ​បាន​លើក​ឡើង​ពី​ការ​រិះគន់​ដោយ​ផ្ទាល់ និង​ប្រយោល​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅ​កម្ពុជា​ដែល​តែងតែ​ឧស្សាហ៍​លុប​ចោល​ជើងហោះហើរ ឬ​ក៏​ពន្យារពេល​ហោះហើរ ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ ហើយ​ពេល​ខ្លះ​គ្មាន​បញ្ហា​អាកាសធាតុ​អ្វី​សោះ ក៏​មានការ​លុប​ចោល ឬ​ពន្យារពេល​ហោះហើរ​ដែរ​» ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ថែម​ថា «​បញ្ហា​នេះ​ធ្វើ​ឱ្យ​ភ្ញៀវ​មានការ​ខកចិត្ត មិន​សប្បាយ ចិត្ត​ទាល់តែ​សោះ ហើយ​ករណី​នេះ មន្ត្រី​ថ្នាក់ ដឹកនាំ​ភាគច្រើន ក៏​ដូច​ភ្ញៀវ​ទេសចរ ក៏​តែង​បាន​ជួប​បញ្ហា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ជា​ញឹកញាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពេល​ខ្លះ ខកដំណើរ​ទៅ​ចូលរួម​ប្រជុំ ខកដំណើរ​ក្នុង​កា​រត​ភ្ជាប់​ជើងហោះហើរ ខាតបង់​ពេលវេលា ហើយ​ពេល​ខ្លះ​ខូច​ដល់​គម្រោង​ផែនការ​ធំ​ៗ​ផង​ក៏​មាន​» ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា នា​ពេល​ខាង​មុខ គណៈកម្មការ​អន្តរក្រសួង​នឹង​កោះ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ ក៏​ដូច​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ព្រ​លាន​យន្តហោះ ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ពិភាក្សា ឬ​ក៏​ចាត់វិធានការ​ណាមួយ​ចំពោះ​បញ្ហា​ច្រំ​ដែល​ៗ​ដែល​កើត​មាន​យូរហើយ​ផង​ដែរ ។យោង​តាម​ព័ត៌មាន​លើ​គេហទំព័រ​របស់​អាកាសយានដ្ឋាន​កម្ពុជា (Cambodia Aiports) បាន​ឲ្យ​ដឹង​ថា​កាលពី ខែមីនា​កន្លង​ទៅ​នេះ អាកាសយានដ្ឋាន​កម្ពុជា​មាន​អ្នកដំណើរ​ជាង ១ លាន​នាក់ កើនឡើង​ប្រមាណ​ជាង ១២% ធៀប​នឹង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ សម្រាប់​ត្រីមាស​ទី​១ កន្លង​ទៅ​នេះ មាន​អ្នកដំណើរ​ប្រមាណ​ជាង 3 លាន​នាក់​បាន​ឆ្លងកាត់​ព្រ​លាន​យន្តហោះ​នៅ​កម្ពុជា កើនឡើង ១០% ក្នុង​រយៈពេល ៣ ខែ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​សរុប ៥៤៣.៦០១ នាក់​ក្នុង​ខែមីនា មាន​កំណើន ១៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​និង​បាន​រួមចំណែក​ដល់​កំណើន​ប្រចាំឆ្នាំ ១៦% នៅ​ព្រ​លាន​យន្តហោះ​រាជធានី​ភ្នំពេញ ប្រៀបធៀប​នឹង​ឆ្នាំ ២០១៨ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​ខេត្តសៀមរាប​វិញ គឺ​មាន​អ្នកដំណើរ​តិច​ជាង​មុន​បន្តិច បើ​គិត​ជា​ចំនួន​មធ្យមភាគ តែ​ក៏​បាន​ស្វាគមន៍​អ្នកដំណើរ​តាម​ជើងហោះហើរ​ប្រសើរ​ដូច​គ្នា​កាលពី​ខែមីនា​ឆ្នាំ​នេះ ។ ក្នុងអំឡុងពេល​នៃ​ត្រីមាស​នេះ ខេត្តសៀមរាប​មាន​អ្នកដំណើរ​តិច​ជាង ១០៧.០០០ នាក់​តិច​ជាង​កាលពី​ឆ្នាំ​មុន​បន្តិចបន្តួច ។ យ៉ាងណាមិញ អាកាសយានដ្ឋាន​អន្តរជាតិ​សីហ​នុ​បាន​បន្ត​កើនឡើង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាក់ស្តែង​នៅ​ក្នុង​ខែមីនា អាកាសយានដ្ឋាន​នេះ​បាន​ស្វាគមន៍​មនុស្ស​ជិត ១២៧.០០០ នាក់​ដែល​បាន​កើនឡើង ១៨៦% ពី​អ្នកដំណើរ ៤៤.៣៥១ នាក់ នៅ​ក្នុង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុងអំឡុងពេល​ត្រីមាស​ទី ១ នេះ​ទៀត​សោត ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ បាន​ទាក់ទាញ​អ្នកដំណើរ​អន្តរជាតិ​ជាង ៣២៦.០០០ នាក់ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​កំណើន ១៣៧% ពី​ឆ្នាំ ២០១៨ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក​ទៅ​កាន់​ទីក្រុង​បាន​ធ្លាក់​ចុះ​បន្តិច​ក្នុង​រយៈពេល​បី​ខែ​នេះ គឺ​ប្រហែល ៣% ។

ជា​រួម នេះ​គឺជា​និន្នាការ​ដែល​អាច​មើលឃើញ​ជា​ទូទៅ​នៅ​គ្រប់​ព្រ​លាន​យន្តហោះ​ទាំងអស់​ក្នុង​កំឡុង​ខែមីនា​និង​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ខណៈ​ពេល​ដែល​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​បាន​បន្ត​កើនឡើង អ្នកដំណើរ​ក្នុងស្រុក​បាន​ថយ​ចុះ ០,០៤% ក្នុង​ខែមីនា​និង -១% ត្រីមាស​ដំបូង ដែល​បង្ហាញ​ថា​អ្នកដំណើរ​អន្តរជាតិ​គឺជា​កំលាំង​ជំរុញ​មួយ​សម្រាប់​កំណើន​អាកាសយានដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ