ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ព្យាយាម​ទើប​មានទ្រព្យ

4 ឆ្នាំ មុន

កុំ​ដេកចាំ​ព្រេងសំណាង តាម​ធម្មតា​ទ្រព្យសម្បត្តិ​មិន​ដែល​រត់​ចូល​មក​ក្នុង​ដៃ​អ្នក​ខ្ជិលច្រអូស​នោះ​ឡើយ លុះណាតែ​បុគ្គល​មាន​ព្យាយាម គឺ​ការ​ក្រោក​ធ្វើការ ខំប្រឹង​ប្រែង ខ្មីឃ្មាត សង្វាត​ក្រោក​ឡើង​ធ្វើការ​ផ្សេង​ៗ អត់ទ្រាំ​នឹង​ឧបសគ្គ​គ្រប់យ៉ាង​មាន ត្រជាក់ ក្ដៅ…

កុំ​ដេកចាំ​ព្រេងសំណាង តាម​ធម្មតា​ទ្រព្យសម្បត្តិ​មិន​ដែល​រត់​ចូល​មក​ក្នុង​ដៃ​អ្នក​ខ្ជិលច្រអូស​នោះ​ឡើយ លុះណាតែ​បុគ្គល​មាន​ព្យាយាម គឺ​ការ​ក្រោក​ធ្វើការ ខំប្រឹង​ប្រែង ខ្មីឃ្មាត សង្វាត​ក្រោក​ឡើង​ធ្វើការ​ផ្សេង​ៗ អត់ទ្រាំ​នឹង​ឧបសគ្គ​គ្រប់យ៉ាង​មាន ត្រជាក់ ក្ដៅ និង​ហានិភ័យ​ផ្សេង​ៗ​ជាដើម​គឺ មិន​ខ្ជិលច្រអូស មិន​អាង​ហេតុ​ដទៃ​ៗ មាន​ហេតុ​ថា ល្ងាច​ពេក ព្រឹក​ណាស់ អស់កម្លាំង​ពេក ហើយ​មិន​ប្រកបការងារ​ជាដើម​នោះ​ឡើយ ដូច​ភាសិត​ថា បើ​ចង់​ចេះ ឲ្យ​សម្លាប់​អាចារ្យ អាចារ្យ​ក្នុង​ទី​នេះ​គឺ​អាចារៈ សំដៅយក​មារយាទ​អន់ មារយាទ​ខ្ជិលច្រអូស​គឺ​កោស​ជ្ជៈ ។

ភាព​ខ្ជិលច្រអូស​នេះ បើ​មាននៅ​ក្នុង​សន្ដាន​អ្នក​ណា​ហើយ រមែង​ដឹកនាំ​អ្នក​នោះ​ឲ្យ​ដើរ​ខុសផ្លូវ ដឹកនាំ​ឲ្យ​ក្រ ឲ្យ​ល្ងង់ខ្លៅ ឲ្យ​ថោកទាប ឲ្យ​វិនាស​អន្តរាយ​គ្រប់យ៉ាង​ពេញ​មួយ​ជីវិត បានជា​ភាសិត​បង្គាប់​ថា ឲ្យ​សម្លាប់​មារយាទ​ថោកទាប​នេះ គឺ​ឲ្យ​បោះបង់​ចោល បើ​មិន​ដូច្នោះ​ទេ រមែង​ទទួល​នូវ​វិបត្តិ​គ្រប់យ៉ាង​សម្រាប់​ជីវិត​ហើយ ។

ការ​ខ្ជិលច្រអូស​នេះ គេ​មិន​ត្រូវ​បណ្ដោយ​ទុក​ឲ្យ​នៅ​ក្នុង​សន្ដាន​ឡើយ ត្រូវ​តែ​លះបង់​ចោល​ឲ្យ​ស្រឡះ​ពី​សន្តាន ព្រោះ​វា​នាំ​ឲ្យ​ថោកទាប នាំ​ឲ្យ​ក្រីក្រ នាំ​ឲ្យ​សៅហ្មង​គ្រប់យ៉ាង ។ កាលបើ​លះបង់​កោស​ជ្ជៈ​ចេញ​ហើយ ត្រូវ​ប្រឹងប្រែង​បំពេញ​កិច្ចការ​គ្រប់យ៉ាង ត្រូវ​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ត្រូវ​ពិចារណា​ឲ្យ​ស្គាល់​ហេតុផល​គ្រប់យ៉ាង ប្រកបដោយ​បញ្ញា និង​ការ​ចងមិត្ត​ផង​ដែរ ។

កាលបើ​បាន​កាន់​ប្រព្រឹត្ត​ដូច​ការ​រៀបរាប់​មក​ខាងលើ​នេះ​ហើយ សង្ឃឹមថា ទ្រព្យសម្បត្តិ​គ្រប់យ៉ាង រមែង​កើតឡើង​ដល់​ខ្លួន​ជា​អ្នក​ប្រកប​នោះ​ជាក់​ជា​មិន​ខាន ។