រាជធានីភ្នំពេញ ៖ កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតពីខ្សោយទៅបង្គួរតែអាចកន្លែងខ្លះមានភ្លៀងច្រើន ហើយសីតុណ្ហភាពអតិបរិមាជាមធ្យមមានពី៣៤-៣៧អង្សាសេ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ។ នេះបើតាមតាមការព្យាកររបស់ក្រសួងធនធានទឹក ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩នេះបានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើការវិវត្តអាកាសធាតុជាប្រចាំបង្ហាញឲ្យឃើញថា កម្ពុជា នៅតែស្ថិតក្នុងតំណាក់កាលអន្តរកាលឆ្លងពីរដូវប្រាំងចូលរដូវវស្សា ។ ជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ទន្ទឹម និងចលនាខ្យល់បានប្ដូរទិសមករកភាពវិជ្ជមាន ។ ផ្អែកលើស្ថានភាពបែបនេះ និងធ្វើឲ្យ«មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតពីខ្សោយទៅបង្គួរ តែអាចកន្លែងខ្លះមានភ្លៀងច្រើន ។ ឯភាពរាយប៉ាយមិនទាន់បានល្អប្រសើរនៅឡើយ ទន្ទឹម និងនោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តជាការគំរាមកំហែងដដែល» ។
ប្រភពបន្តថា មកដល់ពេលនេះកាន់តែបង្ហាញឲ្យឃើញថា រដូវវស្សា និងឈានចូលមកដល់នៅដើមសប្ដាហ៍ទី៣ នៃខែឧសភាខាងមុខនេះ ។ អាស្រ័យដូចនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ៕
ចែករំលែកព័តមាននេះ