ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​ជើងហោះហើរ​ជាក់លាក់​នាំ​ឲ្យ​ទេសចរ​អន្តរជាតិ​មក​កាន់ កម្ពុជា​តាម​នាវា​ទេសចរណ៍​ខកខាន​ទៅ​ទស្សនា​អង្គរវត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាវា​ទេសចរណ៍​ធំ​ៗ​ដែល​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សី​ហនុមាន​ការ​កើនឡើង​ដល់ ៥៧.៨៩% ក្នុង​រយៈពេល ៤​ខែ​ដំបូង​នា​ឆ្នាំ​២០១៩ នេះ ជា​ពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​តំបន់​ផ្សេង​ទៀត​កំពុង​ជួប​ឧបសគ្គ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ ដែល​នាំ​កម្ពុជា​ត្រូវ​បាន​បង់​នូវ​ចំណូល​មួយ​ផ្នែក​ធំ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ នាវា​ទេសចរណ៍​ធំ​ៗ​ដែល​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សី​ហនុមាន​ការ​កើនឡើង​ដល់ ៥៧.៨៩% ក្នុង​រយៈពេល ៤​ខែ​ដំបូង​នា​ឆ្នាំ​២០១៩ នេះ ជា​ពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​តំបន់​ផ្សេង​ទៀត​កំពុង​ជួប​ឧបសគ្គ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ ដែល​នាំ​កម្ពុជា​ត្រូវ​បាន​បង់​នូវ​ចំណូល​មួយ​ផ្នែក​ធំ​ផង​ដែរ ។

ជាក់ស្តែង​មានការ​រាយការណ៍​ផ្លូវការ​មក​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ដល់​កម្ពុជា តាម​រយៈ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​ធំ​ៗ ដែល​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ កន្លង​មក​នោះ ក៏​ចង់​នាំ​គ្នា​ទៅ​ទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល​ខ្លី​ណាមួយ​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដែល​អាច​វិល​មក​វិញ​ទាន់​ការ​ចាកចេញ​របស់​នាវា​។ នេះ​ជា​ការ​លើក​ឡើង​ដោយ​លោក ហោ សា​រុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​១ អាណត្តិ​ទី​៦ របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សម្រប​សម្រួលការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូ​ទាំង​ប្រទេស នា​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។

លោក ហោ សា​រុន បានឱ្យ​ដឹង​ថា «​ភ្ញៀវ​ទេសចរ​ភាគច្រើន ពួក​គាត់​មាន​បំណង​ចង់ទៅ​ទស្សនា​តាម​កោះ​នានា និង​ចង់​ជិះ​យន្តហោះ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត ដោយ​វិល​លងាច​ឱ្យទាន់​ជើង​នាវា​ចេញ​ទៅ​វិញ ប៉ុន្តែ​ការ​លំបាក​លើ​ទូក​ទេសចរណ៍​មិន​មាន​ម៉ោង​កំណត់​ជាក់លាក់ ហើយ​ជើងហោះហើរ​មិន​ទៀងទាត់​ទៀត​»​។ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដដែល​បាន​បន្ថែម​ទៀត​ថា «​ចំណុច​នេះ គឺ​បាន​បញ្ជាក់​ពី​ការ​ខាតបង់​កំណើន​ភ្ញៀវ​ទេសចរ ដែល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយសារ​បញ្ហា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​នេះ ក៏​ដូច​ជា​ភាព​មិន​ទៀងទាត់​នៃ​ការ​ចេញ​ចាក​របស់​នាវា​ទេសចរណ៍​អន្តរជាតិ​ទាំងនោះ​» ។

លោក លូ គឹ​ម​ឈុ​ន អគ្គនាយក​នៃ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​បញ្ជាក់ ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧ កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ បាន​កត់​ត្រាទុក​នូវ​ចំនួន​នាវា​ទេសចរណ៍​បាន ៣០​គ្រឿង ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ២៥,៥៣៨​នាក់ ខណៈ​នៅ​ឆ្នាំ​២០១៨ កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ បាន​កត់​ត្រាទុក​នូវ​ចំនួន​នាវា​ទេសចរណ៍​បាន ៣៧​គ្រឿង កើនឡើង ២៣.៣៣% ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤០,៥៩៨​នាក់ កើនឡើង ៥៨.៩៧%​។

សម្រាប់​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៩​នេះ កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ បាន​កត់​ត្រាទុក​ចំនួន​នាវា​ទេសចរណ៍​បាន ៣០​គ្រឿង កើនឡើង ៥៧.៨៩% ដោយ​ផ្ទុក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ២៩,១១១​នាក់ កើនឡើង ៧៨.២៥%​។ សរុប​ទាំងអស់​មាន​ចំនួន ៩៧​គ្រឿង ផ្ទុក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ៩៥,២៤៧​នាក់ ដែល​នេះ​ជា​កំណើន​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​។អគ្គនាយក​នៃ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ទៀត​ថា ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​ទាំងនោះ មាន​រយៈពេល​ជា​មធ្យម​ប្រមាណ​ត្រឹមតែ ១៥​ម៉ោង ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា ចាំបាច់​ត្រូវ​ដោះស្រាយ​ជា​កញ្ចប់ ហើយ​ត​ម្រូ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​ចូលរួម​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​បាន​ដាក់​អនុសាសន៍​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​រៀបចំ​កិច្ចប្រជុំ​ពិសេស​បន្ទាន់​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ទាំងនេះ ពីព្រោះ​នេះ​មិនមែន​គ្រាន់តែ​ជា​ឱកាស ដែល​កម្ពុជា​អាច​ចាប់​យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ក្រុម​ធំ​ៗ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ឱកាស​នៃ​ការ​ត្រៀម​រៀបចំ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ឆ្នាំ​២០២២ ផង​ដែរ​។

អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ពង្រីក​ព្រ​លាន​យន្តហោះ និង​កំពង់​ផែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ ក៏​ដោយសារ​រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ និង​បាន​មើលឃើញ​ពី​និន្នាការ​ភ្ញៀវ​ទេសចរ​តាម​នាវា​ទេសចរណ៍ ដែល​សុទ្ធតែ​ភ្ញៀវ​ទេសចរ​ធំ​ៗ​កម្រិត​ខ្ពស់ ហើយ​មាន​មួយ​ភាគ​ធំ​ចង់​ភ្ជាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន​អង្គរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ