ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបាននាំគ្នាធ្វើកឋិនសាមគ្គី និងដង្ហែផ្កាប្រាក់បានថវិកាជិត ២ម៉ឺនដុល្លារអាមេរិក សម្រាប់កសាងសាលាឆាន់ និងសមិទ្ធិផលផ្សេងៗក្នុងវត្ត ដែលពិធីដង្ហែអង្គកឋិនទាននេះ បានប្រារព្ធធ្វើនៅវត្តកោះកេតអូរប្រាសាទ នាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ វិច្ឆិកា ២០១៣។
ព្រះតេជគុណ ណម យ៉ា ចៅអធិការវត្តកោះកេតអូរប្រាសាទ បានមានសង្ឃដិកាថា នៅវត្តកោះកេតអូរប្រាសាទឆ្នាំ២០១៣ នេះ គឺបងប្អូនប្រជាពលរដ្ឋមាន ៣ភូមិ ដូចជា ភូមិអូរប្រាសាទ ភូមិគោកអំពិល ភូមិពោធិ៍រៀង ដែលស្ថិតក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានផ្តួចផ្តើមគ្នាធ្វើកឋិនសាមគ្គីចំនួន ១៨ត្រៃយ៍ និងផ្កាប្រាក់ ចំនួន ៥០ដើម ដង្ហែចូលវត្តកោះកេតអូរប្រាសាទ មានប្រាក់រៀលចំនួន ១៨លានរៀល និងប្រាក់បាតចំនួន ១៨ម៉ឺនបាត រួមទាំងប្រាក់ដុល្លារចំនួន ៧០០ដុល្លារ និងគ្រឿងបរិក្ខាជាច្រើនទៀត ដែលបច្ឆ័យទាំងនេះ គឺដើម្បីយកទៅកសាងសាលាឆាន់ និងសមទ្ធិផលនានា ក្នុងវត្ត។
ព្រះតេជគុណបានមានសង្ឃដិកាកោតសរសើរបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលរួមគ្នាធ្វើកឋិនសាមគ្គី និងផ្កាប្រាក់ ដោយស្រុះស្រួលគ្នារួមដង្ហែរថយន្ត និងត្រាក់ទ័រ គោយន្តជិត ១០០គ្រឿង ដង្ហែពីវត្តកោះកេតអូរប្រាសាទ ទៅដល់វត្តភ្នំតូច ដែលមានផ្ទៃដីទៅមកជិត ៤០គីឡូម៉ែត្រ ហើយត្រលប់មកវិញត្រូវបានដង្ហែប្រទាក់សិន្ធជុំវិញព្រះវិហារ ហើយបានប្រារព្ធធ្វើឡើងតាមប្រពៃណី និងទំនៀមទម្លាប់ព្រះពុទ្ធសាសនា៕
ចែករំលែកព័តមាននេះ